ជាតិ
លោក ងិន ឆាយ​៖ អ្នកបច្ចេកទេស​ដាំ​ដុះ បើ​គ្មាន​ភាពស្មោះត្រង់ និង​ក្រមសីលធម៌ គឺ​មិនអាច​ចូល​ទីផ្សារ​អន្តរជាតិ​បានឡើយ​
18, Jun 2020 , 1:59 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​ថ្លែង​ក្នុង​សន្និសីតកាសែត ស្តីពី «​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០២០​។
លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​ថ្លែង​ក្នុង​សន្និសីតកាសែត ស្តីពី «​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០២០​។
​ភ្នំពេញ​៖ អ្នកបច្ចេកទេស​កសិក​ម្ម ឬ​អ្នក​ដាំ​ដុះ បើ​គ្មាន​ភាពស្មោះត្រង់ គ្មាន​មនសិការ និង​ក្រម​សីល​វិជ្ជាជីវៈ ក្នុង​ការដាំដុះ​ទេ នោះ​ផលិតផល​កសិកម្ម​គឺ​មិនអាច​ឈានចូល​ទីផ្សារ​អន្តរជាតិ និង​មាន​គុណភាព​ដោយ​និរន្តរភាព​បានឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​លោក​បាន​សង្កត់ធ្ងន់​ថាក​សិ​ករ គឺ​ត្រូវមាន​ក្រម​សីលធម៌ ឬ​វិ​ជា្ជ​ជីវៈ យ៉ាងហោចណាស់​៣​ចំណុច ក្នុង​ការដាំដុះ​នៃ​ដំណាំ​នីមួយៗ​។

 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​បញ្ជាក់ថា​ក្រមសីលធម៌​វិ​ជា្ជ​ជីវៈ ទាំង​៣​ចំណុច​នោះ មាន​ទី​១៖ ការអនុវត្ត​ផលិតកម្ម ត្រូវតែមាន​និរន្តរភាព ហើយនឹង​មិន​បំ​ផ្លា​ច​បំផ្លាញ​ប្រព័ន្ធ​បរិស្ថាន​ដំណាំ​។ លោក បន្ត​ពន្យល់​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​៖«​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០២០ ដូច្នេះ​៖ «​ប្រសិនបើ​យើង​ធ្វើ​ការដាំដុះ បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​នៅក្នុង​នោះ គឺ​ផលិតកម្ម​របស់​យើង​គ្មាន​និរន្តរភាព​ទេ​»​។ 
 
​សូម​ស្ដាប់​សំឡេង​៖



 
 
​បើតាម​លោក ងិន ឆាយ ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ដី ឬ​បរិស្ថាន​ជុំវិញ គឺ​បណ្តាល​មក​ការប្រើប្រាស់​ថ្នាំ និង​ជីគីមី​ទៅលើ​ដំណាំ​ច្រើន​លើសលុប​។ ពិសេស​ជី​ជំរុញ និង​ថ្នាំ​អក​មូ​ន ដើម្បី​បង្ខំ​ឱ្យ​ដំណាំ​ដូចជា​ស្វាយ មៀន​ប៉ៃលិន និង​ដំណាំ​សេដ្ឋកិច្ច​នានា ឆាប់​បាន​ផល រួម​ជា​នឹង​ទិន្នផល​អតិប្បរមា ដែល​ធ្វើឱ្យ​ដំណាំ​ទាំងនោះ​រស់ក្នុង​រយៈពេលខ្លី ព្រមទាំង​បន្សល់​កាកសំណល់​សារធាតុ​គីមី​លើសលុប នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ​។ 
 
«​អ្នក​ដាំ​ដុះ​ត្រូវ​គិតពី​គុណភាព និង​សុវត្ថិភាព​»​។ នេះ​ជា​ចំណុច​ទី​២ ដែល​លោក ងិន ឆាយ លើកឡើង ដោយ​បន្តថា អ្នក​ដាំំ​ដុះ​គ្រប់​លំដាប់ថ្នាក់ និង​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល​កសិកម្ម មានគុណ​ភាព សម្រាប់​អ្នក​បរិភោគ​។ មន្ត្រី​បច្ចេកទេស​កសិកម្ម​រូបនេះ បាន​និយាយថា​៖ «​ប្រសិនបើ​យើង​ដាំ​ឱ្យតែបាន​[​ផល​] ប៉ុន្តែ​ស្វាយ និង​ដំណាំ​ផ្សេង​យើង យកមក​អ្នក​ហូប​ពុល​ស្លាប់ ឬ​ខូចសុខភាព គឺ​គ្មាន​មនសិកា​ជា​កសិករ​ឡើយ​»​។ 
 
​លោក​អគ្គនាយក​កសិក​ម្ម​រូបនេះ បន្ត​អះអាង​ដូច្នេះ​៖«​យើង​[​អ្នកបច្ចេកទេស​ដាំ​ដុះ​] ត្រូវតែ​គិតពី​សុវត្ថិភាព​នៃ​ដំណាំ មិនមែន​គិតតែ​បាញ់ថ្នាំ​ពុល​គីមី​នោះទេ​។ បណ្តាល​ប្រទេស​មួយចំនួន ដែល​ចង់យក​ផ្លែឈើ និង​បន្លែស្រស់​ទៅ​លក់​ក្នុងប្រទេស​គេ អ្នកឯង​គឺ​ត្រូវតែមាន​ស្តង់ដារ ត្រូវតែមាន​ការបញ្ជាក់​ត្រឹមត្រូវ​ទើប​អាច​នាំចូល​បាន​។ ចឹ​ង​ហើយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេសមួយ​ចំនួន​យើង​ត្រូវការ​នាំចូល​»​។​
 
​ចំណុច​ទី​៣៖ គឺ​និរន្តរភាព​ទីផ្សារ​។ គឺជា​កត្តា​សំខាន់​ណាស់ដែ​លអ្ន​កដាំ​ដុះ​ត្រូវ​គិត​លើ​ការ​ការដាំដុះ​ដំណាំ​នីមួយៗ ដើម្បី​ឈានចូល​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ​។ លោក ងិន ឆាយ បាន​និយាយថា​៖« ប្រសិនបើ​យើង​ដែលជា​អ្នក​ដាំ​ដុះ​មិន​គិត​ត្រង់ចំណុច​ហ្នឹង​ទេ គេ​នឹង​បំផ្លាញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ហើយ​»​។ លោក​បាន​បញ្ជាក់ថា​៖«​ចំណុច​នេះ​ដែល​យើង​ត្រូវ​គិត​ទាំងអស់គ្នា ជា​ជាតិ ជា​កម្ពុជា ដែល​យើង​ត្រូវ​គិត​។ យើង​មិន​អាចឱ្យ​នរណាម្នាក់​[​អ្នកវិនិយោគ​]​ម្នាក់​ដែល​មក​កម្ពុជា​ហើយ ប្រើប្រាស់​ប​ច្ចក​ទេស​ផ្តេសផ្តាស​ដើម្បី​បំផ្លាញ​ទាំង​ប្រព័ន្ធ​បរិស្ថាន បំផ្លាញ​ទាំង​គុណភាព គ្មាន​សុវត្ថិភាព ជាពិសេស​គឺ​បំផ្លាញ​ទីផ្សារ​ក្នុង​ឆាក​អន្តរជាតិ​»​។ 
 
​លោក ងិន ឆាយ ប្រតិភូ​រដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ប្រាប់​ប្រជាជន​កម្ពុជា​ឱ្យដឹងថា «​ប្រទេស​ដ៏​ច្រើន មិនដែល​និយាយ​គាំទ្រ​មួយ​មាត់​ឡើយ​» ចំពោះ​ផលិតផល​កសិកម្ម​កម្ពុ​ជា តែ​ផ្ទុយទៅវិញ ពួកគេ តែង​និយាយ​ពី​ចំណុច​អវិជ្ជមាន​។ លោក បន្តថា លោក​ផ្ទាល់ គឺជា​អ្នក​ទៅ​ចរចា ទាក់ទង​នឹង​ការបើក​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុ​ជា ក្នុង​ឆាក​អន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេស​និយាយ​យ៉ាងម៉េច​ចំពោះ​ផលិតផល​កសិកម្ម​កម្ពុ​ជា​។ លោក លើកយក​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា ស្វាយ​និង​ចេក ជាដើម មក​ធ្វើជា​ឧទាហរណ៍​។​
 
 
​បើតាម​សម្តី​របស់​អគ្គនាយក​ក​សិ​កម្ម បរទេស តែង​និយាយ​អាក្រក់​ថា កុំ​នាំ​ស្វាយ​និង​ចេក​ពី​កម្ពុជា ព្រោះ​មាន​រោគ ហើយ​បាញ់​ថ្នាំពុល​ច្រើនណាស់ ហើយ​ពួកគេ មិនដែល​និយាយថា ជួយ​នាំ​ស្វាយ​និង​ចេក​ពី​កម្ពុជា​ឡើយ ហើយក៏​មិនដែល​សរសើរ​ថា ស្វាយ​និង​ចេក​កម្ពុជា មានគុណ​ភាពល្អ​ដែរ​។​លោក អះអាងថា និរន្តរភាព​ទីផ្សារ គឺជា​កត្តា​សំខាន់​ខ្លាំង ដើម្បី​កុំឱ្យ​គេ​សម្លាប់​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុ​ជា​។ លោក មានប្រសាសន៍ថា​៖«​ចំណុច​នេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​មែនទែន​»​។​
 
​ចំណុច​សំខាន់​ទាំង​៣​សំខាន់​ទាំងបី​ខាងលើនេះ បើ​អ្នកបច្ចេកទេស​កសិកម្ម ឬ​អ្នក​ដាំ​ដុះ​ដំណាំ គ្មា​មនសិការ  និង​ក្រប​សីលធម៌​ទាំង​ហ្នឹង​ទេ វិស័យ​កសិកម្ម​កម្ពុជា​នឹង​គ្មាន​និរន្តរភាព និង​មិនអាច​ចូល​ទីផ្សារ​អន្តរជាតិ​បានឡើយ​។ 
 
​កាល​ឆ្នាំ​២០១៩ កម្ពុជា បាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន​។ ដោយឡែក ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវ បាន ២,៩៣៦,៩៩២​តោន​។ ចំនួន​នេះ កើនឡើង​ប្រមាណ ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩៕ 
 

Tag:
 មនសិការ​
  ក្រមសីលធម៌​
  លោក ងិន ឆាយ​
© រក្សាសិទ្ធិដោយ thmeythmey.com