អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាអំណាច​នុយក្លេអ៊ែរ​ចិន​និង​ឥណ្ឌា បន្ត​សាចទឹក​ដាក់គ្នា​រឿង​បំពាន​ព្រំដែន​
21, Jun 2020 , 11:02 am        
រូបភាព
ដោយ:
​ឥណ្ឌា និង​ចិន នៅ​ថ្ងៃទី​២០ ខែមិថុនា បាន​ផ្ដោះផ្ដង​សម្តី​ឌឺដង​គ្នា​រឿង​បំពាន​ព្រំដែន ដែល​កាលពីដើម​សប្ដាហ៍​នេះ​បាន​ក្លាយជា​ទីតាំង​ប៉ះទង្គិច​គ្នា​ដែលមាន​ករណី​ស្លាប់​ច្រើន​បំផុត​មួយ​ក្នុងពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​រវាង​យក្ស​អាវុធ​នុយក្លេអ៊ែរ​អាស៊ី​ទាំងពីរ​។ ខាង​ឥណ្ឌា រាយការណ៍​ទាហាន​ស្លាប់​២០​នាក់ និង​របួស​៧០​នាក់ តែ​ខាង​ចិន​វិញ សម្រេច​មិន​បញ្ចេញ​របាយការណ៍​។ 

​ក្នុង​សេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ស្តីបន្ទោស​ភាគី​ចិន​ថា​ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន Line of Actual Control ខណៈ​បន្ទាត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ ត្រូវ​ទទួលស្គាល់​។ 
 
​ម្យ៉ាង​លោក​សង្កត់ធ្ងន់​៖«​ចិន​ក៏បាន​បដិសេធ​សំណើ​ឥណ្ឌា​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ផងដែរ​»​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកនាយក​រដ្ឋមន្ត្រី អះអាង​ទៀតថា ឥណ្ឌា​នឹងមិន​អនុញ្ញាត​ការផ្លាស់ប្តូ​រឯក​តោ​ភាគី​ណាមួយ​ចំពោះ​ព្រំដែន​ដែល​កំពុងមាន​ជម្លោះ​ឡើយ​។ 
 
​នៅ​ថ្ងៃ​សៅរ៍​ដដែល រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួងការបរទេស​ខ្លួន បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ថា​ប្រព្រឹត្ត​សកម្មភាព​បង្ករឿង​ដោយ​ចេតនា​ក្នុង​តំបន់ Himalayan ដែល​កំពុង​តាន​តាន​ស្រាប់​។ ក្នុង​បណ្ដាញ​សង្គម Twitter អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​និយាយថា ជ្រលង Galwan Valley គឺ​ស្ថិតនៅ​ខាង​ចិន​នៃ​បន្ទាត់​ព្រំដែន ហើយ​លោក​អះអាងថា ខាង​ទ័ព​ឥណ្ឌា​បានធ្វើ​ផ្លូវ និង​ស្ពាន​ជាដើម​ក្នុង​តំបន់​នេះ តាំងពី​ខែមេសា​មក​។ 
 
​លោក Zhao សង្កត់ធ្ងន់ថា ទ័ព​ឥណ្ឌា បាន​ឆ្លង​បន្ទាត់​ព្រំដែន Line of Actual Control ហើយ​បាន​វាយប្រហារ​លើ​មន្ត្រី​ចិន និង​ទាហាន​ចិន ដែល​បាន​ទៅ​ទីនោះ​ដើម្បី​ចរចា​។ ការណ៍​នេះហើយ​ទើប​បង្ក​ជា​ជម្លោះ​ដ៏​ស្រួចស្រាល់​ដែល​ឈានដល់​មាន​ករណី​ស្លាប់​បែបនេះ​។ 
 
​យ៉ាងណាមិញ អ្នកនាំពាក្យ ក្រសួងការបរទេស​ឥណ្ឌា Anurag Srivastava បាន​ទាត់​ចោលការ​ចោទថា ឥណ្ឌា​បំពាន​បន្ទាត់​ខណ្ឌ​ព្រំដែន Line of Actual Control ហើយ​សង្កត់ធ្ងន់ថា ការលើកឡើង​របស់​ចិន ពុំ​អាច​ទទួលយក​បានឡើយ​។ 
 
​ដោយ​ឈរ​ខាង​ឥណ្ឌា រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​រិះគន់​ចិន​សម្រាប់​បង្ក​ភាព​តានតឹង​ផ្នែក​ព្រំដែន​ជាមួយ​ក្រុង ញូ​វ​ដេលី ។ ក្នុងជំនួប​កំពូល​មួយ​ឈ្មោះថា Copenhagen Democracy ក្នុង​សប្ដាហ៍​នេះ តាម​ប្រព័ន្ធ​វីដេអូ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ  និយាយ​ដូច្នេះ​ថា​៖«​កងទ័ព​រំដោះប្រជាជន​ចិន បាន​បង្ក​ភាព​តានតឹង​ផ្នែក​ព្រំដែន​។ យើង​ឃើញ​វា​ថ្ងៃនេះ​ក្នុងប្រទេស​ឥណ្ឌា ហើយ​យើង​ឃើញ​ចិន​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ទាមទារ​យក​ដែន​អធិបតេយ្យភាព​បន្ថែម​ដោយ​ខុសច្បាប់​នៅ​ទីនោះ​»៕
 
 
 

Tag:
 ចិន​
  ឥណ្ឌា​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com