ជាតិ
សេដ្ឋកិច្ច
ផ្លែស្វាយស្រស់ជិត ៦ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសនៅឆ្នាំ២០១៩ រូបថត៖ ហ្វេសប៊ុក វេង សាខុន
× ភ្នំពេញ៖ នៅឆ្នាំ ២០១៩ កម្ពុជាបាននាំចេញ ផ្លែស្វាយស្រស់តាមច្រកចេញចូលតែមួយ ទៅកាន់ទីផ្សារបរទេស ជិត៦ម៉ឺនតោន។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្មក្នុងឆ្នាំ ២០១៩។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់មាន ៥៨,១៦២ តោន តម្លៃប៉ាន់ស្មានមធ្យម ៥៥០ ដុល្លាក្នុង ១តោន។ ដំណាប់ស្វាយ ២,៧១២ តោន តម្លៃប៉ាន់ស្មានជាមធ្យម ៤,៥០០ ដុល្លាក្នុង ១តោន។ ទឹកស៊ីរ៉ូស្វាយ ៩២៨ តោន តម្លៃប៉ាន់ស្មានសរុប ៤០០ ដុល្លារក្នុង ១តោន។ ស្វាយជ្រក់ ៨,៦ តោន តម្លៃប៉ាន់ស្មានជាមធ្យម ៦០០ ដុល្លាក្នុង ១តោន។ ក្នុងនោះក៏មានការនាំចេញក្រៅផ្លូវការទៅកកាន់ប្រទេសវៀតណាម និងប្រទេសថៃជាច្រើនម៉ឺនតោនផងដែរ។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននេះ នឹងផ្ដល់ការងារបន្ថែម ក៏ដូចជាប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រៅពីប្រទេសចិន កម្ពុជាបាននាំស្វាយស្រស់ទៅកាន់ ប្រទេសកូរ៉េ ប្រទេសថៃ បណ្ដាប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប និងប្រទេសវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com