អន្តរជាតិ
កងទ័ព​ឥណ្ឌា​បីនាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ចិន ខណៈ​ប៉េកាំង​ថា ទ័ព​ឥណ្ឌា​ឆ្លង​ព្រំដែន​ពីរដង​
16, Jun 2020 , 9:39 pm        
រូបភាព
រូបភាព៖​ Bloomberg
រូបភាព៖​ Bloomberg
​ជម្លោះ​ប្រដាប់អាវុធ​រវាង​ចិន និង​ឥណ្ឌា នៅ​ព្រំដែន​ប្រទេស​ទាំងពីរ ក្នុង​ថ្ងៃទី​១៥ ខែមិថុនា បាន​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​បីនាក់ ស្លាប់​បាត់បង់​។ នេះ​បើតាម​ការអះអាង​របស់​យោធា​ឥណ្ឌា នៅ​ថ្ងៃទី​១៦ ខែមិថុនា​។ ការប៉ះទង្គិច​គ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ទាំងពីរ យល់ព្រម​ដោះស្រាយ​ជម្លោះ​នៅតាម​ព្រំដែន​ដោយ «​សន្តិភាព​»​។

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​យោធា​ឥណ្ឌា​បន្ទាប់ពី​កើតហេតុ​នា​យប់​ថ្ងៃទី​១៥ ខែមិថុនា ការប៉ះទង្គិច​ដែល​កើតឡើង​ក្នុងដំណាក់កាល​ភាគី​ទាំងពីរ​កំពុង​កាត់បន្ថយ​ភាព​តានតឹង​យោធា​ក្នុង​តំបន់ Galwan Valley យោធា​ឥណ្ឌា​បីនាក់ បាន​បាត់​បង់ជីវិត​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ យោធា​ឥណ្ឌា​បីនាក់ បាត់បង់​ជីវិត ក្នុងនោះ​មាន​មន្ត្រី​ម្នាក់ និង​យោធា​ពីរ​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post ។ 
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា បន្ទាប់ពី​ការប៉ះទង្គិច​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ កំពុង​ជួបប្រជុំ​ជាមួយគ្នា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ 
 
​ក្រោយ​ការប៉ះទង្គិច​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​លើកឡើងថា យោធា​ឥណ្ឌា បាន​ឆ្លង​ព្រំដែន​ប្រទេស​ទាំងពីរ​ចំនួន​ពីរដង ដែល​នេះ គឺជា​សកម្មភាព​បង្កជម្លោះ និង​គំរាមកំហែង​ដល់​ទាហាន​របស់​ចិន​។ ដោយសារ​បញ្ហា​នេះ វា​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​។​
 
​ការប៉ះទង្គិច​គ្នា​នៅ​ព្រំដែន ក៏​កើតឡើង​បន្ទាប់ពី​ឥណ្ឌា និង​ចិន យល់ព្រម​ដោះស្រាយ​ជម្លោះ​។ តាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ឥណ្ឌា នា​ថ្ងៃទី​៧ ខែមិថុនា ឥណ្ឌា និង​ចិន យល់ព្រម​ដោះស្រាយ​ជម្លោះ​នៅតាម​ព្រំដែន​ដោយ «​សន្តិវិធី​» បន្ទាប់ពី​មេបញ្ជាការ​យោធា ប្រទេស​ទាំង​ពីរបាន​ជួបចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​។ 
 
​សូមបញ្ជាក់ថា ចិន និង​ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​គ្នា​រហូតដល់ ៣៤៨៨​គីឡូម៉ែត្រ​។ ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ គឺមាន​ជា​យូរ​មកហើយ​។ បញ្ហា​នេះ ឥណ្ឌា និង​ចិន បានដាក់​យោធា​ជាច្រើន​កន្លែង នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ​៕ 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com