ជាតិ
សង្គមជាតិ
ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ត្រូវ​ប្រុងប្រយ័ត្ន​រន្ទះ និង​ខ្យល់​កន្ត្រាក់ លាយឡំ​នឹង​ភ្លៀង
17, Jun 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់​ឦសាន និង​តំបន់​មាត់សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ចាប់ពី​ថ្ងៃទី​១៧-២៣ ខែមិថុនា ។

 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា កម្ពុជា​នឹង​ទទួលរង​នូវ​ខ្យល់មូសុង​នីរ​តី​បក់​ក្នុង​កម្រិត​មធ្យម និង​ជ្រលង​សម្ពាធ​ទាប​អូសបន្លាយ ដែល​បណ្តាល​ឲ្យ​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់​ឦសាន និង​តំបន់​មាត់សមុទ្រ គ្រប់​ដណ្តប់​ដោយ​ទឹកភ្លៀង និង​បង្ក​ឲ្យ​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ 
 
​បើតាម​ក្រសួង​ធនធានទឹក  ខេត្ត​ដែល​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា និង​សីតុណ្ហភាព​អតិបរមា​ន​ពី​៣៤-៣៦​អង្សា​។ នៅ​ផ្នែក​ខ្លះ​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ 
 
​សម្រាប់​បណ្តា​ខេត្ត​ដែល​នៅ​តំបន់​ជួរ​ភ្នំ​ដួង​រែក និង​តំបន់​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២៣​ទៅ​២៥​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣​ទៅ​៣៥​អង្សា និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​បង្គួរ​។  
 
​ចំណែក​នៅ​បណ្តា​ខេត្ត​ដែល​នៅជាប់​តំបន់​ឆ្នេរសមុទ្រ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៥ ដល់​២៧​អង្សា និង​មាន​សីតុណ្ហភាព​អតិបរមា​ពី​៣៣​ដល់​៣៥​អង្សា និង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ​។ 
 
​ក្រសួង​ធនធានទឹក​អះអាងថា នៅតាម​តំបន់​ខាងលើនេះ​នឹងមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​។ អាស្រ័យហេតុនេះ ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ឲ្យ​មែនទែន​។ 
 
​គិត​ត្រឹម​រយៈពេល​៥​ខែ​ឆ្នាំ​២០២០ ចាប់ពី​ខែមករា ដល់​ខែឧសភា​កន្លងទៅនេះ កម្ពុ​ជាមាន​ករណី​ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន​១១៥​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ និង​អ្នករងរបួស​ចំនួន​៣៦​នាក់​។  ចំណែក​ករណី​រន្ទះបាញ់​កើតឡើង​ចំនួន​៣៣​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៥​នាក់ អ្នករងរបួស​ចំនួន​១១​នាក់ រួមទាំង​សត្វ​គោ និង​ក្របី​ចំនួន​២១​ក្បាល​ក៏ត្រូវ​ស្លាប់​ផងដែរ​៕ 
 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com