ជាតិ
ពីនេះ ពីនោះ
ជាតិត្រូវការ«អ្នកធ្វើ`»ជាង«អ្នកនិយាយ»…!
× រឿងសង្គមត្រឡប់មកវិញ ក្នុងខណៈពេលដែលរឿងកូវីដ-១៩ ចេះតែរសាត់ឆ្ងាយពីអារម្មណ៍របស់ក្លើ សុធីរ និងសំណាង បន្តិចម្តងៗ។ នៅថ្ងៃនេះ សុធីរ និងសំណាង លើកយកប្រធានបទការអភិវឌ្ឍមកជជែកគ្នាម្តងទៀត។
សំណាង៖ អា សុធីរ! មិនថា នៅក្នុងសង្គមណាជាសង្គមណាទេ សម្បូរណាស់អ្នកនិយាយ អ្នកផ្តល់យោបល់ អ្នកថា មិនសូវធ្វើ។ល។ តែវាមិនសូវមានអ្នកធ្វើសោះ។ ម៉េចបានជាវាអ៊ីចឹងអ្ហា?
សុធីរ៖ អានេះសួរដូចជាអត់ចេះគិតអ៊ីចឹង! អារឿងនិយាយវាស្រួលទេ អារឿងធ្វើទើបពិបាក អ៊ីចឹងហើយបានជាមានចំនួនអ្នកនិយាយច្រើនជាងអ្នកធ្វើហ្នឹង។ អ្នកខ្លះដើរឲ្យយោបល់គេរាល់ថ្ងៃ ឲ្យតែយោបល់គេរហូតដល់អស់ម៉ោងធ្វើការងារសម្រាប់ខ្លួនឯង។
សំណាង៖ អ្ហែងដូចជាស្តីបន្ទោសអ្នកឲ្យយោបល់អ៊ីចឹង អ្ហែងត្រូវដឹងថា យោបល់ពេលខ្លះល្អតើ!
សុធីរ៖ ចុះអញមានថា យោបល់អាក្រក់ឯណា។ អញគ្រាន់តែថា បើមានយោបល់ហើយធ្វើទៀត វារឹតតែអស្ចារ្យ។ បើមានតែយោបល់ ហើយអត់ធ្វើ វាបានត្រឹមតែយោបល់ហ្នឹង។
សំណាង៖ អ៊ីចឹង មានន័យថា មហាជនត្រូវការ«អ្នកធ្វើ»ជាង«អ្នកថា»?
សុធី៖ មិនថា តែមហាជនទេ។ អ្នកណាក៏ដោយ ក៏ត្រូវការអ្នកធ្វើជាងអ្នកនិយាយដែរ។ អ្នកជំនួញដែលនិយាយរហូត ហើយអត់ធ្វើសោះ នឹងបរាជ័យ។ អ្នកនយោបាយសន្យារហូត តែអត់ធ្វើសោះ នឹងបាត់បង់អ្នកគាំទ្រ។ និស្សិតនិយាយរហូតអត់ធ្វើកិច្ចការសាលា នឹងប្រឡងធ្លាក់។ សរុបមក អ្នកណាក៏ដោយ ឲ្យតែនិយាយ ឲ្យតែគិត ហើយអត់ធ្វើ មិនដែលទទួលបានផលឡើយ។ លទ្ធផលវាចេញពីការធ្វើ ហើយជាការពិត ការធ្វើក៏វាត្រូវការគិតជាដំបូងដែរ។
សំណាង៖ បើនិយាយពីអ្នកនយោនបាយវិញ ឃើញថា ពួកគេនិយាយ និយាយ និយាយ និងសន្យារហូត អាហ្នឹងម៉េចដែរ?
សុធី៖ អញមិនចង់ឆ្លើយឆ្លងរឿងនយោបាយអីទេវ៉ី។ តែអញគ្រាន់តែចង់ប្រាប់អ្ហែងថា អ្នកគាំទ្រត្រូវការអ្នកដឹកនាំដែលជួយអភិវឌ្ឍតំបន់គាត់ឲ្យរីកចម្រើន បង្កើតផលិតផលថ្មីៗគ្រប់បែបយ៉ាង បង្កើតទីផ្សារ បង្កើតការងារ។ល។ ពួកគាត់ចង់ឃើញការអភិវឌ្ឍជាក់ស្តែងនៅនឹងកន្លែង ពួកគាត់មិនចង់ស្តាប់យោបល់ប្រជាភិថុតទេ។ ពួកគាត់មិនចង់បានអំណោយទៀតទេ។ ពួកគាត់ចង់បានតម្លៃជីវិតមួយសមរម្យដែលបង្កើតឡើងដោយខ្លួនឯង និងដោយមានការគាំទ្រសេវាមួយចំនួនពីអាជ្ញាធរថ្នាក់មូលដ្ឋាន។ ពលរដ្ឋត្រូវការអ្នកអភិវឌ្ឍ(ធ្វើ)ជាជាងអ្នកដើរតែថា…៕
© រក្សាសិទ្ធិដោយ thmeythmey.com