ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា អះអាងថា ក្រសួងកសិកម្មកំពុងដំណោះស្រាយឲ្យតម្លៃជ្រូករស់នៅថេរត្រឹម១២០០០រៀល ដើម្បីសម្រួលដល់អ្នកបរិភោគសាច់ជ្រូក។
លោក ផាន់ណារ៉ា អះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រុមហ៊ុននាំចូលជ្រូកបានផ្អាកការនាំចូលមួយរយៈពេលសិន ដោយសារមិនចំណេញ ព្រោះតែតម្លៃជ្រូករស់នៅត្រឹម១២,០០០រៀលក្នុងមួយគីឡូក្រាមនេះ។ «អ្វីដែលខ្ញុំបានជជែកជាមួយសមាគមចិញ្ចឹមសត្វថ្ងៃនេះ គឺជ្រូករស់នៅត្រឹម១២,០០០រៀល។ ក្រុមហ៊ុននាំចូលជ្រូកបានផ្អាកការនាំចូលហើយ។ បើជ្រូកក្នុងស្រុកតែ១២,០០០រៀលគាត់នាំចូលមិនកើតបើតម្លៃនាំចូលពីថៃប្រហាក់ប្រហែល១១,០០០រៀល ហើយបើកបង់ពន្ធទៀត គាត់យកចូលមកអត់កើតទេ។ យើងកំពុងធ្វើការងារលើរឿងហ្នឹង(ឲ្យតម្លៃជ្រូកថេរនៅត្រឹម១២,០០០រៀល) ប៉ុន្តែវាអាស្រ័យលើប្រទេសជិតខាងដែរ»។
រដ្ឋមន្រី្តក្រសួងកសិកម្ម លោក វេង សាខុន បានអនុញ្ញាតឲ្យប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា សម្របសម្រួលជាមួយភាគីពាក់ព័ន្ធលើតម្លៃជ្រូករស់នេះ ។នេះបើតាមបញ្ជាក់របស់ លោក ស្រ៊ុន ពៅ ដោយបញ្ជាក់ថា លោកបានសម្របសម្រួលជាមួយកសិដ្ឋានធំៗក្នុងស្រុកឲ្យបញ្ចុះតម្លៃជ្រូករស់ហើយ។
លោក ស្រ៊ុន ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «តម្លៃជ្រូករស់របស់កសិដ្ឋានធំៗក្នុងស្រុកថ្ងៃនេះ គឺនៅត្រឹម១២,៥០០រៀល បន្ទាបពីមានការសម្របសម្រួល។ ចំណែកតម្លៃជ្រូករស់របស់ក្រុមហ៊ុននាំចូលជ្រូកខាងក្រសួងកសិកម្មថា នឹងដោះស្រាយដោយផ្ទាល់ ដោយសារសមាគមខ្ញុំ ជាសមាគមចិញ្ចឹមសត្វអាចសម្របសម្រួលដល់អ្នកចិញ្ចឹមក្នុងស្រុកបាន ហើយក្រុមហ៊ុននាំចូលជ្រូកមិនមានអ្វីពាក់ព័ន្ធជាមួយខាងខ្ញុំឡើយ»។
បច្ចុប្បន្ននេះតម្លៃជ្រូករស់របស់ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុននាំចូលជ្រូក មានចំនួនពី១៣៦០០ ទៅ១៤០០០រៀល ក្នុងមួយគីឡូក្រាម។ នៅកម្ពុជាមានក្រុមហ៊ុន៧ ដែលក្រសួងអនុញ្ញាតឲ្យនាំចូលជ្រូក។ ប៉ុន្តែកាលពីថ្ងៃទី២០ ខែឧសភានេះ ក្រសួងបានបញ្ឈប់ក្រុមហ៊ុនមួយ ដោយសារនាំចូលជ្រូកគ្មានលិខិតពិនិត្យសុខភាពច្បាស់លាស់។ ក្រសួងកសិកម្ម អនុញ្ញាតឲ្យក្រុមហ៊ុននីមួយៗនាំចូលជ្រូក៣០០ក្បាលប៉ុណ្ណោះ មកកាន់រាជធានីភ្នំពេញ ហើយជ្រូកនៅសល់ គឺដាក់តាមបណ្ដាលខេត្ត។
សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា ធ្លាប់បានបញ្ជាក់ថា កម្ពុជា ចំណាយថវិកាជាង៤០០លានដុល្លារក្នុងមួយឆ្នាំលើការនាំចូលជ្រូក សម្រាប់ផ្គត់ផ្គងតម្រូវការក្នុងស្រុក។
កម្ពុជាមានត្រូវការជ្រូកប្រមាណ៩ពាន់ក្បាលក្នុងក្បាលក្នុងមួយថ្ងៃ។ ប៉ុន្តែកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់បានប្រមាណ៧០ភាគរយៈប៉ុណ្ណោះ ពោលគឺប្រមាណ៦ពាន់ក្បាលក្នុងមួយថ្ងៃ។សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន២.៣លានក្បាល។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម៕