លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញចិត្តខ្លាំង នៅពេលអ្នកកាសែតសួរថា «ហេតុអ្វីធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ?»។ លោក ចាត់ទុកថាជាសំណួរល្អបំផុត ហើយក៏បានអរគុណអ្នកកាសែតដែលចោទជាសំណួរនេះឡើង ដើម្បីឲ្យលោក មានឱកាសបកស្រាយ។
ឮសំណួរនេះហើយ លោក ឃួង ស្រេង ដែលចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មិនទាន់បកស្រាយភ្លាមនោះទេ ដោយលោក ងាកទៅរម្លឹកពីអតីតកាលបន្តិចសិន។ លោក លើកឡើងថា អំឡុងឆ្នាំ១៩៩០ រដ្ឋ មានលទ្ធភាពចំណាយថវិកា ត្រឹមតែដឹកដីក្រហមប៉ុណ្ណោះ យកមកចាក់លើផ្លូវ ក្នុងរាជធានីភ្នំពេញ ដូច្នេះ ឲ្យតែភ្លៀងម្តងៗ រាជធានីភ្នំពេញ តែងពោរពេញទៅដោយទឹកពណ៌ក្រហម។
លោក បន្តថា រយៈពេល៤១ឆ្នាំមកនេះ គឺមានការលំបាកណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដែលត្រូវបានខ្ទេចខ្ទាំ ក្នុងសម័យខ្មែរក្រហម។ លោក មានប្រសាសន៍ថា៖«នេះ ជាការពិត ហើយវា ជាសច្ចភាពក្នុងការអភិវឌ្ឍទីក្រុងដ៏កម្សត់របស់យើង»។
បន្ទាប់មក លោក ក៏និយាយពីការអភិវឌ្ឍរាជធានីភ្នំពេញ។ លោក ថ្លែងថា វា ជាមោទនភាពសម្រាប់ទាំងអស់គ្នា ដែលផ្លូវប៉េតុង ផ្លូវកៅស៊ូ ប្រព័ន្ធលូ និង ប្រឡាយទឹក ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំនិងកែសម្រួលឡើងវិញ។
លោកអភិបាល ប្រកាសពីការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖«ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ គឺលែងមានតទៅទៀតហើយ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញរបស់យើង។ សូមឲ្យមានការយោគយល់បញ្ហានេះ មិនមែនជាពាក្យនិទានតទៅទៀតទេ គឺយើងបានរៀបចំការងារបានល្អប្រសើរជូនប្រជាពលរដ្ឋ»។
យ៉ាងណា ចម្លើយរបស់លោក ហាក់នៅតែមិនសូវចំនឹងសំណួរ ដែលសួរថា «ហេតុអ្វី ធ្វើផ្លូវខូចលូ ធ្វើលូខូចផ្លូវ?»។
កន្លងមក មានការរិះគន់និងការសើចចំអកថា ពេលធ្វើផ្លូវរួចភ្លាមមិនទាន់បានប៉ុន្មានផង ក៏ចាប់ផ្តើមធ្វើប្រព័ន្ធលូតាមក្រោយ ហើយពេលខ្លះទៀត ក្រោយពីធ្វើលូរួច ក៏ចាប់ផ្តើមធ្វើផ្លូវឡើងវិញ។ គេ នាំគ្នាឆ្ងល់ថា តើប្រើបច្ចេកទេសរបៀបម៉េច ទើបបានជាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬក៏ថា ធ្វើមួយនេះ ខូចមួយនោះទៅវិញ។
ម្យ៉ាងទៀត សព្វថ្ងៃនេះ រឿងធ្វើផ្លូវខូចមុខខូចក្រោយ ទាំងនៅក្នុងរាជធានីភ្នំពេញទេ និង នៅតាមបណ្តាខេត្ត នៅតែបន្តកើតមាន។
លោក ឃួង ស្រេង នៅរំលេចទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ខិតខំរៀបចំប្រព័ន្ធលូ-ប្រឡាយទឹក និង មធ្យោបាយផ្សេងៗ ដើម្បីរំដោះទឹកជន់ក្នុងរាជធានីភ្នំពេញ។ លោក អះអាងថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ ទឹកជន់ មិនអាចដល់មួយថ្ងៃឡើយ គឺប្រហែលជាមួយម៉ោងឬកន្លះម៉ោង ស្រកទៅវិញហើយ។
លោក ពន្យល់ថា បើភ្លៀងធ្លាក់ខ្លាំង ហើយទឹកភ្លៀងហូរចូលលើសពី៥០មីលីម៉ែត្រ ក្នុង១វិនាទី ទឹកជន់ នឹងកើតឡើង តែបើទឹកភ្លៀង ដែលហូរចូលលូ ក្រោម៥០មីលីម៉ែត្រ ក្នុង១វិនាទី នឹងមិនមានទឹកជន់នោះទេ។
លោក បញ្ជាក់ថា៖«ការលិចលង់ គឺជាកក្តាសត្យានុម័ត ដែលខ្ញុំបានលើកឡើង។ ទោះបីជាយ៉ាងនេះក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ អ្នកជំនាញពាក់ព័ន្ធ និង បណ្តាខណ្ឌទាំង១៤ នៅតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណារំដោះទឹកជំនន់ មិនឲ្យលិចលង់ប្រជាពលរដ្ឋទេ ដើម្បីស្តារនិងបង្កើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ»។
ដ្បិតលោកអភិបាល បានបរិយាយច្រើនពីចំណុចល្អទាំងនេះក្តី តែពលរដ្ឋមួយចំនួន នៅតែរិះគន់ពីការស្ទះលូ ហើយបង្កឲ្យមានទឹកជន់ក្នុងរាជធានីភ្នំពេញ នៅពេលភ្លៀងធ្លាក់ម្តងៗ៕