កីឡាជាតិ
ជាតិ
លោក ស សុខា​៖ មន្ត្រី​ដែល​ទើប​ឡើងជា​ប្រធាន អនុប្រធាន​ការិយាល័យ ត្រូវ​ចេះ​យកគំនិត​របស់​ថ្នាក់ក្រោម​
17, Jun 2020 , 8:59 am        
រូបភាព
លោក ស សុខា (ស្តាំ)និងប្រធាន និងអនុប្រធាន ដែលទើបចូលកាន់តំណែង
លោក ស សុខា (ស្តាំ)និងប្រធាន និងអនុប្រធាន ដែលទើបចូលកាន់តំណែង
ដោយ:
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា ជំរុញ​ឲ្យ​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​ចំនួន​៣​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដែល​ទើប​តែងតាំង ត្រូវ​ប្រើប្រាស់​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ជាពិសេស ត្រូវ​ចេះ​យកគំនិត​របស់​អ្នក​នៅក្រោម​បង្គាប់ ដើម្បី​ធ្វើ​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍន៍​ការងារ​តាម​តួនាទី និង​វិស័យ​រៀងៗ​ខ្លួន​។​

 
​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​១៥ មិថុនា បានរៀបចំ​កម្មវិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​ចំនួន​៦​រូប​។ បើតាម​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា មន្ត្រី​ទាំង​៦​រូបនោះ​សុទ្ធសឹង​ជា​មន្ត្រី​ចាស់ ដែល​បម្រើ​ក្នុង​ការិយាល័យ​ទាំងនោះ ពោល​គឹ​គ្រាន់តែ​ដំឡើង​តួនាទី​តែប៉ុណ្ណោះ​។  
 
​លោក ឃួន ណា​រិ​ទ្ធ ត្រូវបាន​ឡើង​តួនាទី​ពី​អនុប្រធាន​ទៅជា​ប្រធានការិយាល័យ​រដ្ឋបាល​ជំនួស​ប្រធាន​ចាស់ ដែល​ចូលនិវត្តន៍ រីឯ​លោក សៀង ចន្ថា និង​លោក បូ រ៉ា​ឆាន់ ត្រូវបាន​ដំឡើង​តួនាទី​ពី​មន្ត្រី​ធម្មតា​ទៅជា​អនុប្រធាន​កា​រិ​យា​។ ចំណែក​លោក យាន គី​ស៊ីវ​ត្ថា និង​លោក សេង មនោ ត្រូវបាន​ដំឡើង​តួនាទី​ទៅជា​អនុប្រធាន​ការិយាល័យ​បណ្តុះបណ្តាល និង​គ្រប់គ្រង​ការិយាល័យ​ភូមិភាគ​។  ដោយឡែក លោក លន់ ច​ន្ធូ ត្រូវបាន​ដំឡើង​តួនាទី​ទៅជា​អនុប្រធាន​ការិយាល័យ​ព័ត៌មាន​។ 
 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​នោះ បាន​ជំរុញ​ឲ្យ​ប្រធាន​និង​អនុប្រធាន​កា​រិ​យា​ទាំងនោះ ប្រើប្រាស់​តួនាទី​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ។ បន្ថែម​លើ​នេះ លោក ដាស់តឿន​ឲ្យ​មន្ត្រី​ទាំងនោះ​ត្រូវ​ចេះ​យកគំនិត​ល្អៗ​របស់​ថ្នាក់ក្រោម ធ្វើជា​ធាតុ​ចូលក្នុង​ការអភិវឌ្ឍន៍​។​
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កីឡា​បាន​ស្រង់​ប្រសាសន៍​របស់លោក ស សុខា យ៉ាង​ដូច្នេះ​ថា​៖«​នាឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍​ផ្ដាំផ្ញើ សូម​គោរព​ឲ្យ​បាន​នូវ​ឆន្ទៈ​របស់ខ្លួន ទទួលខុសត្រូវ​ខ្ពស់ ត្រូវ​ចេះ​ទទួលយក​គំនិត​របស់​ថ្នាក់ក្រោម និង​សូម​យក​ឱកាស​តែង​តាំ​នេះ ធ្វើការ​អភិវឌ្ឍ​ខ្លួន​តទៅ​មុខ​ប្រកបដោយ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​»៕ 
 

Tag:
 ស សុខា​
  មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com