ការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងចិន និងឥណ្ឌា បានបង្កឲ្យប្រទេសទាំងពីរមានភាពតានតឹងជាថ្មី។ យ៉ាងហោចណាស់ ទាហានឥណ្ឌាចំនួន ២០នាក់ បានបាត់បង់ជីវិតដោយសារការវាយប្រហារដោយដៃ និងដៃនេះ។ ចំណែកខាងភាគីចិន ក៏មានទាហានស្លាប់ដូចគ្នា ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង មិនបានបញ្ចេញតួលេខអ្នកស្លាប់ ឬព័ត៌មានលម្អិតរបស់ខ្លួនឡើយ។ ថ្វីការប៉ះទង្គិចនៅតាមព្រំដែនលើកនេះបណ្តាលឲ្យស្លាប់ទាហានឥណ្ឌាស្លាប់ច្រើន និងបង្កភាពតានតឹងខ្លាំងក៏ពិតមែន វាក៏នៅតែមិនអាចបញ្ឆេះជម្លោះទ្រង់ទ្រាយធំ ឬសង្គ្រាមរវាងមហាអំណាចគីឡូធ្ងន់នៅអាស៊ីទាំងពីរ ដូចការព្រួយបារម្ភមួយចំនួនឡើយ។
ជាការពិត ចិន និងឥណ្ឌាមានព្រំដែនរួមគ្នាប្រវែងសរុប ៣៤៨៨គីឡូម៉ែត្រ ប៉ុន្តែដូចបណ្តាប្រទេសស្ថិតក្រោមអាណានិគមលោកខាងលិចជាច្រើនផ្សេងទៀតដែរ ព្រំដែនដ៏វែងមួយនេះ មិនត្រូវបានវាស់វែង ឬកំណត់ជាមួយគ្នាឲ្យបានជាក់លាក់នៅឡើយទេ។ បញ្ហាចម្បងនោះគឺនៅត្រង់ថា ឥណ្ឌាបានទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន McMahon (McMahon Line) ដែលបានកំណត់ដោយអង់គ្លេសក្នុងឆ្នាំ ១៩១៤ ពេលដែលមហាអំណាចមួយនេះត្រួតត្រាលើឥណ្ឌា។
យ៉ាងណាក៏ដោយ បក្សកុម្មុយនីស្តចិនដឹកនាំដោយលោក ម៉ៅ សេទុង ដែលបានគ្រប់គ្រងចិនដីគោកចាប់ពីឆ្នាំ១៩៤៩មកមិនដែលទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលគូសដោយអង់គ្លេសឡើយ។ រដ្ឋាភិបាលចិន បានទាមទារយកទឹកដីនៅតាមព្រំដែនប្រមាណជា ៩០០០០គីឡូម៉ែត្រក្រឡានៅរដ្ឋអារុណាចាល់ប្រាដែស (Arunachal Pradesh) របស់ឥណ្ឌាទាំងមូល និងនៅតាមតំបន់ផ្សេងទៀត។ ខណៈនោះដែរ ឥណ្ឌាទាមទារវិញទឹកដីដែលចិនកំពុងកាន់កាប់នៅខ្ពង់រាប អាក់សៃ ឈិន (Aksai Chin) លើជួរភ្នំហិម៉ាល័យជាផ្នែកមួយនៃតំបន់ឡាដាក់ (La Dakh)។
នាយករដ្ឋមន្រ្តីឥណ្ឌានារិន្ទ្រា ម៉ូឌី (ខាងស្តាំ) និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Getty Image
ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង Line of Actual Control (LAC) រវាងចិន និងឥណ្ឌា
ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) គឺការកំណត់ព្រំដែនដែលបែងចែកគ្នា ដោយផ្អែកទៅលើស្ថានភាពគ្រប់គ្រងរវាងចិន និងឥណ្ឌា។ ការកំណត់នេះ មិនមែនជាការកំណត់ព្រំដែនជាផ្លូវការឡើយ ប៉ុន្តែវាជាការឯកភាពគ្នារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ ថាតើតំបន់មួយណាជាដែនដីរបស់ចិន ឬតំបន់ណាជារបស់ឥណ្ឌា។ យ៉ាងណាក៏ដោយ បញ្ហាចម្រូងចម្រាស់លើខ្សែបន្ទាត់មួយនេះនៅតែបន្តកើតមាន ដ្បិតថា ឥណ្ឌាយល់ថា ខ្សែបន្ទាត់ព្រំដែនរវាងចិន និងឥណ្ឌាមានប្រវែងដល់ ៣៤៨៨ គីឡូម៉ែត្រ(ប្រវែងព្រំដែនសរុបរវាងចិន និងឥណ្ឌា) ខណៈចិនវិញគិតថា បន្ទាត់ព្រំដែននេះមានត្រឹមតែ ២០០០គីឡូម៉ែត្រប៉ុណ្ណោះ។
តាមពិតទៅ ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែងត្រូវបានបែងចែកជា ៣តំបន់ធំៗ។ តំបន់ទី១ស្ថិតនៅផ្នែកខាងកើត ដែលលាតសន្ធឹងលើរដ្ឋ Arunachal Pradesh និង រដ្ឋ Sikkim របស់ឥណ្ឌា។ តំបន់ទី២ ស្ថិតនៅផ្នែកកណ្តាល ដែលលាតសន្ធឹងលើ រដ្ឋ Uttarakhand និងរដ្ឋ Himachal Pradesh។ តំបន់ទី៣ ស្ថិតនៅផ្នែកភាគខាងលិច ដែលមាននៅលើទឹកដីតំបន់ឡាដាក់។
ខ្សែបន្ទាត់ខណ្ឌចែកព្រំដែនជាក់ស្តែងនេះ ដំបូងឡើយ ត្រូវបានបង្កើតឡើងដោយ អតីតនាយករដ្ឋមន្ត្រីចិន លោក ជូ អេនឡាយ (Zhou Enlai) នៅក្នុងលិខិតចំនួនពីរដែលលោកបានផ្ញើទៅកាន់សមភាគីឥណ្ឌា លោក ហ្សាវ៉ាហាឡាល់ នេរុហ៍ (Jawaharlal Nehru) ក្នុងឆ្នាំ១៩៥៩។ ក្នុងលិខិតនោះ អតីតនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ច្បាស់ៗថា ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែងនេះ អនុលោមតាមខ្សែបន្ទាត់ McMahon នៅតំបន់ភាគខាងកើត។ បើតាមកាសែតឥណ្ឌា India Express ខ្សែបន្ទាត់ ដែលបែងចែកតំបន់ព្រំដែនភាគខាងលិចវិញ គឺឈរលើការគ្រប់គ្រងជាក់ស្តែងរបស់ភាគីទាំងពីរ។
ក្នុងឆ្នាំ១៩៥៩ដដែល អំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា នេរុហ៍ ទៅកាន់ប្រទេសចិន លោកក៏បានឆ្លៀតសួរសំណួរពីបញ្ហាព្រំដែន និងខ្សែបន្ទាត់ McMahon ដែលកំណត់ដោយម្ចាស់អាណានិគមអង់គ្លេសដែរ។ ប៉ុន្តែជាការឆ្លើយតបទៅនឹងសំណួររបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ជូ អេនឡាយ បញ្ជាក់ថា ចិនមិនដែលទទួលស្គាល់ខ្សែបន្ទាត់ McMahon ដែលគូសដោយអង់គ្លេស ក្នុងឆ្នាំ ១៩១៤ ឡើយ។
សង្គ្រាមព្រំដែនរវាងចិន និងឥណ្ឌាក្នុងឆ្នាំ ១៩៦២
នៅក្នុងឆ្នាំ ១៩៦២ យោធាចិនជាច្រើនកងពល បានចល័តមកតំបន់ជម្លោះព្រំដែនជួរមុខ ដោយប្រឈមមុខជាមួយទាហានឥណ្ឌា ជុំវិញបញ្ហាចម្រូងចម្រាស់លើការកំណត់ព្រំដែនជាថ្មី។ សង្គ្រាមតាមព្រំដែនអូសបន្លាយរយៈពេលបួនសប្តាហ៍នេះ បានបង្កឲ្យទាហានឥណ្ឌាជាច្រើននាក់ស្លាប់ជាងទាហានចិន។ របាយការណ៍ខ្លះបញ្ជាក់ថា ទាហានទាំងសងខាងដែលស្លាប់មានជិតដល់ ២០០០នាក់ឯណោះ។ នៅ បន្ទាប់មក ភាគីចិនបានអះអាងថា យោធារបស់ខ្លួន បានដកទ័ពពីខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែងចម្ងាយ ២០គីឡូម៉ែត្រហើយ។ បញ្ហានេះ ត្រូវបាននាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ផ្ញើលិខិតមួយច្បាប់ ទៅនាយករដ្ឋមន្ត្រីឥណ្ឌា ដោយពន្យល់ថា ខ្សែបន្ទាត់ភាគខាងកើត គឺយកគំរូតាមខ្សែបន្ទាត់ McMahon ចំណែក LAC ក្នុងតំបន់ភាគខាងលិច និងកណ្តាល គឺយកតាមខ្សែបន្ទាត់របស់ចិន ដែលអនុវត្តតាំងពីបុរាណមក។
បញ្ហានៅមិនទាន់ចប់ឡើយទេ។ យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅក្នុងឆ្នាំ ១៩៦៧ ទាហានភាគីទាំងពីរបានប៉ះទង្គិចនៅតាមព្រំដែនជាថ្មី ដោយការបាញ់កាំភ្លើងធំផ្លោងដាក់គ្នា។ ហេតុការណ៍នេះ បានបង្កឲ្យទាហានឥណ្ឌា ៨០នាក់ស្លាប់ ហើយបង្កឲ្យទាហាន ចិនស្លាប់ និងរបួសរហូតដល់ ៤០០នាក់ឯណោះ។
ដល់ឆ្នាំ១៩៧៥ ឥណ្ឌា និងចិន បានប៉ះទង្គិចគ្នាមួយប្រ៉ាវទៀតនៅតំបន់ Tulung La ក្នុងរដ្ឋ Arunachal Pradesh។ ការប៉ះទង្គិចលើកនេះ បានបង្កឲ្យទាហានឥណ្ឌា ៤នាក់ស្លាប់។ អាចថា វាជាករណីប៉ះទង្គិចគ្នាតាមព្រំដែនដែលបណ្តាលឲ្យមានមនុស្សស្លាប់ចុងក្រោយគេបង្អស់ក្នុងជម្លោះព្រំដែនរវាងចិន និងឥណ្ឌាដែរ។
ព្រំដែន ដែលកំណត់ពីទីតាំងជម្លោះរវាងចិន និងឥណ្ឌា។ រូបភាព៖ Economist
កិច្ចព្រមព្រៀងលើ ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC)
តាមរយៈសៀវភៅចំណងថា How India Sees the World ដែលសរសេរដោយ លោក Shyam Saran ខ្សែបន្ទាត់ព្រំដែនកំណត់ការនេះគ្រប់គ្រងជាក់ស្តែងនេះ ត្រូវបានលើកឡើងជាថ្មី នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ផឹង (Li Peng) ទៅកាន់ទឹកដីឥណ្ឌា ក្នុងឆ្នាំ១៩៩១។ ក្នុងដំណើរទស្សនកិច្ចនេះ លោក លី និងសមភាគីឥណ្ឌា លោក ណារ៉ាស៊ីមហា រ៉ាវ (Narasimha Rao) បានបង្ហាញការឯកភាពគ្នាដែរលើការរក្សាសន្តិភាព និងភាពស្ងប់ស្ងៀមលើខ្សែបន្ទាត់ព្រំដែននេះ។
ក្នុងឆ្នាំ ១៩៩៣ មហាអំណាចឥណ្ឌា និងចិន ក៏បានឈានទៅប្រកាសពីជំហរគោរពខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែងនេះដែរ។ សញ្ញាវិជ្ជមានមួយនេះ គឺកើតឡើងក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ាស៊ីមហា រ៉ាវ ទៅកាន់ទឹកដីចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ មេដឹកនាំចិន និងឥណ្ឌាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់ លើខ្សែបន្ទាត់រួម។
ការកើនឡើងនៃការប្រឈមមុខគ្នាតាមព្រំដែនរវាងចិន និងឥណ្ឌាមួយទស្សវត្សរ៍ចុងក្រោយ
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការប្រទូសរ៉ាយនិងការប្រឈមមុខដាក់គ្នារវាងចិន និងឥណ្ឌា នៅតាមព្រំដែន តែងកើតមានជាញឹកញាប់។ ជាក់ស្តែង ព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នាដែលកើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយសារចិនចាប់ផ្តើមឈូសឆាយសាងសង់ផ្លូវនៅតំបន់ Doklam
ក៏ដូចជាការប៉ះទង្គិចគ្នានៅខែឧសភាកន្លងទៅ រវាងទាហានឥណ្ឌា និងចិន ដោយការប្រវាយប្រតប់គ្នា និងការគប់ដុំថ្មដាក់គ្នា។ ប៉ុន្តែបញ្ហានេះ បានត្រឹមបង្កឲ្យភាគីទាំងពីររងរបួសតែប៉ុណ្ណោះ។ ហេតុការណ៍នោះ បានកើតឡើងនៅក្នុងតំបន់ Naku La ក្នុងរដ្ឋ Sikkim។
រហូតដល់ថ្ងៃទី៧ ខែមិថុនា ឥណ្ឌា និងចិន យល់ព្រមដោះស្រាយជម្លោះនៅតាមព្រំដែនដោយ «សន្តិវិធី» បន្ទាប់ពីមេបញ្ជាការយោធា ប្រទេសទាំងពីរបានជួបចរចាគ្នាស្វែងរកដំណោះស្រាយនៅតំបន់ជួរភ្នំហិមាល័យ។
កងសន្តិសុខប្រចាំព្រំដែនរបស់ឥណ្ឌា។ រូបភាព៖ AFP
យ៉ាងណាក៏ដោយ ភាគីចិន មិនបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជម្លោះឡើយ បើទោះបីជាមានការព្រមព្រៀងគ្នានៅក្នុងជំនួបមេបញ្ជាការកងទ័ពប្រទេសទាំងពីរក៏ដោយ។ បើតាមការអះអាងរបស់លោក Ajai Shukla វរសេនីយ៍ឯកឥណ្ឌាដែលចូលនិវត្តន៍មួយរូប នៅក្នុងសារព័ត៌មាន Business Standard កាលពីខែមិថុនា គ្មានឡើយសញ្ញាដែលបញ្ជាក់ថា កងទ័ពចិនដកចេញពីតំបន់ជម្លោះឡើយ។ កងទ័ពចិន បានបន្តពង្រឹងការកាន់កាប់របស់ខ្លួនលើទឹកដីប្រមាណជា៦០ គីឡូម៉ែត្រក្រឡានៅតំបន់ជម្លោះ ហើយវាក៏ជាសកម្មភាពខុសច្បាប់ដែរ។ ចំណែកនៅតំបន់ផ្សេងទៀត ចិនបានដាក់ពង្រាយរថពាសដែក លេណដ្ឋាន និងរថយន្តសម្រាប់ធ្វើសង្គ្រាមផ្សេងទៀត។
ការប៉ះទង្គិចចុងក្រោយ និងបង្កឲ្យមានទាហានឥណ្ឌាស្លាប់ ២០នាក់
តាមរយៈការប៉ះទង្គិចចុងក្រោយនៅតាមព្រំដែនរវាងចិន និងឥណ្ឌា នាយប់ថ្ងៃទី១៥ ខែមិថុនា យ៉ាងហោចណាស់ទាហានឥណ្ឌាចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត។ ចំណែកទាហានចិន ក៏មានអ្នកស្លាប់ដែរ ប៉ុន្តែទីក្រុងប៉េកាំង មិនបានបញ្ចេញតួលេខ ឬព័ត៌មានពាក់ព័ន្ធនឹងអ្នកស្លាប់ឡើយ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការប៉ះទង្គិចនេះ ជាការប្រវាយប្រតប់ដោយដៃ និងដៃប៉ុណ្ណោះ។
ប៉ុន្តែទោះជាប្រើប្រាស់អាវុធឬដៃក៏ដោយ ការប៉ះទង្គិចគ្នានេះធ្វើឲ្យភាគីបន្តចោទដាក់គ្នា។ តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ទាហានឥណ្ឌា បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរចំនួនពីរដង ដោយញុះញង់ និងវាយប្រហារលើទាហានចិនមុន។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា ឯណោះវិញបានតបថា ការប៉ះទង្គិចនេះ កើតឡើងដោយសារតែ ភាគីចិនប៉ុនប៉ងបង្កទំនាស់ដោយ ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅតាមខ្សែបន្ទាត់ព្រំដែន។
យ៉ាងណាក៏ដោយ បញ្ហាមួយដែលបង្កឲ្យភាគីទាំងពីរប៉ះទង្គិចគ្នា នោះគឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ នៅលើតំបន់ប្របមាត់ទន្លេ Galwan ដែលហូរពីតំបន់ Aksai Chin ដែលចិនកំពុងកាន់កាប់មកដល់តំបន់ឡាដាក់របស់ឥណ្ឌា ដែលតំបន់ទាំងនេះស្ថិតក្នុងតំបន់កាស្មៀរទាំងអស់។ វាជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចុងក្រោយរបស់ឥណ្ឌា នៅតាមព្រំដែនដែលកំពុងហ៊ុមព័ទ្ធដោយជម្លោះ។ កន្លងមកចិនក៏បានព្យាយាមសាងសង់ផ្លូវនៅលើតំបន់ខាងលើដែរ ដោយមិនមានការយល់ព្រមពីឥណ្ឌាជាមុនឡើយ។
សង្គ្រាមរវាងមហាអំណាចទាំងពីរមិនអាចផ្ទុះឡើង តែឥណ្ឌាត្រៀមខ្លួនកំដរចិន
ជាការរំពឹងទុក ជម្លោះទ្រង់ទ្រាយធំឬសង្គ្រាមបង្ហូរឈាមគ្នារវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងមិនអាចកើតមានឡើងជាដាច់ខាត។ ហេតុផលសំខាន់នោះ គឺភាគីព្យាយាមថ្លឹងថ្លែងពីផលវិបាកនៃការប៉ះទង្គិចគ្នា ជាពិសេសក្តីវិនាសកម្មទាំងផ្នែកសេដ្ឋកិច្ច ការទូត និងសង្គម។
ក្នុងករណីដែល សង្គ្រាមផ្ទុះមែន វានឹងមានរយៈពេលយូរ ហើយក៏វាអាចអូសទាញភាគីដទៃទៀតឲ្យចូលក្នុងសង្គ្រាមនេះថែមទៀត។
គេអាចមើលឃើញរួចទៅហើយថា រដ្ឋាភិបាលប្រទេសទាំងពីរ បានយល់ព្រមដោះស្រាយជម្លោះដោយសន្តិវិធីនៅគ្រប់កាលៈទេសៈទាំងអស់។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ាយាំ ចេសាន់កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែដោះស្រាយភាពតានតឹង តាមរយៈកិច្ចចរចា និងរក្សាសុវត្ថិភាពតាមព្រំដែន។ ក្នុងកិច្ចសន្ទនាដដែលនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាសម្រួល និងបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ដោយការទទួលខុសត្រូវ និងមិនឲ្យមានការប្រឈមមុខដាក់គ្នា កើនឡើងជាដាច់ខាត។ បន្ថែមពីនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទាហានប្រទេសទាំងពីរតាមព្រំដែន មេបញ្ជាការកងទ័ពចិន និងឥណ្ឌា ក៏បានជួបពិភាក្សាគ្នារួចរាល់ហើយដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយគ្នាដែរ។
បើទោះជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាងប្រទេសទាំងពីរនឹងមិនអាចកើតឡើងក្តី ឥណ្ឌាប្រកាសជាមុនហើយថា ខ្លួនអាចកំដរចិនបានដូចគ្នា។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានលើកឡើងថា ទីក្រុងញូវដេលី ចង់បានតែសន្តិភាព ប៉ុន្តែខ្លួនក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ប្រសិនបើកាលៈទេសៈតម្រូវ។ បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌារូបនេះនៅថ្ងៃទី១៩ ខែមិថុនា នឹងកោះប្រជុំគ្រប់គណបក្សសំខាន់ៗទាំងអស់ និងអ្នកតំណាងរាស្ត្រ ដើម្បីជជែកពិភាក្សា និងដោះស្រាយបញ្ហាជម្លោះតាមព្រំដែនជាមួយចិនដែរ។ វិធានការយុទ្ធសាស្ត្រដើម្បីទប់ទល់ការសម្ញែងសាច់ដុំរបស់ចិនក៏ទំនងជានឹងត្រូវដាក់ចេញជាបន្តបន្ទាប់នៅពេលខាងមុខដូចគ្នា៕