ជាតិ
សង្គមជាតិ
លោក ឡេង កុក អាន៖ «សាស្ត្រាស្លឹករឹត ផ្ទុកសម្បត្តិអរិយធម៌ខ្មែរដ៏មហាសាល»
× ភ្នំពេញ៖ គម្ពីរសាស្ត្រាស្លឹករឹតខ្មែរ អាចចាត់ទុកជាប្រភពដើម នៃអរិយធម៌ខ្មែរ ដែលផ្សព្វផ្សាយពីអក្សរសាស្ត្រ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ ជាដើម។ គ្រប់អ្នកប្រាជ្ញខ្មែរពីដើម ទាំងព្រះសង្ឃនិងគ្រហស្ថ គឺសុទ្ធតែសិក្សាចេញពីសាស្ត្រាស្លឹករឹតទាំងអស់។ ទាំងនេះគឺជាការអះអាងរបស់លោក ឡេង កុក អាន អ្នកសិក្សាស្រាវជ្រាវ និងអភិរក្ស គម្ពីរសាស្ត្រាស្លឹករឹតខ្មែរ ក្រាំង និង វាន។
ធ្វើការជិត៣ទសវត្សរ៍លើការស្រាវជ្រាវ និងការអភិរក្សគម្ពីរសាស្ត្រាស្លឹករឹតខ្មែរ ក្រាំង និងវាន លោក ឡេង កុក អាន ថារាល់អត្ថបទទាំងអស់ ដែលមាននៅក្នុងសាស្ត្រាស្លឹករឹតខ្មែរ គឺបានសរសេរយ៉ាងក្បោះក្បាយពីអរិធម៌ខ្មែរ ដែលធ្វើឱ្យគម្ពីរបុរាណទាំងនោះ មានតម្លៃមហាសាល។
សូមស្ដាប់ប្រសាសន៍របស់លោក ឡេង កុក អាន បន្ថែម នៅក្នុងវីដេអូខាងក្រោម៖
ការងារលើវិថីស្រាវជ្រាវគម្ពីរបុរាណនេះ មិនបានធ្វើឱ្យលោក ឡេង កុក អាន មានអារម្មណ៍កក់ក្ដៅច្រើនឡើយ ដោយហេតុថាមិនសូវមានការលើកទឹកចិត្ត ឬជួយជ្រោមជ្រែងអស់ពីដៃជើង ពីបណ្ដាភាគីពាក់ព័ន្ធ។ ទោះយ៉ាងណា លោក ឡេង កុក អាន ដែលទទួលបានប្រាក់ខែជាង១លានរៀល ពីកិច្ចការស្រាវជ្រាវគម្ពីរសាស្ត្រាស្លឹករឹត ប្តេជ្ញាថា នៅតែបន្តការងារនេះរហូត។
លោក មានប្រសាសន៍៖«មួយជីវិតរបស់ខ្ញុំ មិនដែលបាក់ទឹកចិត្តទេ។ ខ្ញុំគិតថា រឿងនេះគឺជារឿងសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ ដូច្នេះគឺខ្ញុំធ្វើវា។ បើគ្រប់គ្នាបាក់ទឹកចិត្ត តើមានអ្នកណាធ្វើ? ខ្ញុំធ្វើរហូតដល់អស់លទ្ធភាព ទើបខ្ញុំឈប់។ ការងារនេះ អាចមិនឱ្យផលនៅពេលបច្ចុប្បន្ន ប៉ុន្តែ៥០ឆ្នាំ ឬ១០០ឆ្នាំក្រោយ គេនឹងអរគុណខ្ញុំ។ រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ឃើញអ្នកណាម្នាក់ ដែលអាចធ្វើការងារនេះជំនួសខ្ញុំបានទេ។ មានអ្នកដែលធ្វើការជាមួយខ្ញុំ ប្រហែល១០ឆ្នាំដែរ ប៉ុន្តែគាត់មិនទាន់អាចដើរតែម្នាក់ឯងបាន»។
លោក ឡេង កុក អាន អ្នកស្រាវជ្រាវ និងអភិរក្សសាស្ត្រស្លឹករឹតខ្មែរ ក្រាំង និង វាន
ការចុះផ្សាយក្រោយៗទៀត សារព័ត៌មានថ្មីៗ នឹងបង្ហាញថា តើអត្ថបទប្រភេទអ្វីខ្លះ ដែលត្រូវចារក្នុងគម្ពីរសាស្ត្រាស្លឹករឹត អត្ថបទប្រភេទអ្វីខ្លះ ត្រូវចារក្នុងគម្ពីរក្រាំង ហើយអត្ថបទប្រភេទអ្វីខ្លះ ត្រូវចារក្នុងគម្ពីរវាន៕
លោក ឡេង កុក អាន អ្នកស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ក្រាំង និងវាន
Tag:
សាស្ត្រាស្លឹករឹត
អក្សរសាស្ត្រ
អក្សរសិល្ប៍
សម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com