សង្គមអន្តរជាតិ
អន្តរជាតិ
ព្រៃឈើកូស្តារីកា កើនឡើងទ្វេដងក្នុងពេល៣០ឆ្នាំចុងក្រោយ
× ដោយ ឈួន ឈីវអ៊ីង
ប្រទេសកូស្តារីកា ទទួលបានការកោតសរសើរជារឿយៗ អំពីការរីកចម្រើននៃនិរន្តរភាពផ្នែកបរិស្ថាន លើក្រុមជីវចម្រុះនិងការអភិរក្សផ្សេងៗទៀត។ កាលពីឆ្នាំ ១៩៨៣ ប្រទេសនេះគ្របដណ្តប់ដោយព្រៃឈើត្រឹមតែ២៦% ប៉ុណ្ណោះ ប៉ុន្តែដោយផ្អែកលើការយកចិត្តទុកដាក់ចំពោះបរិស្ថាន បច្ចុប្បន្នព្រៃឈើប្រទេសកូស្តារីកាបានកើនដល់ ៥២% ដែលស្មើនឹង២ដងនៃទិន្នន័យក្នុងឆ្នាំ១៩៨៣។
នៅទសវត្សរ៍ឆ្នាំ១៩៤០ ជាង៣ភាគ៤នៃផ្ទៃដីកូស្តារីកា ភាគច្រើនត្រូវគ្របដណ្តប់ដោយព្រៃត្រូពិចនិងក្រៅពីនេះគឺជាដែនដីរបស់ជនជាតិដើមភាគតិច។ បើយោងតាមអង្គការសហប្រជាជាតិ។ ប៉ុន្តែ ដោយការគ្រប់គ្រងមិនបានល្អ ធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើនៅសល់ត្រឹមតែ ២៦%កាលពីឆ្នាំ ១៩៨៣។
ជារឿងដ៏គួរឲ្យស្ងប់ស្ងែង បច្ចុប្បន្ន ព្រៃឈើគ្របដណ្តប់ផ្ទៃប្រទេសត្រូវបានកើនឡើងដល់ ៥២% ដែលមានទំហំធំជាងមុន២ដង។ ទាក់ទិនរឿងនេះ ប្រធានាធិបតីកូស្តារីកា Carlos Alvarado បានហៅ«វិបត្តិអាកាសធាតុនេះថាជា កិច្ចការដ៏ធំបំផុតក្នុងជំនាន់របស់ពួកយើង» ហើយត្រូវការពារទោះក្នុងតម្លៃណាក៏ដោយ។ លើសពីនេះ លោកសង្ឃឹមថា អាចនឹងជំរុញប្រទេសដទៃទៀតឲ្យអនុវត្តតាមប្រទេសរបស់លោក។
ប្រទេសដ៏តូចដែលពោរពេញទៅដោយព្រៃរងទឹកភ្លៀងខៀវស្រងាត់មួយនេះ គឺបានបង្កើតការចាប់អារម្មណ៍រួចទៅហើយ ដោយពេលនេះ ផ្ទៃដីពាក់កណ្តាលប្រទេសបានគ្របដណ្តប់ដោយព្រៃឈើ។ ទំហំព្រៃឈើនៃប្រទេសកូស្តារីកា បានកើនឡើងពីរដងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដែលអាចស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីក្នុងបរិយាកាសបានយ៉ាងច្រើន។ ថ្មីៗនេះ កូស្តារីកាគ្រោងនឹងលុបបំបាត់ការប្រើឥន្ធនៈឲ្យបាននៅឆ្នាំ ២០៥០៕
© រក្សាសិទ្ធិដោយ thmeythmey.com