ជាតិ
សង្គមជាតិ
រថយន្តយោធា​ដែល​ទិញ​មកពី​ចិន ចែក​ទៅ​នគរបាល​៤០​គ្រឿង និង យោធា​២៥០​គ្រឿង​
17, Jun 2020 , 9:19 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​រថយន្តយោធា​ទាំង​២៩០​គ្រឿង ដែល​ទិញ​មកពី​ចិន បាន​មកដល់​កម្ពុជា​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​ស្អែក ពិធី​ប្រគល់​រថយន្ត​ទាំងនោះ​ទៅ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ នឹងត្រូវ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​របស់លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។



​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា រថយន្ត​ទាំង​២៩០​គ្រឿង នឹង​ប្រគល់​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៤០​គ្រឿង និង​កងយោធពល​ខេ​មរ​ភូមិ​២៥០​គ្រឿង​។ 
 
​មកដល់ពេលនេះ លោក នៅតែ​មិនទាន់​អាច​និយាយបានថា ការទិញ​រថយន្តយោធា​ទាំង​២៩០​គ្រឿង​ពី​ចិន ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន ហើយ​ថវិកា​នោះ បានមកពី​ខាង​ណា​។ លោក មានប្រសាសន៍​យ៉ាងខ្លី​ថា​៖«​ស្អែក គេ​ប្រកាស​ហើយ​»​។​
 
​យ៉ាងណា អ្នកនាំពាក្យ​កងទ័ពជើងគោក លោក ម៉ៅ ផល្លា ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​១២ ខែមិថុនា​ថា ថវិកា​ដែល​ទិញ​រថយន្តយោធា​ទាំងនោះ គឺ​បានមកពី​ការចូលរួម​របស់​សប្បុ​រស​ជន ដែល​បានផ្តល់​ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ឧបត្ថម្ភ​ដល់​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​។​
 
​លោក អះអាងថា ការទិញ​រថយន្ត​ទាំងនោះ គឺ​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា សម្រាប់​ដឹកជញ្ជូន​កងកម្លាំង និង​ពលរដ្ឋ​ពេល​មាន​គ្រោះអាសន្ន​ជាដើម​។ លោក បញ្ជាក់ថា ការទិញ​រថយន្តយោធា​ពី​ចិន មិនមែន​យកមក​គំរាមកំហែង​ពលរដ្ឋ​នោះទេ​៕ 
 

Tag:
 រថយន្តយោធា​
© រក្សាសិទ្ធិដោយ thmeythmey.com