ជាតិ
២៥ខេត្ត/រាជធានី
បន្ទាប់ពីស្រូវ ស្វាយចន្ទី,ពោតក្រហម និងដំឡូងមី ជាកសិផលដែលត្រូវបានដាំដុះច្រើនជាងគេនៅកម្ពុជា
× ដោយ៖ ខន ណារី
ភ្នំពេញ៖ កសិកម្ម ជាវិស័យអាទិភាពនៅកម្ពុជា ហើយក្នុងនោះដំណាំស្រូវ ត្រូវបានប្រជាកសិករដាំដុះច្រើនជាងគេបង្អស់ ដោយបានគ្របដណ្តប់ផ្ទៃដី ៣,៨៨ លានហិកតា នៅក្នុងឆ្នាំ២០១៩។ នេះបើតាមលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលថ្លែងក្នុងសន្និសីទកាសែតស្ដីពី«សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែលមានការទាក់ទងទៅនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៧ ខែមិថុនា។
តាមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បន្ទាប់ពីដំណាំស្រូវ មានកសិផលចម្បង៨មុខទៀត ដែលត្រូវបានប្រជាកសិករដាំដុះ ក្នុងនោះមានស្វាយចន្ទី ចំនួន២២ ម៉ឺនហិកតា, ពោតក្រហមជាង ២០ ម៉ឺនហិកតា, ដំឡូងមី ១៥ ម៉ឺនហិកតា, ស្វាយ ១២ ម៉ឺនហិកតា, ចេកអំបូងលឿង ៤ ម៉ឺនហិកតា, មានប៉ៃលិន ១ ម៉ឺនហិកតា, ម្រេច ៣ ពាន់ហិកតា និងស្រកានាគប្រមាណ ៥ ពាន់ហិកតា។
លោក ងិន ឆាយ បានបញ្ជាក់នៅក្នុងវេទិកានោះដែរថា វិស័យកសិកម្ម នៅតែជាវិស័យមួយសំខាន់ ជួយទ្រទ្រង់ជីវភាពរស់នៅរបស់កសិករ ផ្ដល់សន្តិសុខស្បៀង និងការងារនៅជនបទ ក៏ដូចជាចូលរួមទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាផងដែរ បើទោះបច្ចុប្បន្នកម្ពុជាប្រឈមនឹងវិបត្តិកូវីដ-១៩ក្តី។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការទៅទីផ្សារអន្តរជាតិសរុប ៤,៨៧ លានតោន ក្នុងនោះនាំទៅសហគមន៍អឺរ៉ុបជាង ២៦១ពាន់តោន បណ្ដាប្រទេសអាស៊ានជាង ៤ លានតោន ប្រទេសចិន ៤៣០ ពាន់តោន និងទៅប្រទេសផ្សេងៗ ១៣៥ ពាន់តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com