អន្តរជាតិ
នយោបាយអន្តរជាតិ
សភាអឺរ៉ុបបោះឆ្នោតឲ្យប្ដឹងចិនទៅ ICJ បើប៉េកាំងហ៊ានដាក់ច្បាប់សន្តិសុខថ្មីលើហុងកុង
× សហភាពអឺរ៉ុប (EU) គួរប្ដឹងចិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងដាក់ប្រើច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង។ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តបែបនេះ នៅថ្ងៃទី១៩ ខែមិថុនា ហើយក៏ស្នើឲ្យប្លុកប្រទេសទាំង២៧នេះប្រើឥទ្ធិពលសេដ្ឋកិច្ចគំរាមប្រឆាំងចិនទៀតផង។
រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប បានបង្ហាញកង្វល់ធ្ងន់ធ្ងរជុំវិញច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងអ្នកជំនួញខ្លះ អះអាងថា វានឹងប៉ះពាល់ដល់ឋានៈពាក់កណ្ដាលស្វយ័តរបស់ទីក្រុងនេះ និងតួនាទីរបស់វាក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ។
ក្នុងសេចក្តីសម្រេចមួយ សភាអឺរ៉ុប បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥ប្រឆាំងនឹង៣៤សំឡេង និងមានសំឡេងអនុបវាទចំនួន៦២ ដោយទាមទារឲ្យប្រឆាំងចំពោះច្បាប់សន្តិសុខនេះ ដែលអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក អះអាងថា វានឹងប៉ះពាល់ដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ គោលការណ៍ពិសេសដែលមានតាំងពីឆ្នាំ១៩៩៧មក គ្រប់គ្រងស្វយ័តភាពរបស់ទីក្រុងហុងកុង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ត្រង់ចំណុចនេះ សភាអឺរ៉ុបបានទទូចឲ្យ EU និងរដ្ឋជាសមាជិកខ្លួនពិចារណាប្ដឹងចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីច្បាប់សន្តិសុខថ្មីត្រូវបានអនុវត្តសម្រាប់ទីក្រុងហុងកុង។ ICJ គឺស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ និងមានមូលដ្ឋាននៅទីក្រុង ឡាអេ ប្រទេស ហូឡង់ ។
យ៉ាងណាមិញ សេចក្តីសម្រេចរបស់សភា EU ពុំមានលក្ខណៈចាប់បង្ខំឲ្យរដ្ឋជាសមាជិកទាំងអស់ត្រូវដាច់ខាតគោរពតាមទេ (non-binding) ក៏ប៉ុន្តែសញ្ញានយោបាយដែលពួកវាផ្ដល់ អាចមានឥទ្ធិពលគោលនយោបាយបាន។
ម្យ៉ាងវិញទៀត សេចក្តីសម្រេចសភាអឺរ៉ុបដដែល ក៏បានស្នើឲ្យ EU ពិចារណាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងចិនផងដែរ។ ត្រង់ចំណុចនេះ សេចក្តីសម្រេចដដែលសរសេរបែបនេះ៖«សភាជឿជាក់ថា EU គួរប្រើអំណាចសេដ្ឋកិច្ចដាក់គំនាបលើការបង្ក្រាបរបស់ចិនលើសិទ្ធិមនុស្ស ដោយមធ្យោបាយសេដ្ឋកិច្ច»។
ទោះជាចេញសេចក្តីសម្រេចបែបនេះ ថ្នាក់ដឹកនាំនៃស្ថាប័ន EU និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង គ្រោងជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ២២ ខែមិថុនា ខាងមុខ។
សូមបញ្ជាក់ថា សភាប្រជាជនចិន កាលពីថ្ងៃទី២៨ ខែឧសភា បានអនុម័តលើសេចក្តីសម្រេចច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង៕
Tag:
សភាអឺរ៉ុប
EU
ICJ
ហុងកុង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com