COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​ប្រេ​ស៊ី​ល​ប្តូរ​ច្បាប់​ថ្មី លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឧបត្ថម្ភ​ក្រុមបាល់ទាត់​
19, Jun 2020 , 10:29 pm        
រូបភាព
​ក្លិប​បាល់ទាត់​នៅ​ប្រេ​ស៊ី​ល​មាន​សេរីភាព ក្នុង​ការចរចា​សិទ្ធិ​ផ្សាយ​សម្រាប់​ការប្រកួត​ក្នុងផ្ទះ​រៀងៗ​ខ្លួន ដោយ​មិនចាំបាច់​ត្រូវមាន​ការផ្តល់​ភ្លើង​បៃតង​ពី​គូប្រជែង​របស់​ពួកគេ​ឡើយ ក្នុងអំឡុងពេល COVID-19 នេះ​។ នេះ​បើ​យោងតាម​ក្រឹត្យ​ថ្មី​ដែល​ចេញ​ដោយ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​នៅ​ថ្ងៃទី​១៨ ខែមិថុនា​។ ក្រឹត្យច្បាប់​នេះ​បញ្ចូល​ទាំង​ការឧបត្ថម្ភ​លើ​ឯកសណ្ឋាន​ក្រុម​ទៀតផង​។​


​កាលពីមុន ដំណើរការ​ប្រកួត​អាចធ្វើ​បាន​បាន​ទាល់តែ​នៅពេល​ក្រុម​ទាំងសងខាង​ព្រមព្រៀងគ្នា​រួចរាល់​សិន​។ នេះ​រាប់ទាំង​ការប្រកួត​នៅ​ទឹកដី​កណ្តាល​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ ក្រឹ​ត្ត​ថ្មី​ដែល​ចេញ​ដោយ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​លុបចោល​បញ្ញត្តិ​នេះ​។ ក្រឹត្យ​នេះ​ក៏​បដិសេធ​បញ្ញត្តិ​ឆ្នាំ ១៩៩៨ ដែល​ហាម​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ការផ្សាយពាណិជ្ជកម្ម​លើ​ឯកសណ្ឋាន​ក្រុម និង​ធ្វើ​ឲ្យ​មាន​ភាពច្បាស់លាស់​សម្រាប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​លើ​ឯកសណ្ឋាន​ថ្មី​។​
 
​លើសពីនោះ ក្រឹត្យ​ថ្មី​នេះ ក៏​អនុញ្ញាត​ឲ្យ​ក្លិប​អាច​ចុះហត្ថលេខា​លើ​កីឡាករ​សម្រាប់​កិច្ចសន្យា​រយៈពេល ៣០ ថ្ងៃ ពោលគឺ​ធ្លាក់ចុះ​ពី​ចំនួន​អប្បបរមា​ដែល​បានចែង​កាលពីមុន​ក្នុង​ចំនួន ៩០ ថ្ងៃ​។ កីឡាករ​ក៏​នឹង​ទទួលបាន ៥ ភាគរយ​នៃ​ប្រាក់ចំណូល​ពី​កម្មវិធី​ទូរទស្សន៍​ផងដែរ​។​
 
​ការសម្រេច​នេះ បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Bolsonaro ដែលជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​ងប់​ង​ល់​មួយរូប បានបង្ហាញ​មុខជា​មួយ​ផ្លាកសញ្ញា​របស់​ក្រុម Flamengo នៅលើ​បណ្តឹង​របស់លោក ចំ​ថ្ងៃ​ដែល Flamengo ចាប់ផ្តើម​ការប្រកួត​លី​គ​ឡើងវិញ បន្ទាប់ពី​ផ្អាក​ដោយសារ​ជំងឺ COVID-19 រយៈពេល​៣​ខែ​មក​។​
 
​ប៉ុន្មាន​ម៉ោង​មុន​ការប្រកួត​ចាប់ផ្តើម Flamengo មិនទាន់​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​គូប្រជែង​របស់​ពួកគេ Bangu ឡើយ ជុំវិញ​ការប្រកួត​ដែល​នឹងត្រូវ​ចាក់ផ្សាយ​តាម​ទូរទស្សន៍ ឬ​យ៉ាងណា​នោះ​។ ជំនួប​នេះ ត្រូវបាន​រិះគន់​ដោយ​សំណាក់​កីឡាករ និង​ក្លិប Bangu ដោយ​អះអាងថា ប្រេ​ស៊ី​ល​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ឡប់​ចូល​លី​គ​វិញ​ឡើយ​។
​គិត​មកទល់​ថ្ងៃទី​១៩ ខែមិថុនា​នេះ ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ដល់​ទៅ​ជាង ៤៧០០០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជិត​១​លាន​នាក់​។ ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ច្រើនជាងគេ​លំដាប់​ទី​២​លើ​លោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​ឈរ​កំពូល​តារាង​៕

Tag:
 ប្រធានាធិបតី​ប្រេ​ស៊ី​ល​ប្តូរ​ច្បាប់​ថ្មី លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឧបត្ថម្ភ​ក្រុមបាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com