COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យអភិបាលខេត្ត បន្តធ្វើវេទិកាដោះស្រាយបញ្ហាពលរដ្ឋ តែហាមជួបជុំលើស៥០នាក់ រូបភាពពី សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានីខេត្តទាំងអស់ បន្តការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមមូលដ្ឋាន ដើម្បីជួយដោះស្រាយបញ្ហាជូនពលរដ្ឋ។ ប៉ុន្តែការធ្វើវេទិកាដោះស្រាយបញ្ហាពលរដ្ឋនេះ មិនត្រូវឱ្យមានការជួបជុំលើសពី៥០នាក់ឡើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សម្ដេច ស ខេង ណែនាំឱ្យអាជ្ញាធរខេត្ត រៀបចំកិច្ចប្រជុំដោះស្រាយជាលក្ខណៈទ្រង់ទ្រាយតូច ដោយកំណត់តំណាងអ្នកចូលរួម មិនលើស៥០នាក់។ ជាពិសេសកន្លែងប្រជុំនោះ ត្រូវអនុវត្តតាមវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួង ដូចជាការត្រួតពិនិត្យកំដៅ ប្រើទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ពាក់ម៉ាសឬក្រម៉ា និងរក្សាគម្លាតពីគ្នានៅទីតាំងអង្គុយជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖« រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញសមាសភាពតំណាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកានេះ»។
សម្ដេច ស ខេង ជាអ្នកផ្ដល់គំនិតផ្ដួចផ្ដើម និងគាំទ្រ ដល់ការរៀបចំវេទិកាសាធារណៈ ក្នុងការដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាន។ ប៉ុន្តែវេទិកានេះ បានផ្អាកដំណើរការម្ដងហើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតនៅកម្ពុជា។
មិនត្រឹមតែប៉ះពាល់ដល់ការធ្វើប្រជាមតិដោះស្រាយបញ្ហាពលរដ្ឋទេ ជំងឺកូវីដ-១៩នេះ ក៏ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិធ្លាក់ចុះផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
កាលពីថ្ងៃទី១២ ខែមិថុនា អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បានរៀបចំវេទិកាសាធារណៈដោះស្រាយបញ្ហាពលរដ្ឋ ដោយភាគច្រើនជារឿងវិវាទដីធ្លីនៅហ្នឹងកន្លែងផងដែរ៕
Tag:
ក្រសួងមហាផ្ទៃ
អភិបាលខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com