ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កណ្ដាល ទុកពេល​៧​ថ្ងៃ ឱ្យ​ម្ចាស់​ដេប៉ូ​ខ្សាច់​មួយ ដែល​រំលោភ​ដី​វត្ត​ព្រែក​អញ្ចាញ រុះរើ​ចេញ​
20, Jun 2020 , 2:30 pm        
រូបភាព
​ភ្នំពេញ​៖ អភិបាលខេត្ត​កណ្ដាល លោក គង់ សោ​ភ័​ណ្ឌ បាន​ទុកពេល​៧​ថ្ងៃ ឱ្យ​ម្ចាស់​ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី ដែល​រំលោភ​ដី​វត្ត​ព្រែក​អញ្ចាញ រុះរើ​ចេញពី​វត្ត​រតនៈ​បុប្ផារាម​ហៅ​(​វត្ត​ព្រែក​អញ្ចាញ​) ជាបន្ទាន់​។ ការសម្រេច​របស់លោក គង់ សោ​ភ័​ណ្ឌ ធ្វើឡើង​បន្ទាប់ពី​រកឃើញថា ម្ចាស់​ដេប៉ូ​មួយ​នេះ បាន​រំលោភ​កិច្ចសន្យាជួល​ដី​វត្ត​។​


​លោក គង់ សោ​ភ័​ណ្ឌ បាន​ព្រមាន​ថា បើ​ម្ចាស់​ដេប៉ូ មិន​ព្រម​រុះរើ​ចេញ​តាម​ការកំណត់​ទេនោះ អាជ្ញាធរ​នឹង​អនុវត្តតាម​វិធានការ​ច្បាប់​។ ថ្លែង​ចំពោះមុខ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ រួមទាំង​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​១៩ មិថុនា អភិបាលខេត្ត​កណ្ដាល​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ម្ចាស់​ដេប៉ូ ឈឿន ម៉ា​នី រុះ​រើចេញ​ជាបន្ទាន់ ក្នុង​រយៈពេល​៧​ថ្ងៃ ប្រសិន បើ​មិន​ព្រម​រុះរើ​ឱ្យអស់​ទេ គឺ​អាជ្ញាធរ​នឹងត្រូវ​រឹបអូស​សម្ភារ​ទៅ​សាលាស្រុក​មុខកំពូល​ទាំងអស់ ហើយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។​
 
​ជាមួយគ្នានេះ​លោក គង់ សោ​ភ័​ណ្ឌ ក៏​សំណូមពរ​ទៅកាន់​ចៅអធិការ និង​គណៈកម្មាធិការ​វត្ត​ព្រែក​អញ្ចាញ ឱ្យ​ឈប់​ជួល​ដី​វត្ត​ឱ្យ​បុគ្គល ឬ​ម្ចាស់​អាជីវក​ម្មណា ប្រកប​របរ​រកស៊ី​នៅ​បរិវេណ​វត្ត​ទៀតឡើយ ព្រោះ​កុំឱ្យ​កើតមាន​ជម្លោះ​ជាថ្មី ជាពិសេស​ប៉ះពាល់​ដល់ទី​កន្លែង​ស្ងប់ស្ងាត់​នៃ​វិស័យ​ព្រះពុទ្ធសាសនា​។​
  
​វិធានការ​ដំណោះស្រាយ​នេះ បាន​កើតឡើង​បន្ទាប់ពី​ពលរដ្ឋ​បាននាំគ្នា​ចេញ​តវ៉ា​ឱ្យ​ម្ចាស់​អាជីវកម្ម​ខាងលើ​រុះរើ​ចេញពី​វត្ត​ប៉ុន្មាន​ថ្ងៃនេះ​។ មូល​ហេតុដែល​ពលរដ្ឋ ចេញមុខ​តវ៉ា​នេះ ដោយសារតែ​ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី រំលោភ​កិច្ចសន្យា​លើ​ការជួល​ដី​វត្ត ចុះ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៥​។ ក្នុង​កិច្ចសន្យាជួល​ដី​នេះ គឺ​មានការ​ព្រមព្រៀងគ្នា​រវាង​លោក ស៊ឹម ប៉ុន ជា​គណៈកម្មាធិការ​អាចា​រ្យ​វត្ត ដោយបាន​ឯកភាពគ្នា​ជួល​ដី​នៅខាងមុខ​វត្ត​ព្រែក​អញ្ចាញ ឱ្យទៅ​ឈ្មោះ ឈឿន ប៊ុន​ឆាន និង ឈឿន ម៉ា​នី ដើម្បី​ធ្វើ​អាជីវកម្ម​ក្រួស​-​ខ្សាច់ រយៈពេល​៣​ឆ្នាំ​។ 
 
​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​រូបនេះ មិនបាន​អនុវត្តតាម​កិច្ចសន្យា​ឡើយ ពោលគឺ​ពួកគេ​នៅតែ​បន្ត​យក​គ្រឿងចក្រ​ទៅ​ជីកដី​វត្ត​ជាប់​មាត់ទន្លេ​រួច ដឹក​យកទៅលក់​ជា​រៀងរាល់ថ្ងៃ ទោះបី​កិច្ចសន្យា​ត្រូវបាន​អស់​សុពលភាព​រយៈពេល ១១​ខែ​កន្លងមកហើយ ខណៈ​គណៈកម្មាការ​វត្ត​សម្រេច​ឈប់​ជួល​ដី​ឱ្យ​បន្ត ដើម្បី​យក​ទីនោះ​ទៅធ្វើជា​រមណីយដ្ឋាន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​វិញ​៕
 
 

 

Tag:
 បូម​ខ្សាច់​
  គង់ សោ​ភ័​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com