Edinson Cavani និង Thiago Silva នឹងចាកចេញពី Paris St-Germain នៅបញ្ចប់រដូវកាល ២០១៩-២០ ។ ពោល គឺក្រោយយុទ្ធនាការក្របខណ្ឌ Champions League នៅខែសីហាខាងមុខនេះ។
Cavani ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ វ័យ៣៣ឆ្នាំជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រារបស់ PSG ចំនួន ២០០គ្រាប់ និងខ្សែការពារប្រេស៊ីល Silva អាយុ ៣៥ ឆ្នាំដែលជាប្រធានក្រុមនោះ ត្រូវបាននាយកកីឡាលោក Leonardo អះអាងពីការចែកផ្លូវជាមួយក្លិបយក្សបារាំងមួយនេះ។
នាយកកីឡា PSG សញ្ជាតិប្រេស៊ីលប្រាប់កាសែត Le Journal du Dimanche ថា៖ «នេះជាការសម្រេចចិត្តដ៏លំបាកមួយ។ ពួកគេសុទ្ធតែជាកីឡាករដែលបានបង្កើតប្រវត្តិសាស្ត្រឲ្យក្លិប។ គ្រប់យ៉ាងគឺល្អណាស់ ប៉ុន្តែអ្វីៗគង់នឹងមកដល់ទីបញ្ចប់»។
ក្របខណ្ឌ Ligue 1 រដូវកាលនេះត្រូវបានរំសាយចោល ប៉ុន្តែក្របខណ្ឌកំពូលអឺរ៉ុបគ្រោងនឹងត្រូវឡប់ចូលការប្រកួតវិញ ហើយប្រហែលជាត្រូវបញ្ចប់នៅខែសីហា។ កិច្ចសន្យារបស់កីឡាករទាំងពីរនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ដូច្នេះនៅមិនទាន់ដឹងច្បាស់ថាពួកគេអាចបន្តជួយក្រុមចប់ចុងចប់ដើមឬក៏អត់នោះទេ។
PSG ដែលបានឆ្លងចូលទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ក្រោយទម្លាក់ Borussia Dortmund បានចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី២២ ខែមិថុនា ក្រោយពីបាល់ទាត់ត្រូវបានផ្អាកដោយសារជំងឺ COVID-19 តាំងពីពាក់កណ្តាលខែមីនា។
ដំបូងឡើយ Cavani ធ្លាប់បានស្នើចាកចេញពីក្រុមម្ចាស់ជើងឯកបារាំងមួយនេះម្តងរួចមកហើយកាលពីខែមករា ចំពេលមានការចាប់អារម្មណ៍ពីសំណាក់ក្រុម Atletico Madrid។ ក្រៅពីក្រុមនៅអេស្ប៉ាញ ក្លិបធំៗនៅអង់គ្លេសដូចជា Manchester United និង Chelsea ក៏ចង់បានរូបគេទៅរួមក្រុមផងដែរកាលនោះ។
ការចែកផ្លូវរបស់ Cavani កើតឡើងក្រោយ PSG បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ Mauro Icardi ពី Inter Milan ដាច់តែម្តងក្នុងតម្លៃ ៦០ លានអឺរ៉ូ (៦៨ លានដុល្លារអាមេរិក) ក្រោយខ្ចីជើងមួយរយៈ។
ដោយឡែក Silva វិញ ក្រោយកិច្ចសន្យារបស់គេត្រូវបញ្ចប់នៅចុងខែនេះ មានក្លិបនៅអង់គ្លេស Everton កំពុងចរចាយកអតីតខ្សែការពារជម្រើសជាតិប្រេស៊ីលរូបនេះទៅរួមក្រុម។ Silva ធ្លាប់ជាកូនក្រុមរបស់លោក Carlo Ancelotti អ្នកចាត់ការ Everton សព្វថ្ងៃ កាលនៅក្រុម AC Milan៕