អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី សុំ​ឲ្យ​មិត្ត ឥណ្ឌា និង​ចិន ត្រលប់​ទៅ​តុ​សន្ទនា​វិញ​
21, Jun 2020 , 6:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ញូ​ដេលី ថយ​មួយ​ជំហាន​មកវិញហើយ​ត្រ​បល់ម​ក​តុ​ចរចា​ដោយ​សន្តិវិធី ខណៈ​ការប្រឈមមុខគ្នា​រវាង​ភាគី​ទាំងពីរ​នៅ​តំបន់​ព្រំដែន នឹង​ផ្តល់​ត្រឹមតែ​ការខាតបង់​ទាំងសងខាង ក៏ដូចជា​បង្ក​ជា​អស្ថិរភាព​ក្នុង​តំបន់​ផង​។ ក្រុង​ហ្សា​ការ​តា ចង់ឃើញ​ប៉េកាំង និង​ញូ​ដេលី ចាប់ដៃគ្នា​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​គ្នា និង​គ្រប់​ប្រទេស​ក្នុង​តំបន់​ផង​។​

 
​តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី បាន​ទទូច​ឲ្យ​ចិន និង​ឥណ្ឌា​បន្ធូរបន្ថយ​ភាព​តានតឹង និង​សាកល្បង​បង្កើត​លក្ខខណ្ឌ​នានា​ដើម្បី​ឈានដល់​ការបើក​កិច្ចសន្ទនា និង​ដោះស្រាយ​វិវាទ​តាម​សន្តិវិធី​វិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe នៅ​ថ្ងៃ​១៩ មិថុនា​។​
 
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​រូបនេះ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ល្អ និង​ផ្លែផ្កា​រវាង​ចិន និង​ឥណ្ឌា គឺជា​សមិទ្ធផល​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​គ្រប់​ប្រទេស​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​ពិភពលោក​។ លោកស្រី បាន​ទទួលស្គាល់ថា បញ្ហា​ព្រំដែន​រវាង​ភាគី​ទាំងពីរ មាន​ប្រវត្តិ​យូរណាស់​មកហើយ ក៏ប៉ុន្តែ​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ​ទាំង​ចិន និង​ឥណ្ឌា ឥណ្ឌូណេស៊ី ចង់ឃើញ​ភាគី​ទាំងពីរ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។​
 
​គួរ​ជម្រាប​បន្តិច​ថា ថ្មីៗ​នេះ កងទ័ព​ចិន និង​ឥណ្ឌា បាន​ប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ នៅតាម​បណ្តោយ​ព្រំដែន Himalayas ដោយបាន​បណ្តាល​ឲ្យ​ទាហាន​ទាំងសងខាង​បាត់បង់​អាយុ​ទៀតផង​។ តាម​ការអះអាង​ពី​ភាគី​ចិន ការប៉ះទង្គិច​នេះ ផ្តើមចេញ​បន្ទាប់ពី​ទាហាន​ឥណ្ឌា​បី​រូប បាន​ឆ្លង​ចូល​ព្រំដែន​របស់​ចិន ហើយ​ទាហាន​ឥណ្ឌា ក៏បាន​មាន​ចេតនា​បង្ករឿង​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ទៀតផង​។​
 
​តាមពិតទៅ នេះ មិនមែនជា​លើកទីមួយ​ឡើយ ដែល​កងទ័ព​ចិន និង​ឥណ្ឌា​បាន​ប៉ះទង្គិច​គ្នា នៅតាម​ព្រំដែន​មាន​វិវាទ រហូតដល់​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​នោះ​។ តាម Jakarta Globe ក្នុង​ឆ្នាំ​១៩៦២ ភាគី​ទាំង​ធ្លាប់មាន​ការប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​មួយ នៅ​តំបន់​វិវាទ​នេះ ដោយបាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ជាង ១៣០០​នាក់ និង​ទាហាន​ចិន ៧២២ នាក់​បាន​ស្លាប់​៕ 
 
 
 
 

Tag:
 ​ឥណ្ឌា​
  ចិន​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com