ជាតិ
សង្គមជាតិ
លោក ឃឹម ហ្វីណង់ ចង់ឲ្យកសិករសំឡឹងមើលឱកាសចិញ្ចឹមចៀម និងពពែ credit លោក ឃ្វឹម ហ្វីណង់ ទស្សនាចម្ការល្ម៉ើនៅភូមិស្គន់ ឃុំត្បែង នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០។
× សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី បន្តជំរុញឱ្យកសិករបង្កើនបច្ចេកទេសដាំដុះ ឱ្យបានត្រឹមត្រូវ ដើម្បីចំណេញទាំងពេលវេលា និងប្រាក់ចំណេញ។ ក្រៅពីបន្លែ និងផ្លែឈើ លោក ក៏ចង់ឱ្យកសិករចាប់អារម្មណ៍ការចិញ្ចឹមសត្វផងដែរ ជាពិសេសសត្វចៀម ពពៃ និងសត្វជ្រូក។
លោក ឃឹម ហ្វីណង់ ចង់ឱ្យកសិករស្រុកបន្ទាយស្រី ងាកមករបរចិញ្ចឹមសត្វ ឱ្យបានច្រើន បើទោះជាភូមិសាស្ត្រស្រុកបន្ទាយស្រី មានសក្តានុពលក្នុងវិស័យកសិកម្មផងដែរ។ លោក ឃឹម ហ្វីណង់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៦ មិថុនាថា ភូមិសាស្ដ្រស្រុកបន្ទាយស្រី ស្ថិតនៅក្បែរភ្នំ ដែលមានភាពអំណោយផលច្រើន សម្រាប់ការចិញ្ចឹមសត្វចៀម និងពពែជាដើម។ លើសពីនេះ អភិបាលស្រុកវ័យក្មេងរូបនេះ ក៏ចង់ឱ្យកសិករបង្កើនបច្ចេកទេសចិញ្ចឹមជ្រូកគូលែនដែលអ្នកភូមិយកជ្រូកស្រុកបង្កាត់ជាមួយជ្រូកព្រៃដែរ ដែលបច្ចុប្បន្ន ជ្រូកប្រភេទនេះ មានតម្លៃល្អនៅលើទីផ្សារ។
ដ្បិតតែជំរុញឲ្យបង្កើនការចិញ្ចឹមសត្វ លោក ហ្វីណង់ ក៏មិនភ្លេចរំឭកកសិករឲ្យបង្កើនការដាំដំណាំ និងបន្លែផងដែរ ប៉ុន្តែកសិករត្រូវ ពិចារណា លើដែបន្លែ កសិផល ដែលមានតម្រូវការខ្ពស់ និងមិនគួរដាំដំណាំណា សម្រាប់តែទីផ្សារក្នុងស្រុកតែមួយមុខនោះទេ។ លោកអភិបាលស្រុកបន្ទាយស្រី ពន្យល់ទាក់ទងនឹងបញ្ហានេះថា៖«យើងផ្តោតជារួមលើដំណាំប្រភេទណា ទី១ មានតម្លៃខ្ពស់ មិនសូវមានតម្រូវដីធំពេកទេ តែមានតម្លៃខ្ពស់ បើទោះដាំអស់ទុនខ្ពស់បន្ដិចក៏ដោយ ទី២ ជាដំណាំដែលមានតម្រូវការទេសចរណ៍ ទី៣ ផ្តល់សក្កានុពលទេសចរណ៍ ជាកសិទេសចរណ៍ដែលអាចឱ្យគេមកលេងបាន...»។
បន្ថែមពីនេះ លោកអភិបាលស្រុក ចង់ឱ្យកសិករងាកមកដាំប្រភេទក្រូចច្របាច់ ដែលកម្រមានកសិករដាំ ហើយភាគច្រើននាំចូលពីប្រទេសក្រៅ៕
Tag:
កសិកម្ម
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com