សៀមរាប៖ មានអាយុ ៦៨ឆ្នាំ អ្នកស្រី ជា ញិប ត្រូវចិញ្ចឹមចៅកំព្រា៥នាក់ តែម្នាក់ឯង ដោយទីពឹងលើរបរធ្វើនំត្នោត នំអាកោ និងបង្អែមលក់។ លក់នំ១ថ្ងៃ បានប្រាក់ចំណេញប្រមាណ៣ម៉ឺនរៀល ជីដូនមេម៉ាយរូបនេះ ត្រូវចំណាយទៅលើថ្លៃម្ហូបប្រចាំថ្ងៃ និងថ្នាំព្យាបាលរោគ ព្រមទាំងទុកឱ្យចៅទៅរៀនខ្លះផង។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
អង្គុយលើគ្រែរនាបក្ដារ ក្នុងសម្លៀកបំពាក់ពណ៌ស អ្នកស្រី ជា ញិប ទើបតែត្រឡប់មកពីវត្តនៅថ្ងៃសីល។ មកដល់ផ្ទះមិនទាន់ផ្លាស់សម្លៀកបំពាក់ទៅវត្តចេញផង ស្ត្រីសម្បុរស្រអែម មុខជ្រួញដោយអន្លើ កោរសក់អស់រូបនេះ រូតរះរៀបចំសម្ភារដូចជាចានដែក ចានជ័រ មានតូចមានធំ ដាក់តាមលំដាប់នៅចំកណ្ដាលគ្រែដែលនៅជិតក្រោលគោ ដើម្បីទុកដាក់ផ្លែត្នោតទុំដែលបកសម្បករួច។
ស្ថិតនៅចំកណ្ដាលញាតិមិត្តចាស់ក្មេង ដែលនៅជិតជុំ រង់ចាំមើលពីរបៀបធ្វើចាហួយត្នោត ជីដូនមេម៉ាយអាយុ៦៨ឆ្នាំរូបនេះ មានមុខរបរលក់នំខ្មែរបន្តិចបន្តួច ដើម្បីចិញ្ចឹមចៅស្រីប្រុស៥នាក់។ ដៃបកសម្បកផ្លែត្នោតទុំដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យដោយសាច់ចោលទៅសំបកច្រើន អ្នកស្រី ជា ញិប មានប្រសាសន៍ថា គាត់ត្រូវក្រោកពីម៉ោង២ទៀបភ្លឺ ដើម្បីរៀបចំចម្អិននំអាកោត្នោត និងនំផ្សេងៗទៀត ទុកលក់នៅពេលព្រឹក។
អ្នកស្រី ជា ញិប រៀបចំធ្វើចាហួយត្នោត ដោយមានញាតិមិត្តក្នុងភូមិឈរមើលផង
បើទោះបីជាត្រូវចិញ្ចឹមចៅតែម្នាក់ឯង ដោយត្រដាបត្រដួសយ៉ាងណាក៏ដោយ ក៏ស្ត្រីប្ដីស្លាប់ចោលជាង១០ឆ្នាំរូបនេះ នៅតែតស៊ូឱ្យចៅ៣នាក់បានចូលរៀនដែរ។«ខ្ញុំលក់លត ថ្ងៃណាខ្លះក៏លក់នំអាកោត្នោត ថ្ងៃណាខ្លះក៏ធ្វើនំត្នោតអង្ករគ្រប់តែមុខ។ នំណាដែលធ្វើកើត ខ្ញុំចេះតែធ្វើលក់។ ទ្រាំដើម្បីចៅ ឱ្យវាមានអនាគតនឹងគេ។ ខ្ញុំខ្លាចតែចៅដើរលេង ទៅប៉ះជួបក្រុមអ្នកប្រើគ្រឿងញៀន ខ្ញុំពិចារណាបែបនេះ ទើបបានជាខ្ញុំចេះតែជេរ ចេះតែថា ចេះតែវៃចៅខ្លះទៅ»។
ត្រូវរែកនំដើរលក់ ពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ទាំងថ្ងៃក្តៅហួតហែង ពីម៉ោងប្រហែល២រសៀល រហូតដល់ម៉ោងប្រហែល៥ល្ងាច ទើបលក់អស់ ជួនត្រូវលក់ទាំងភ្លៀងរលឹមផល អ្នកស្រី ជា ញិប អាចរកប្រាក់ចំណេញបានប្រមាណតែ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ «បើថ្ងៃណាខ្ញុំធ្វើនំលក់ច្រើន ក៏បានប្រាក់ចំណេញក្រែល តែបើធ្វើតិចក៏បានតាមតិច។ គេអាណិតគេចេះតែជួយទិញ។ ថ្ងៃខ្លះ ខ្ញុំចំណេញបាន៣ម៉ឺនរៀល»។
មិនមានដី ហើយក៏មិនមានផ្ទះផ្ទាល់ខ្លួន ស្ត្រីវ័យចំណាស់ដែលរស់នៅក្នុងឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាបរូបនេះ ពឹងអាស្រ័យនឹងផ្ទះរបស់ក្មួយស្រីម្នាក់ ដោយត្រូវចំណាយការចាយវាយដោយខ្លួនឯង។ រកប្រាក់បានបន្តិចបន្តួច ជីដូនចំណាស់ត្រូវចាយលើម្ហូបពេញមួយថ្ងៃដែលមាន៣ពេល ប្រមាណជាង១ម៉ឺនរៀល ត្រូវទិញថ្នាំព្យាបាលរោគខ្លះ និងក្បិតក្បៀតប្រាក់ខ្លះគ្រាន់ទុកធ្វើបុណ្យ។ ឧបាសិកា ដែលមានកូន៤នាក់រូបនេះ បញ្ជាក់ដោយសម្ដីរដឺន«ប្រាក់លក់បានទុកទៅបុណ្យ ទុកចំណាយផ្សេងៗ បានតែទប់ទល់ មិនបានសល់ទេ។ បើទៅពឹងកូន គ្រួសារគេអត់ដែរ ធ្វើម្ដេចបានជួយយើងគ្រប់គ្រាន់»។
ផ្លែត្នោត សម្រាប់ធ្វើនំត្នោត
បើទោះជាខំប្រឹងប្រែងរកប្រាក់យ៉ាងណាក៏ដោយ តែកម្លាំងចាស់តែម្នាក់ឯង ត្រូវផ្គត់ផ្គង់ចៅ៥នាក់ មិនអាចធ្វើឱ្យជីវភាពប្រសើរឡើយ។ ដូច្នេះហើយ ទើបបានជាជីដូនមេម៉ាយរូបនេះ បង្ខំចិត្តឱ្យចៅស្រីច្បង២នាក់ ដែលមានអាយុ១៩ឆ្នាំម្នាក់ និងអាយុ១៧ឆ្នាំម្នាក់ ទៅធ្វើការនៅរាជធានីភ្នំពេញ។ «បើមិនចូលធ្វើការតើបានអ្វីហូប? ចៅស្រីបងគេទៅធ្វើការនៅភ្នំពេញយូរគ្រាន់ហើយ ប៉ុន្តែពេលទៅមុនៗ គេផ្ញើប្រាក់ទៅឱ្យឪពុកគេ ព្រោះគេនៅជាមួយឪពុក។ ទើបតែខែមុននេះទេ ដែលចៅច្បងបានផ្ញើប្រាក់ឱ្យខ្ញុំ»។
មានទឹកមុខស្រងូត មើលទៅផ្លែត្នោតពណ៌ក្រម៉ៅមិនទាន់បកសម្បក ដែលនៅជិតដៃ ស្ត្រីកូនប្រុស៣ស្រី១ ជា ញិប ដែលនៅជាម្លប់បាំងភ្លៀង បាំងខ្យល់ បាំងកម្ដៅថ្ងៃ សម្រាប់ចៅស្រីប្រុស៥នាក់ អះអាងថា គាត់មិនហ៊ានទៅសុំស្នាក់អាស្រ័យ ជាមួយកូនបង្កើតរបស់គាត់ឡើយ។ ម្ដាយកម្សត់រូបនេះពន្យល់៖«កូនប្រុសៗបានប្រពន្ធ គេបានកូន១ បានកូន២ គេនៅតែគ្នាគេ គេម្ដេចមកខ្វល់នឹងយើង។ គេជួយដែរ ខែបុណ្យទានគេជួយ១ម៉ឺន ឬ២ម៉ឺនអីហ្នឹង។ បើចង់ឱ្យគេជួយរាល់ថ្ងៃ គេមានអ្វីជួយយើង គេខ្លាចគ្រួសារគេអត់ដែរ។ ហើយខ្ញុំចិញ្ចឹមចៅផង គេដែលអរនឹងយើង?»។
ត្បាល់កិនដែលអ្នកស្រី ជា ញិប ប្រើសម្រាប់កិនម្សៅធ្វើនំរាល់ថ្ងៃ
ងាកមកអ្នកស្រី ម៉ៅ គឹមលីស អាយុ៤២ឆ្នាំ ជាក្មួយស្រីដែលជួយយកអាសាម្ដាយមីងកម្សត់ ឱ្យមករស់នៅលើផ្ទះប្រក់ក្បឿង ជញ្ចាំង និងរនាបក្ដារវិញ។ ភ្នែកសម្លឹងមើលទៅម្ដាយមីងដែលនៅអង្គុយមិនឆ្ងាយប៉ុន្មានពីខ្លួន អ្នកស្រី គឹមលីស ថាគាត់អាចជួយគ្រួសារខ្វះទីពឹងពំនាក់នេះបានតិចតួចប៉ុណ្ណោះ។ «ខ្ញុំគិតថា គាត់មិនមានដីមិនមានផ្ទះ ខ្ញុំគិតទៅដល់ការលំបាក ក្នុងដំណាក់កាលចុងក្រោយរបស់គាត់ ពេលដែលគាត់ឈឺគឺយ៉ាប់ហើយ។ ហើយនៅពេលមិនមានទីលំនៅ ចៅមានគោលដៅមកពីណា? បើយើងមានដី មានផ្ទះសំបែង នោះទើបចៅមានគោលដៅ។ ខ្ញុំអាចជួយគាត់ត្រឹមតែអាហារបន្តិចបន្តួចតែប៉ុណ្ណឹងឯង»។
ជាធម្មតាអ្នកស្រី ជា ញិប ធ្វើនំអាកោត្នោត ឬនំអង្ករត្នោតលក់ នៅរដូវមានត្នោតទុំ។ ក្រៅពីនោះ អ្នកស្រីក៏ ធ្វើបង្អែមលត និងបង្អែមមួយចំនួនទៀតលក់ដែរ។ ទោះជាយ៉ាងណា ការធ្វើនំនិងបង្អែមទាំងអម្បាលម៉ានខាងលើ ដូនចាស់រូបនេះ មិនហ៊ានធ្វើច្រើនឡើយ ព្រោះខ្លាចលក់មិនអស់ខាតដើម។ បើទោះបីជាជីវភាពក្រយ៉ាងណាក៏ដោយ ក៏ជីដូនដែលដើរតួជាយាយផង ជាម្ដាយផង និងជាឪពុកផងនេះ នៅតែស្វះស្វែងឱ្យចៅប្រុសតូចៗ៣នាក់ នៅក្នុងបន្ទុក ដែលមានអាយុ១៤ឆ្នាំម្នាក់ អាយុ១១ឆ្នាំម្នាក់ និងអាយុ៩ឆ្នាំម្នាក់ បានរៀនសូត្រសន្សំចំណេះដឹងដែរ៕