ភ្នំពេញ៖ កម្ពុជា ត្រូវតែប្ដូរយុទ្ធសាស្ត្រមកផលិតកសិកម្មសរីរាង្គឱ្យបានច្រើន ទើបអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា បានថ្លែងបែបនេះ នៅក្នុងវេទិកាតុមូលពិភាក្សា ស្តីពី «ការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ-១៩ » កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បាននិយាយថា ផលិតផលកសិកម្ម ដែលកម្ពុជាអាចប្រកួតប្រជែងទីផ្សារ ឈ្នះប្រទេសជិតខាង ដូចជា ថៃ និងវៀតណាមនោះ គឺមានតែផលិតផលសរីរាង្គទេ។ ក្នុងន័យនេះលោក គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រផលិតផលកសិកម្មសេរីរាង្គ គឺដើម្បីផ្ដួលផលិតផលប្រើគីមី និងជាតិពុល។
បណ្ឌិតសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«កសិកម្មរបស់កម្ពុជា មានផ្ទៃដីតូច ដូច្នេះយើងមិនអាចយកទៅប្រកួតប្រជែងជាមួយប្រទេសថៃ និងវៀតណាមបានទេ។ អ៊ីចឹងបើយើងនិយាយអំពីកម្រិតទិន្នផល ដើម្បីយកមកប្រកួតប្រជែងអត់បានទេ។ អ៊ីចឹងកម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រមកធ្វើជាផលិផលសេរីរាង្គ ដោយមិនប្រើគីមី ជាផ្នែកទីផ្សារ (Market Segment ) មួយខ្ពស់ ខសពីផលិផលប្រទេសនានា ដើម្បីផ្ឌត់ផ្គង់វិស័យទេសចរណ៍។ (ធ្វើបែប)នេះ ទើបយើងអាចក្លាយទៅជាយុទ្ធសាស្ត្រ Product Difference Change ដើម្បីទាញឱ្យកម្ពុជាមានសក្ដានុពលក្នុងការប្រកួតប្រជែង»។
សម្រាប់លោក សេរីវឌ្ឍន៍ បើកម្ពុជាមិនប្រើយុទ្ធសាស្ត្រនេះទេ កម្ពុជាមិនអាចប្រកួតប្រជែងឈ្នះប្រទេសជិតខាងបានឡើយ ។ «បើអត់ធ្វើ(ផលិតកសិកម្មសេរីរាង្គ)បែបនេះ យើងមិនមានសក្តានុពលប្រកួតប្រជែងទេ ព្រោះយើងនៅផលិតស្រូវដូចតែគេដែរ យើងលក់មិនឈ្នះគេ បើយើងទិញពូជ ទិញជី ទិញថ្នាំសម្លាប់សត្វល្អិតពីគេមក»។ នេះបើតាមអ្នកជំនាញសេដ្ឋកិច្ច។
បច្ចុប្បន្ននេះ ថៃ និងវៀតណាម កំពុងជាប់កាត់ក្រហម ដោយមិនអាចនាំចូលផលិតផលកសិកម្មទៅអឺរ៉ុបបានទេ ខណៈដែលផលិតផលកម្ពុជា ត្រូវបានអឺរ៉ុបទទួលស្គាល់។ មុនអឺរ៉ុបទទួលស្គាល់នេះ កម្ពុជាក៏ធ្លាប់រងពិន័យកាតលឿងព្រមានលើផលិតផល ដែលប្រើប្រាស់សារធាតុគីមីពុលលើកម្រិតដែរ។ ប៉ុន្តែក្រោយពីកម្ពុជាអនុវត្តតាមស្ដង់ដារសុវត្ថិភាពលើបន្លែ ផ្លែឈើ គ្មានជាតិគីមីរបស់អឺរ៉ុប រយៈពេល៦ឆ្នាំមក ទើបកម្ពុជាអាចរួចផុតពីការពិន័យកាតលឿងនេះ។ នេះបើតាមលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី៖«សក្កានុពលនាចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែលមានទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០។
កន្លងមកក្រសួងមហាផ្ទៃបានចេញលិខិតមួយ បង្គាប់ឱ្យរដ្ឋបាលខេត្តនៅជាប់ព្រំប្រទល់ប្រទេសជិតខាងទាំងអស់ ទប់ស្កាត់ការនាំបន្លែ-ផ្លែឈើដែលមានជាតិគីមីពុល និងទំនិញខូចគុណភាពចូល។
ប៉ុន្តែការចេញលិខិតហាមឃាត់នេះ មិនទាន់គ្រប់គ្រានឡើយ។សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានទាមទារឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់តាមទូរសព្ទ (Hot Line) ដើម្បីឲ្យពលរដ្ឋអាចរាយការណ៍អំពីករណីសង្ស័យទៅលើមន្ត្រី ឬអាជ្ញាធរអនុញ្ញាតឲ្យនាំបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុគីមីពុលពីបរទេស ចូលកម្ពុជា។
បើតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ការអនុញ្ញាតឱ្យនាំយកទំនិញខូចគុណភាព ជាពិសេសបន្លែ និងផ្លែឈើដែលមានសារធាតុគីមីពុលចូលនោះ បានធ្វើឱ្យប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមយុទ្ធនាការ «ពហិកា» ប្រើប្រាស់ ឬទិញបន្លែ-ផ្លែឈើ នាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមីពុលទាំងនោះ ដោយត្រូវងាកមកគាំទ្រការប្រើប្រាស់បន្លែ និងផ្លែឈើក្នុងស្រុក ស្របតាមគោលការណ៍ធម្មជាតិ សុវត្ថិភាព និងសរីរាង្គវិញ។
ដើម្បីទប់ស្កាត់ការនាំចូលផលិតផលពីខាងក្រៅ ហើយបង្កើនផលិតផលក្នុងស្រុកនោះ កម្ពុជាត្រូវបង្កើតបណ្ដាញសហគមន៍ឱ្យបានច្រើន ដើម្បីបង្កើតជាកម្លាំងរួមគ្នាមួយ សម្រាប់បង្កើនទិន្នផល និងប្រកួតប្រជែងទីផ្សារ ដោយមិនឱ្យខាតបង់ តាមរយៈការទម្លាក់តម្លៃពីឈ្មួញដូចមុនឡើយ។ ជាពិសេសការគាំពារ និងបើកច្រកទីផ្សារឱ្យផលិតផលក្នុងស្រុក ប្រកួតប្រជែងជាមួយផលិតផលនាំចូល ដោយក្រុមហ៊ុននោះ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ផលិតផលក្នុងស្រុកដែរ។ នេះបើតាមលោកលោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ការរៀបចំសហគមឡើងវិញ គឺដើម្បីជួយឱ្យកសិករមានកម្លាំងផលិតរួមគ្នា ហើយនឹងការផ្គត់ផ្គង់ក្នុងបរិមាណមួយ អាចប្រកួតប្រជែងក្នុងទីផ្សារបាន និងរួមចំណែកកាត់បន្ថយថ្លៃដើម»។
របាយការណ៍របស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានឱ្យដឹងថា កម្ពុជាបន្តនាំចូលបន្លែពីប្រទេសជិតខាងប្រមាណ២០០ទៅ៤០០តោនក្នុងមួយថ្ងៃ ក្នុងនោះមាន៦០ភាគរយ ជាប្រភេទបន្លែនាំចូលពីប្រទេសវៀតណាម។ក្នុងទំហំបន្លែ៦០ភាគរយ នៃការនាំចូលពីវៀតណាម គឺមាន៥០ភាគរយ ជាបន្លែដែលកសិករកម្ពុជាមិនសូវដាំដុះ ដូចជាការ៉ុត ដំឡូបារាំង ស្ពៃបូកគោ ស្ពៃក្តោប ម្ទាស់ផ្លោក និងផ្កាស្ពៃ ជាដើម។ បើតាមរបាយការណ៍ដដែល កម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ១៥០ដុល្លារទៅ២០០លានដុលា្លរ ក្នុងមួយឆ្នាំ ដោយសារការនាំចូលបន្លែ-ផ្លែឈើពីប្រទេសជិតខាងនេះ៕