COVID-19
ជាតិ
ជនបរទេស​ចូលមក​កម្ពុជា ត្រូវ​តម្កល់​លុយ​៣​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក​
16, Jun 2020 , 10:51 am        
រូបភាព
​ភ្នំពេញ​៖ ជនបរទេស​ដែលមាន​បំណង​ចូលមក​កម្ពុជា ត្រូវ​តម្កល់​ថវិកា​៣​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក​។ ក្រសួងសុខាភិបាល បានចាប់ផ្ដើម​អនុវត្ត​វិធានការ​តម្កល់​ថវិកា​នេះ កាលពី​ថ្ងៃទី​១៥ មិថុនា​។


​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួង​បានរៀបចំ​ដាក់​ប្រព័ន្ធ​ធនាគារឯកជន​នៅ​ព្រលានយន្តហោះ ដើម្បីឱ្យ​ជនបរទេស តម្កល់​លុយ​ទុក​ចំនួន​៣​ពាន់​ដុល្លារ សម្រាប់​ចំណាយ​លើ​ថ្លៃ​សេវា​សុខភាព​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ដូច្នេះ​ថា​៖«(​ទឹកប្រាក់​៣​ពាន់​ដុល្លារ​) អាហ្នឹង​គេ​គិត​ទាំងអស់ ពាក់ព័ន្ធ​ទៅនឹង​ការត្រួតពិនិត្យ​សុខភាព ហើយនឹង​ធ្វើតេស្ត និង​ច​ត្តា​ឡី​ស័ក ហើយ​ទាំង​ការ​ស្នាក់នៅ និង​ហូបចុក​»​។​
 
​ការគិត​សេវា​សម្រាប់​ជនបរទេស​នេះ គឺ​រា​ប់ប​ញ្ជូ​ល​ទាំង​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​អាហារ ថ្លៃ​ស្នាក់​នៅក្នុង​សណ្ឋាគារ ឬ​មណ្ឌល​សំចត ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ រួមទាំង​ការពិនិត្យ​ព្យាបាល​កូ​វីដ​-១៩(​ករណី​វិជ្ជមាន​) និង​សេវា​ព្យ​បាល​ជំងឺ​ប្រចាំកាយ​ផ្សេងទៀត​, សេវា​គ្រូពេទ្យ​, ថ្លៃ​បោកគក់ និង​សេវា​សន្តិសុខ​ផងដែរ​។​នេះ​បើតាម​តារាង​តម្លៃ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៨ មិថុនា​។​
 
​កាលពី​ថ្ងៃទី​១៥ មិថុនា រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​បើក​កិច្ចប្រជុំ​ស្តីពី​វិធានការ​ការពារ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការចូលរួម​ពី​ឯកអគ្គ​រាជ​/​រដ្ឋទូត​ចំនួន​១០​ប្រទេស និង​តំណាង​ស្ថាន​បេសកកម្ម​ការទូត ២១​ប្រទេស រួមទាំង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ជាដើម​។​
 
​ថ្លែង​ចំពោះមុខ​អង្គទូត​បរទេស​ទាំងអស់​នោះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ជាថ្មី​ថា ជនបរទេស​ណា មានបំណង​ធ្វើដំណើរ​ចូលមក​កម្ពុជា​នោះ ពួកគេ​ត្រូវ​ស្នើសុំ​ទិដ្ឋាការ​ជាមុន នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​។ មិនតែប៉ុណ្ណោះ ជនបរទេស​គ្រប់រូប​ត្រូវ​ផ្តល់នូវ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្នែក​សុខភាព​នៃ​ប្រទេស​របស់​សាមីខ្លួន ដែលមាន​សុពល​ភាពមិន​លើសពី ៧២​ម៉ោង មុនពេល​ធ្វើដំណើរ ដើម្បី​បញ្ជាក់ថា​ខ្លួន​ពុំមាន​វីរុស​កូ​រ៉ូ​ណា​(COVID-19)​ឡើយ​។ 
 
​បន្ថែម​ពីនេះ​លោក ម៉ម ប៊ុនហេង បាន​សង្កត់ធ្ងន់ថា ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងតិច ៥០,០០០ ដុល្លារ ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​។ ប៉ុន្តែ​តម្រូវការ​នេះ មិន​សម្រាប់​មន្ត្រី នៃ​ស្ថាន​តំណាង​បរទេស និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B របស់​កម្ពុជា​ឡើយ​។​
 
​បើតាម​រដ្ឋមន្ត្រី​សុខាភិបាល​ដដែល រាល់​អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ដែល​ធ្វើដំណើរ​ចូល​មកដល់​កម្ពុជា ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​។ «​ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ នោះ អ្នកដំណើរ​រួមជាមួយ​ផ្សេងទៀត​ទាំងអស់ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង​ដែល​កំណត់ដោយ​គណៈកម្មកា​រ អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម ប៊ុនហេង​។​
 
​ចំណែក​អ្នកដំណើរ​ទាំងអស់ ដែលមាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​អវិជ្ជមាន​វិញ ពួកគេ​ត្រូវ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល មុននឹង​ធ្វើតេស្ត​ម្ដងទៀត នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៦ មិថុនា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១២៨​នាក់ ក្នុងនោះ​ជាសះស្បើយ​១២៥​នាក់ ៕

Tag:
 COVID-19
  ឱ វណ្ណឌី​ន
© រក្សាសិទ្ធិដោយ thmeythmey.com