COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ សម្ដេច ហ៊ុន សែន នឹងប្រកាសកម្មវិធីផ្ដល់ប្រាក់ជួយជនគ្រោះរងគ្រោះ និងគ្រួសារក្រីក្រនៅថ្ងៃទី២៤ មិថុនា
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ! សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសដាក់ចេញជាផ្លូវការនូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី២៤ មិថុនា។
សម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល បានខិតខំរិះរកវិធីនានា ដើម្បីជួយប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់មួយនេះ។ «ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឭករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច»។ សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកបែបនេះ។
ជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះវា ក៏ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាល ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារទៀតផង។ នេះជាការបបន្ថែមរបស់ប្រមុខរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសវាងឆ្លងមេរោគកូវីដ-១៩ តាមរយៈការប្រើប្រាស់ម៉ាសពាក់ការពារ, លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬទឹកសម្លាប់មេរោគឱ្យបានញឹកញាប់ជាដើម។ «ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីឱ្យពលរដ្ឋឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស»។ នេះបើតាមនាយករដ្ឋមន្ត្រី។
គិតត្រឹមថ្ងៃទី២១ ខែមិថុនា កម្ពុជាមានអ្នកឆ្លងចំនួន១២៩នាក់ ក្នុងនោះជាសះស្បើយចំនួន១២៧នាក់ និងសល់ចំនួន២នាក់ដែលជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីម្នាក់ និងអ្នកដែលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីម្នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com