ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ក្រៅពី​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផ្នែក​ទាំងនេះ​នៃ​រាងកាយ​
20, Jan 2021 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​បេះដូង​។  ទោះជា​យ៉ាងណា​បញ្ហា​សម្ពាធ​ឈាម​នេះ​ក៏​នៅ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែល​អាច​ទទួលផល​ប៉ះពាល់​នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ៖

 
១. ស​សៃ​ឈាម​
 
 
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិនអាច​គ្រប់គ្រង​បាន​អាច​បង្ក​ការខូចខាត​លើស​សៃ​ឈាម​ដោយ​បណ្ដាលឱ្យ​ផ្នែក​ខ្លះ​នៃ​ស​សៃ​ឈាម​ប្រែជា​ចុះខ្សោយ​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួបផ្សំ​នឹង​ភាព​ខ្សោយ​នៃ​ស​សៃ​ឈាម​នោះ​ហានិភ័យ​នៃ​ជំងឺ​ប៉ោង​ស​សៃ​ឈាម​ប្រាកដជា​អាច​កើតមាន​។​
 
២. ខួរក្បាល​
 
​មាន​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ច្រើនណាស់​ដែល​អាច​កើតមាន​ចំពោះ​ខួរក្បាល​នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ មួយ​ក្នុងចំណោម​នោះ គឺ​បញ្ហា​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិនអាច​គ្រប់គ្រង​បាន​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ dementia ដែលជា​ជំងឺ​ខួរក្បាល​មួយ​បណ្ដាលឱ្យមាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ការចងចាំ ការគិត ការនិយាយ និង​សូម្បីតែ​ធ្វើ​ចលនា​។ ជំងឺរ​ង្វេ​ង Alzheimer’s ក៏​ជា​ជំងឺ​ខួរក្បាល​មួយ​ដែល​អាច​កើតមាន​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។​
 
៣. តម្រងនោម​
 
​ដើម្បី​អាច​ដំណើរការ​មុខងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តម្រងនោម​ចាំបាច់​ត្រូវមាន​ស​សៃ​ឈាម​តូចឆ្មារ​ជាច្រើន​ក្នុងនោះ​។ ប៉ុន្តែ​ដូច​បានបង្ហាញ​ក្នុង​ចំណុច​ស​សៃ​ឈាម​ខាងលើ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ជំងឺ​ប៉ោង​ស​សៃ​ឈាម​។ ជំងឺ​ប៉ោង​ស​សៃ​ឈាម​នេះ​ក៏​អាច​កើតមាន​ក្នុង​ស​សៃ​ឈាម​មួយ​ដែល​ឆ្ពោះទៅ​តម្រងនោម​ផងដែរ​។​
 
៤. ភ្នែក​
 
​ជាទូទៅ​ចំពោះ​អ្នក​ដែលមាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​យូរ​ឆ្នាំ គឺ​ប្រាកដជា​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​ការមើលឃើញ​។ នេះ​ក៏​ព្រោះតែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ការបំផ្លាញ់​ដល់​ស​សៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​រ៉េ​ទីន​ភ្នែក​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​រលា​កស​សៃ​បាត​ភ្នែក​អាច​នឹង​កើនឡើង​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ករណីខ្លះ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិនអាច​គ្រប់គ្រង​បាន​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ហូរឈាម​ក្នុង​ភ្នែក ឬ​បាត់បង់​ការមើល​ឃើញតែ​ម្ដង​។​
 
​សម្គាល់​៖ ផ្អែក​តាម​ផលប៉ះពាល់​គ្រោះថ្នាក់​ខាងលើ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អ្នក​មិនគួរ​ធ្វេសប្រហែស​មើលរំលង​ឡើយ​។ ចូរ​ប្រាកដថា​អ្នក​បាន​អនុវត្តតាម​ការណែនាំរ​បស់​វេជ្ជបណ្ឌិត​ជំនាញ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com