ពីនេះ ពីនោះ
ពាក្យ «​សាក​សម​»​និង​«​សាក​សិទ្ធិ​» មិនត្រូវ​ឡើយ «​ស័ក្តិសម​»​និង​«​ស័ក្តិសិទ្ធិ​» វិញ​ទើបត្រូវ​!
17, Jun 2020 , 7:29 am        
រូបភាព
​អ្នក​ដែល​ធ្លាប់តែ​សរសេរ «​សាក​សម​»​និង​«​សាក​សិទ្ធិ​» ត្រូវ​បែរមក​សរសេរ​ជា​«​ស័ក្តិសម​»​និង​«​ស័ក្តិសិទ្ធិ​»​វិញ​ទើប ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
«​ស័ក្តិសម​» មានន័យថា​សម​ដោយ​អំណាច​។ ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ ដោយ​សំដៅលើ​ភាព​អ្វីមួយ​ដែល​សមសួន​។ ចំណែក​ពាក្យ «​ស័ក្តិ​សិទ្ធ​» ការសម្រេច​ដោយ​អំណាច​។ ជា​គុណសព្ទ មានន័យថា ដែលមាន​អំណាច ឬ​ដែល​អាច​សម្រេចប្រយោជន៍​បាន​,​ដែល​វិសេសវិសាល​,​ដែល​ពូកែ​ឆុតឆាប់​,​ដែល​ខ្លាំងពូកែ​។ អាច​ប្រើ​ជា​កិរិយាសព្ទ មានន័យថា​ធ្វើ​ឲ្យ​ឃើញជាក់ស្តែង ឲ្យ​ឃើញ​ប្រាកដ​។ 
 
​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រើពាក្យ​ពេចន៍​ខុស ពលរដ្ឋ​ត្រូវ​កត់ចំណាំ​ពាក្យ​«​សាក​» និង​ពាក្យ​«​ស័ក្តិ​»​គឺ មានន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។​
 
«​សាក​»​មានន័យថា​ចម្លង​យកបែប​ឲ្យ​ដូច​ភាព​ដើម​។ សាកមើល​ឲ្យ​ដឹង​សិន​។ «​សាក​»​ក្នុងន័យ​មួយទៀត គឺ​សំដៅលើ ការ​បង្គ​ប់​មែក ឬ​ដើមឈើ ដែល​ងាយ​ដុះ​ឫស​ឲ្យ​កប់​ទៅក្នុង​ដី លុះដល់​ឈើ​នោះ​ដុះ​ហើយ ក៏​កាត់​យកមក​ផ្សាំ ឬ​ដាំ​សម្រេច​តែម្តង​។ សាក​មែក​ល្មុត​។ «​សាក​»​ក៏​មានន័យ​ម្យ៉ាង​ទៀតថា រាង​,​រូបរាង​នៃ​មនុស្ស ឬ​សត្វ ដែល​បាន​ស្លាប់ទៅ​។ 
 
​ចំណែក​«​ស័ក្តិ​» អាច​សរសេរ​ម្យ៉ាង​ទៀតថា​«​សក្តិ​» ដែល​មានន័យថា អំណាច​, សេចក្ដី​អង់អាច​, សេចក្ដីក្លាហាន​; កម្លាំង​; ព្យាយាម​រឹងប៉ឹង​; ការ​ខ្លាំងពូកែ​; ការជំនាញ​; សេចក្ដី​ធន់​, ការ​ប៉ិន​ធន់​ទ្រាំ​; លំពែង : អ្នកមាន​ស័ក្ដិ​, ស័ក្ដិតូច​, ស័ក្ដិធំ​, ស័ក្ដិស្មើគ្នា​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com