អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្មវិធី​ចំណីអាហារ​របស់​អង្គការសហប្រជាជាតិ ប្រឈម​នឹង​ការផ្អាក ដោយសារ​ខ្វះ​ជំនួយ​គាំទ្រ​
21, Jun 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នាក់ងារ​ជំនាញ​ផ្នែក​ចំណីអាហារ​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​១៩ មិថុនា​កន្លងទៅ បាន​ព្រមាន​ពី​ការផ្អាក​ប្រតិបត្តិការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​ទៅកាន់​ប្រទេស និង​ប្រជាជន ដែល​កំពុងតែ​ជួប​ការលំបាក​ខ្លាំង​របស់​ពិភពលោក ដោយសារតែ​កង្វះ​ជំនួយ​មូលនិធិ​ទ្រទ្រង់​ពី​ភាគី​ពាក់ព័ន្ធ​។

 
​អ្នកនាំពាក្យ​របស់​កម្ម​វិធី​ចំណីអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UNWFP)​លោកស្រី Elisabeth Byrs បាន​អះអាងថា ប្រសិនបើ​មូលនិធិ​សម្រាប់​ទ្រទ្រង់ WFP មិនត្រូវ​ផ្តល់ជូន​គ្រប់គ្រាន់​ត្រឹម​ដើមខែ​កក្កដា​នោះទេ ប្រតិបត្តិ​ការដឹកជញ្ជូន​ចំណីអាហារ​ទៅកាន់​បណ្តា​ប្រទេស​ប្រមាណ​១៣២ នឹងត្រូវ​រង​ផលប៉ះពាល់ និង​ប្រឈម​នឹង​ការផ្អាក​ជាក់​ជាពុំខាន​។​
 
​តាម​ការចុះផ្សាយ​របស់់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ កន្លងមក​ជាទូទៅ ភ្នាក់ងារ​ជំនាញ​របស់​កម្មវិធី​ចំណីអាហារ​ពិភពលោក ត្រូវ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ផ្សេង​ទៅកាន់​បណ្តា​ប្រទេស​មានការ​លំបាក​តាមរ​យៈ​ជើងហោះហើរ​បន្ទាន់​។ ក៏ប៉ុន្តែ​ដោយសារ​វិបត្តិ Covid-19 ជើងហោះហើរ​ត្រូវបាន​ហាមឃាត់ និង​ការចូលរួម​វិភាគទាន​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​មិន​គ្រប់គ្រាន់​ផង បានធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់ WFP កាន់តែ​ប្រឈមមុខ​ខ្លាំង ។​
 
​បើតាម លោកស្រី​អ្នកនាំពាក្យ​របស់  WFP វា នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិន​ប្រតិបត្តិការ​នេះ ត្រូវបាន​ផ្អាក ឬ​បញ្ឈប់​។ ជាក់ស្តែង មន្ទីរពេទ្យ​នៅតាម​បណ្តា​ប្រទេស​កំពុងតែ​អភិវឌ្ឍន៍ នឹងត្រូវ​ប្រឈម​នឹង​កង្វះ​សម្ភារ​វេជ្ជសាស្ត្រ ក៏​ជា​សម្ភារ​ផ្សេង​ដើម្បី​បម្រើការ និង​ផ្តល់​សេវា​ជូន​ប្រជាជន​ដែល​ខ្វះខាត និង​ត្រូវការ​ជំនួយ​បន្ទាន់​ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​ពួកគេ​។​
 
​ដើម្បី​ឲ្យ​ការប្រតិបត្តិ​ការដឹកជញ្ជូន​ទៅកាន់​គោលដៅ​គ្រប់គ្រាន់​រហូតដល់​ចុងឆ្នាំ​នោះ លោកស្រី Elisabeth Byrs បាន​អះអាងថា WFP ត្រូវ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ឯណោះ ក៏ប៉ុន្តែ​មកទល់ពេលនេះ WFP ទទួល​ជំនួយ​បានត្រឹមតែ​១៤​ភាគរយ​ប៉ុណ្ណោះ​នៃ​ថវិកា ដែល​ត្រូវការ​។ ដូច្នេះ​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ  គ្មាន​ជម្រើស​អ្វី​ក្រៅពី​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​នោះទេ ប្រសិនបើ​គ្មាន​ជំនួយ​ទ្រទ្រង់​នោះ​៕ 
 
 
 

Tag:
 WFP
  ចំណីអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com