សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី​ប៉េកាំង​៖ ច្បាប់​សន្តិសុខ​ជាតិ នឹង​អនុញ្ញាត​ឲ្យ​ចិន​លូកដៃ​ចូល​កិច្ចការ​ហុងកុង​លើ​ករណី​សន្តិសុខ​ជាតិ​ខ្លះ​
15, Jun 2020 , 11:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មន្ត្រីជាន់ខ្ពស់​ចិន នៅ​ថ្ងៃទី​១៥ ខែមិថុនា បាន​បញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង នឹង​ផ្តល់​យុត្តាធិការ​ដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដើម្បី​អន្តរាគមន៍​ចូលទៅក្នុង​ទីក្រុង​ហុងកុង​ក្នុង​សំណុំរឿង​មួយចំនួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុងអំឡុងពេល​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន កំពុង​តាក់តែង​សេចក្តីស្នើច្បាប់​ស​ន្តិ​សុខ​ជាតិ​ហុងកុង​។

 
​សភា​ប្រជាជន​ចិន បានអនុម័ត​ផែនការ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង តាំងពី​ខែឧសភា​កន្លងមក​ម្លេះ​។ ពេលនេះ គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន កំពុង​ទទួលបន្ទុក​តា​ក់​តែង សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ច្បាប់​នេះ នឹង​ត្រូវគេ​អនុម័ត​ដោយ​មិន​ឆ្លងកាត់​សភា​ហុងកុង​ឡើយ​។ ប្រសិនបើ​ច្បាប់​នេះ ចូល​ជា​ធរមាន​មែន វា​នឹង​ហាមឃាត់ អំពើ​ក្បត់ជាតិ ការធ្វើ​អបគមន៍ ការបះបោរ និង​វិទ្ធង្សនា​ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន​ជាដើម​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Deng Zhonghua អនុប្រធាន​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង បាន​លើកឡើងថា ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺ​ជាំ​សម្រាប់​អាជ្ញាធរ និង​ប៉ូលិស​ហុងកុង​។ ជាមួយគ្នានេះ លោក Deng បាន​បន្តថា យ៉ាងណាក៏ដោយ អាជ្ញាធរ​ហុងកុង មិនមែន​ទទួលបន្ទុក​តែម្នាក់ឯង​ទេ ដោយ​រដ្ឋាភិបាលកណ្តាល ក៏មាន​ដែន​យុត្តាធិការ​ក្នុងការ​អន្តរាគមន៍​លើ​ករណី​កម្រ​មួយចំនួន​ដែល​គំរាម​សន្តិសុខ​ជាតិចិន​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ទន្ទឹមនឹងនេះ លោក​អនុប្រធាន​ការិយាល័យ​កិច្ចការ​ទីក្រុង​ម៉ា​កាវ និង​ហុងកុង ក៏បាន​លើកឡើង​ទៀតថា  អន្តរាគមន៍​របស់​ចិន អាច​កើត​មានបាន​ទាល់តែ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចូល​ជា​ធរមាន​សិន​។ ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ចិន​រូបនេះ ធ្វើឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ដែល​ត្រូវអនុម័ត​ច្បាប់​នេះ​។ 
 
​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​នេះ ត្រូវគេ​រំពឹងថា​នឹង​អនុម័ត​ឆាប់ៗ​ខាងមុខនេះ ខណៈ​ក្រុម​រិះគន់​បារម្ភ​ថា នឹង​បង្កើន​ឥទ្ធិពល​របស់​ចិន​លើ​ទីក្រុង​ហុងកុង ស្របពេល​ដែនដី​ស្វយ័ត​មួយ​នេះ​កំពុងតែ​ប្រឈមមុខ​បាតុកម្ម​សារជាថ្មី​។ 
 
​សូមបញ្ជាក់ថា ទីក្រុង​ប៉េកាំង តែងតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ឡើយ ហើយ​ថែមទាំង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​ថែមទៀត​។ ផ្ទុយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ប្រជាជន​ហុងកុង​មួយ​ភាគ​ធំ ជឿថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ការពង្រឹង​អំណាច​របស់​ចិន​បន្ថែមទៀត ក៏ដូចជា​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​នៅក្នុង​ទីក្រុង​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com