COVID-19
ជាតិ
ខ្មែរកាន់លិខិតឆ្លងដែនបរទេស មិនចាំបាច់មានធានារ៉ាប់រងសុខភាពទេ ពេលមកស្រុក
18, Jun 2020 , 9:50 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
គណៈកម្មការអន្តរជាតិក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រេចលែងតម្រូវឲ្យមានធានារ៉ាប់រងសុខភាព (Health Insurance) លែងតម្រូវឲ្យតម្កល់ប្រាក់៣ពាន់ដុល្លារ និង លែងតម្រូវឲ្យបង់ថ្លៃលើសេវាធ្វើតេស្ត ការធ្វើចត្តាឡីស័ក និង ការព្យាបាលជំងឺកូវីដ-១៩  ចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនបរទេស ហើយមានទិដ្ឋាការពិសេស (Visa K ) ពេលចូលកម្ពុជា។



គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា ការសម្រេចកែសម្រួលវិធានការនេះ គឺ  ធ្វើឡើងក្រោយពីមានការយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ យ៉ាងណា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតែតម្រូវពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនបរទេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ស្ថានបេសកកម្មការបរទេសនិងអង្គការអន្តរជាតិទាំងអស់នៅរាជធានីភ្នំពេញ ឲ្យ ត្រូវធានាថា មន្រ្តីខ្លួន ដែលចូលមកកម្ពុជា គឺគ្មានជំងឺកូវីដ-១៩ និងធានាថា មន្រ្តីទាំងនោះ បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃយ៉ាងត្រឹមត្រូវ។ នេះបើតាមការណែនាំ ក្នុងសេចក្តីប្រកាសព័ត៌មានមានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដដែល។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន បញ្ជាក់ថា រាល់វិធានការផ្សេងទៀត នៅតែបន្តអនុវត្តធម្មតា។

ចំពោះជនជាតិខ្មែរនៅក្រៅប្រទេស ដែលកាន់លិខិតឆ្លងដែនខ្មែរ អាចចូលមកស្រុក ដោយមិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់ សូម្បីតែវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក៏មិនតម្រូវឲ្យមានដែរ។ តែពេលមកដល់ ពួកគាត់ ត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ និង ធ្វើចត្តាឡីស័ក១៤ថ្ងៃ។

រីឯ ជនបរទេស ត្រូវមានធានារ៉ាប់រ៉ងសុខភាព ដែលមានទំហំទឹកប្រាក់៥ម៉ឺនដុល្លារ ដូចដែលគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំណត់កន្លងមក និង ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩។

ម្យ៉ាងទៀត ពេលចូលមកដល់កម្ពុជា ជនបរទេស ត្រូវតម្កល់ថវិកា៣ពាន់ដុល្លារ ចូលទៅក្នុងធនាគារជាមុនសិន ដើម្បីចំណាយលើសេវាផ្សេងៗ ដូចជា ការធ្វើតេស្តរកជំងឺកូវីដ-១៩ និង ការធ្វើចត្តាឡីស័ក ជាដើម។ ក្រសួងសុខាភិបាល បានរៀបចំប្រព័ន្ធធនាគារឯកជននៅព្រលានយន្តហោះ ដើម្បីឲ្យជនបរទេស តម្កល់ប្រាក់៣ពាន់ដុល្លារនោះ។

កាលពីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនទាន់កែសម្រួលវិធានការ ជនជាតិខ្មែរ ដែលកាន់លិខិតឆ្លងដែនបរទេស គឺត្រូវមានធានារ៉ាប់រងសុខភាពក្នុងតម្លៃ៥ម៉ឺនដុល្លារ និងត្រូវតម្កល់ថវិកា៣ពាន់ដុល្លារចូលធនាគារ ពេលមកដល់កម្ពុជា។

អ្នកស្រី ឱ ​វណ្ឌឌីន ប្រាប់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមដូច្នេះថា៖«កាន់លិខិតឆ្លងដែនបរទេស  គិតដូចបរទេស  តែឥឡូវបានកែសម្រួលហេីយ»៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com