ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អា​ការៈដែល​អ្នក​គួរ​ព្យាយាម​ញ៊ាំ​សម្បូរ​ជាតិ​ស​សៃ​បន្ថែម​
28, Dec 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​រាងកាយ​នឹង​បញ្ចេញ​អាកា​រៈ​អ្វីខ្លះ​នៅពេល​ត្រូវការ​ជាតិ​ស​សៃ​បន្ថែម​។ កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អ្នក​ដល់ពេល​គួរ​រួមបញ្ចូល​ជាតិ​ស​សៃ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. អ្នក​ឈឺ​បត់ជើងធំ​តិចជាង ៣ ដង​ក្នុង​មួយ​សប្តាហ៍​
 
​ធ្លាប់​ដឹង​ទេ​ថា​អ្នក​កំពុង​ទល់លាមក​ហើយ​ប្រសិនបើ​ឈឺ​បត់ជើងធំ​បាន​តិចជាង ៣ ដង​ក្នុង​មួយ​សប្តាហ៍​? ជាធម្មតា​បញ្ហា​ទល់លាមក​ច្រើនតែ​កើតឡើង​ដោយសារ​កង្វះ​ជាតិ​ស​សៃ​ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​និង​ការរំលាយ​អាហារ​។ ដូច្នេះ​វា​ដល់​ពេលដែល​អ្នក​គួរ​ចាប់ផ្ដើម​បង្កើន​ការ​ញ៊ាំ​អាហារ​សម្បូរ​ជាតិ​ស​សៃ​និង​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ទល់លាមក​ហើយ​។​
 
២. ឡើង​ជាតិ​ហ្គាស​ច្រើន​ក្នុង​ពោះ​
 
​អាកា​រៈ​នេះ​ច្រើនតែ​អម​មកជា​មួយ​បញ្ហា​ទល់លាមក​។ ទោះជា​យ៉ាងណា​បញ្ហា​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ក៏បង្ក​បញ្ហា​ឡើង​ហ្គាស​ច្រើន​លើស​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អាកា​រៈហាក់​ដូចជា​មិន​ប្រសើរ​សោះ ឬ​អម​មកជា​មួយ​រោគសញ្ញា​មិន​ប្រក្រតី​ផ្សេងៗ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
៣. ឃ្លាន​សឹង​គ្រប់ពេល​
 
​ជាតិ​ស​សៃ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត​និង​បានយូរ​។ ដូច្នេះហើយ​ទើប​របប​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ស​សៃ​ទាប​អាច​បណ្ដាលឱ្យ​អ្នក​ឆាប់​ឃ្លាន​វិញ ឬ​ឃ្លាន​មិន​ឈប់​។​
 
៤. កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​មួយ​ក្នុងចំណោម​បញ្ហា​សុខភាព​គួរឱ្យ​បារម្ភ​ដែល​បណ្ដាលមកពី​កង្វះ​ជាតិ​ស​សៃ​ក្នុង​រាងកាយ គឺ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់​។ អ្នកឯកទេស​សុខភាព​បេះដូង​និយាយថា​ជាតិ​ស​សៃ​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​លើស​ចេញពី​ក្នុង​រាងកាយ​។ ប្រសិនបើ​របប​អាហារ​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​គ្រប់គ្រាន់​ទេនោះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ប្រាកដជា​អាច​នឹង​ឡើង​ខ្ពស់ ហើយ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​។ អ្វីដែល​កាន់តែ​គួរឱ្យ​បារម្ភ​ទៀត​នោះ គឺ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៥. ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​
 
​ជាតិ​ស​សៃ​រលាយ​អាចជួយ​ពន្យឺតការ​ស្រូប​យកជាតិ​ស្ករ​របស់​រាងកាយ ហើយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះហើយ​ទើប​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​ឡើង​ខ្ពស់ ប្រសិនបើ​របប​អាហារ​របស់​អ្នកមាន​ផ្ទុក​ជាតិ​ស​សៃ​ទាប​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចាប់ផ្ដើម​បង្កើន​ការទទួល​ទាន​ជាតិ​ស​សៃ​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com