ទាហានឥណ្ឌា យ៉ាងហោចណាស់ ២០នាក់បានបាត់បង់ជីវិត ដោយសារតែករណីប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌា នៅតាមព្រំដែន នៅថ្ងៃទី១៥ ខែមិថុនា។ នេះបើតាមសេចក្តីថ្លែងការណ៍ថ្មីរបស់យោធាឥណ្ឌា នាថ្ងៃទី១៦ ខែមិថុនា។
បន្ទាប់ពីអះអាងថាទាហានខ្លួនស្លាប់ចំនួន ៣នាក់ យោធាឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៀតដោយប្រកាសថា ទាហានចំនួន១៧នាក់ផ្សេងទៀតដែលរងរបួសធ្ងន់នៅក្នុងការប៉ះទង្គិចរវាងកងទ័ពចិន និងឥណ្ឌា ក្នុងតំបន់ Galwan Valley បានទទួលមរណភាពហើយ។ តួលេខសរុបរបស់ទាហានឥណ្ឌា មានចំនួន ២០នាក់។
ប្រភពយោធាឥណ្ឌា ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ករណីប៉ះទង្គិចនៅតំបន់ព្រំដែន Galwan Valley ដែលស្ថិតនៅចន្លោះតំបន់ទីបេប្រទេសចិន និងតំបន់ Ladakh ប្រទេសឥណ្ឌា គឺជាការប្រវាយប្រតប់គ្នារវាងដៃ និងដៃ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ទាក់ទិននឹងការប៉ះទង្គិចនេះ យោធាឥណ្ឌា បានអះអាងថា គឺបណ្តាលឲ្យមានករណីស្លាប់ភាគីទាំងសងខាង។ ចំណែកក្រសួងការពារជាតិចិន បានអះអាងថា ការប៉ះទង្គិចនេះ គឺបណ្តាលឲ្យមានទាហានស្លាប់មែន ប៉ុន្តែ មិនបានបញ្ចេញតួលេខទាហានស្លាប់របស់ខ្លួន ឬព័ត៌មានលំអិតជុំវិញបញ្ហានេះឡើយ។ ករណីស្លាប់ទាហានឥណ្ឌា ២០នាក់នេះ គឺជាតួលេខដ៏ច្រើនបំផុត ក្នុងរយៈពេល ៤ទសរត្សរ៍ចុងក្រោយនៃការប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌានៅតាមព្រំដែន។
ហេតុការណ៍ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមិថុនានេះ ចិន បានអះអាងថា ទាហានឥណ្ឌា បានវាយប្រហារមកលើទាហានចិន។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួការបរទេសចិន លោក Zhao Lijian ទាហានឥណ្ឌាបានឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចំនួនពីរដង ដែលនេះជាសកម្មភាពសកម្មភាពបង្កជម្លោះ និងវាយប្រហារលើទាហានចិន។ ដោយសារបញ្ហានេះ វាបានបង្កឲ្យមានការប្រឈមមុខធ្ងន់ធ្ងរដាក់គ្នា។
ជាការឆ្លើយតបទៅភាគីចិន អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានតបថា ការប៉ះទង្គិចនេះ កើតឡើងដោយសារតែ ភាគីចិនប៉ុនប៉ងជាឯកតោភាគី ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅតាមព្រំដែនប្រទេសទាំងពីរ។
ការប៉ះទង្គិចតាមព្រំដែននេះ គឺទំនងជាកើតចេញពីការសាងសង់ផ្លូវរបស់ឥណ្ឌានៅតាមព្រំដែន ក្នុងតំបន់ទន្លេ Galwan ដែលហូរពីតំបន់ Aksai Chin របស់ចិនមកតំបន់ Ladakh របស់ឥណ្ឌា ដែលតំបន់ទាំងនេះស្ថិតក្នុងតំបន់កាស្មៀរទាំងអស់។ ចិនបានប្រឆាំងការសាងសង់នេះព្រោះនាំឲ្យឥណ្ឌាមានប្រៀបក្នុងការដឹកជញ្ជូនយោធា ឬសព្វាវុធ។ ភាពតានតឹងក៏ឡើងកម្ដៅខ្លាំងបន្តិចម្ដងៗ។
សូមបញ្ជាក់ថា នៅក្នុងខែឧសភា កន្លងទៅ ទាហានឥណ្ឌា និងចិន ក៏បានប៉ះទង្គិចជាមួយគ្នាដែរ តាមរយៈប្រវាយប្រតប់គ្នា និងការចោលដុំថ្មដាក់គ្នា ប៉ុន្តែបញ្ហានេះ បានបង្កឲ្យភាគីទាំងពីររងរបួសតែប៉ុណ្ណោះ។ ហេតុការណ៍នោះ បានកើតឡើងនៅក្នុងតំបន់ Naku La ក្នុងរដ្ឋ Sikkim៕