ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ គីមឡេង បានស្នើឱ្យមានមន្ទីរ និងក្រសួងពាក់ព័ន្ធ កុំកេងថវិកាទុកចាយតែឯង ពោលគឺត្រូវទម្លាក់ថវិកានោះ ទៅកាន់ថ្នាក់ក្រោមជាតិផង ដើម្បីការអនុវត្តការងារតាមមូលដ្ឋានតាមគោលនយោបាយរដ្ឋាភិបាល។ លោក ជូ គីមឡេង ថ្លែងបែបនេះ នៅចំពោះមុខសម្ដេច ស ខេង ក្នុងកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាថ្ងៃ១៧ មិថុនា។
នៅចំពោះមុខរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងនានា លោក ជូ គីមឡេង បាននិយាយក្នុងន័យនេះថា មានក្រសួង និងមន្ទីរខ្លះ ហាក់មិនសូវទម្លាក់ថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ចាត់ចែងការងារ និងអភិវឌ្ឍនៅតាមមូលដ្ឋានឡើយ ដែលវាធ្វើឱ្យប៉ះពាល់ដល់គោលការណ៍អភិវឌ្ឍន៍របស់រដ្ឋាភិបាល។
សូមស្ដាប់សំឡេងលោក ជូ គីមឡេង និយាយពីរឿងថវិកាថ្នាក់ក្រោមជាតិ៖
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដូច្នេះថា៖«យើងខ្ញុំសូមបំពាក់នូវជំហរមួយ គឺរួមគ្នាដោះស្រាយ ទាំងអំពាវនាវដល់មន្ទីរតាមរយៈក្រសួងពាក់ព័ន្ធ កុំឱ្យមានគំនិតចង្អៀតចង្អល់កេង(ថវិកា)ចាយតែម្នាក់ឯង បើនិយាយឱ្យចំ។ ប៉ុន្តែជាស្មារតី ខ្ញុំមិនដឹងដែរ។ រឿង(ថវិកា)ហ្នឹង វាមានសាវតា ដែលយើងខ្ញុំពិបាកនិយាយនៅទីនេះ(អង្គប្រជុំ) គឺសាវតា មានការពិបាក គឺមន្ទីរ (ពាក់ព័ន្ធ)ការចែករំលែក(ថវិកា) មិនមានសណ្ដោសប៉ុន្មានទេ គឺចាយតែខ្លួនឯងច្រើនជាង…។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំលើកទី១៨ ដោយពិភាក្សាពីរបៀបវារៈចំនួន៤ ដោយក្នុងពាក់ព័ន្ធនឹងការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងកិច្ចប្រជុំនេះ ភាគច្រើនគឺពិភាក្សាពីបញ្ហាផ្ទេរថវិកាទៅកាន់រដ្ឋបាលក្រុង ស្រុក ដែលជារចនាសម្ព័ន្ធថ្មី នៃថ្នាក់ក្រោមជាតិ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ចម ប្រសិទ្ធិ បានផ្ដល់យោបល់នៅក្នុងកិច្ចប្រជុំនោះ ដោយស្នើឱ្យរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាទៅកាន់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រើប្រាស់ផ្ទាល់តែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ថ្នាក់ក្រសួង ឬមន្ទីរនោះទេ។ បើតាមលោក ចម ប្រសិទ្ធ កម្រិតថ្នាក់ក្រសួង និងមន្ទីរ គឺគ្រាន់តែចាំជួយផ្នែកបច្ចេកទេស សម្ភារ និងការបណ្ដុះបណ្ដាលជំនាញទៅកាន់មន្ត្រីរដ្ឋបាលក្រុង ស្រុក បានហើយ។
«អ៊ីចឹងសូមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិចារណា គិតតែរឿងថវិកាក្រសួងថ្នាក់ជាតិ ហើយនិងថ្នាក់មន្ទីរចុះ។ ប៉ុន្តែរឿងថវិកាសម្រាប់មន្ទីរផ្ទេរទៅឱ្យក្រុង សង្កាត់ ស្រុកនេះ គឺសូមកាត់ឱ្យហើយដាច់តែម្ដង កុំឱ្យយកភ្ជាប់ជាមួយមន្ទីរទៀត។ បើយើងធ្វើបែបហ្នឹង ប្រហែលជាងាយស្រួល គ្នាមានលុយស្រេចសម្រាប់ដំណើរការ ហើយពេលហ្នឹងប្រហែលមានលុយអាចជ្រើសរើសមនុស្សជំនាញមកធ្វើការ»។ នេះជាការលើកឡើងរបស់លោក ចម ប្រសិទ្ធ ដែលការផ្ទេរថវិកាឱ្យថ្នាក់រដ្ឋបាលផ្ទាល់នេះ វាជួយបង្កើនប្រសិទ្ធភាពការងារអភិវឌ្ឍច្រើន ដោយមិនស្ទះការងារដូចមុនឡើយ។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រមតិយោបល់របស់លោក ចម ប្រសិទ្ធ។ បើតាមសម្ដេច ស ខេង ការបង្ខិតសេវារដ្ឋបាលសាធារណៈ ដល់ពលរដ្ឋនេះ គឺជាចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍ និងការដោះស្រាយបញ្ហាពលរដ្ឋនៅមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងដូច្នេះថា៖«គោលដៅកំណែទម្រង់របស់យើង គឺយើងបង្ខិតរដ្ឋបាលឱ្យជិតប្រជាពលរដ្ឋ។ ហើយរដ្ឋបាលដែលមានសិទ្ធិ មានអំណាច មានធនធាន ដើម្បីប្រជាពលរដ្ឋគាត់ងាយសុំសេវា ហើយងាយស្រួលយើងជួយដល់ប្រជាពលរដ្ឋ។ ចៀសវាងឱ្យ(រដ្ឋបាលថ្នាក់ក្រោម)ត្រូវការនេះបន្តិច នោះបន្ដិច ហើយរត់មកសុំខាងលើ ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកាផង»។
បើតាមសម្ដេច ស ខេង រដ្ឋាភិបាលមានបំណងចង់កសាងរដ្ឋបាលឯកភាពមួយ នៅត្រឹមថ្នាក់ខេត្ត និងស្រុក ដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
កន្លងមកក្រសួង និងស្ថាប័នមួយចំនួន បានផ្ទេរធនធានមនុស្ស និងថវិកាទៅកាន់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាបណ្ដើរៗហើយ ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានផ្ទេរការងារទៅកាន់រដ្ឋបាលខណ្ឌទាំង១៤, ក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរធនធានមនុស្សនិងថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ដោយឡែកក្រសួងចំនួន៧ទៀត កំពុងរៀបចំសេចក្តីណែនាំបច្ចេកទេសសម្រាប់អនុវត្តមុខងារដែលបានផ្ទេរនោះ រួមមាន ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី ,ក្រសួងសាធារណការ និងដឹកជញ្ជូន ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងសង្គមកិច្ច យុវនិតិសម្បទា និងយុទ្ធជន ,ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ៕