ជាតិ
សង្គមជាតិ
បោក​ខោអាវ កោសខ្យល់ និង​បក​ខ្ទឹម ជាការ​ងារ​ថ្មី​របស់​កម្មករ​សេវា​កម្សាន្ត ក្រោយ​បាត់បង់​ការងារ ព្រោះ​កូ​វីដ​-១៩
21, Jun 2020 , 3:45 pm        
រូបភាព
អ្នកស្រី ហេង (នៅខាងលើ) និង អ្នកស្រី រតនា(នៅខាងក្រោម)។
អ្នកស្រី ហេង (នៅខាងលើ) និង អ្នកស្រី រតនា(នៅខាងក្រោម)។
​ភ្នំពេញ​៖ កម្មករ​សេវាកម្ម​កម្ស​ន្ត​ភាគច្រើន​បាន​បាត់បង់​ការងារ និង​ចំណូល​ទាំងស្រុង ក្រោយពី​អាជីវកម្ម​កម្សាន្ត​បាន​បិទទ្វារ​បណ្ដោះអាសន្ន កាលពី​ពាក់កណ្ដាល​ខែមីនា តាម​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​។ ពួកគេ​បាន​ងាក​ទៅ​ស៊ីឈ្នួល​បោក​ខោអាវ កោសខ្យល់ និង​បក​ខ្ទឹម​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង​បំណុល ។ 

​អង្គុយ​មុខ​បន្ទប់​ជួល​ជាមួយ​កូនស្រី អ្នកស្រី សែម រតនា ដែលជា​អ្នកបម្រើ​ការងារ​នៅ​ក្លឹប​កម្សាន្ត​មួយកន្លែង​ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវភាព ក្រោយ​បាត់បង់​ការងារ ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​បិទ​កន្លែង​កម្សាន្ត KTV កាលពី​ថ្ងៃទី​១៧ មីនា​។ អ្នកស្រី រតនា និយាយ​ទាំង​ទឹកមុខ​ខ្វាយខ្វល់​និង​អួលដើមក​ថា ខ្លួន​កំពុងតែ​ពិបាក​ខ្លាំង ដោយសារ​មាន​បន្ទុក​កូន​៣​នាក់ ខណៈ​គ្មាន​ការងារ​ធ្វើ រួមទាំង​ជាប់​មាន​ជំងឺ​ប្រចាំការ​ទៀតផង​។ 
 
«​រាល់ថ្ងៃ​គ្មាន​ការងារ​ធ្វើ​ឡើយ បាន​អ្នក​នៅ​ជិតៗ គេ​ហៅ​ឲ្យ​បោក​ខោអាវ មួយ​កន្ត្រ​កបាន​៥​ពាន់​រៀល បើ​ខោអាវ​ច្រើន​ពេញ​កន្ត្រក ឬ​កន្ត្រក​ធំ គេ​ឲ្យ​១​ម៉ឺន​រៀល ហើយ​ថ្ងៃ​ខ្លះ​ក៏មាន ថ្ងៃ​ខ្លះ​ក៏​គ្មាន​។ ហើយ​ប្ដី​របស់ខ្ញុំ​កន្លែង​ការងារ​រោងចក្រ​គាត់​ក៏​បិទ​។ ឥឡូវ​គាត់​ងើប​ពី​ម៉ោង​៣​យប់​ទៅ​ជួយ​រៀបចំ​បន្លែ​ឲ្យ​គេ​នៅ​ផ្សារ​ដើម​គរ បាន​មួយថ្ងៃ​២០,០០០​រៀល គ្រាន់​ទិញ​អង្ករ​ប្រចាំថ្ងៃ​និង​ម្ហូប និង​ឆ្លៀត​សន្សំទុក​ខ្លះទៀត​»​។ នេះ​បើតាម​អ្នកស្រី រតនា ។​
  
​អ្នកស្រី រតនា ដែល​កំពុងមាន​ជំងឺ​គ្រួស​តំរងនោម​និង​រោគ​បេះដូង បាន​អះអាងថា ខ្លួន​ពុំមាន​ប្រាក់​ព្យាបាល​ឡើយ ហើយ​ប្រសិន​ចុក​តំរងនោម​ម្ដងៗ អ្នក​ស្ត្រី​បាន​ត្រឹម​ទិញ​ថ្នាំ​បំបាត់​ការឈឺចាប់​លេប​ប៉ុណ្ណោះ ព្រោះ​កន្លែង​ការងារ​របស់​អ្នកស្រី​គ្មាន​បណ្ណ ប​.​ស​.​ស សម្រាប់​បុគ្គលិក​ទេ​។ 
 
​ក្រៅពី​បន្ទុក​ចាយវាយ​ប្រចាំថ្ងៃ និង​ព្យាបាល​ជំងឺ​នោះ អ្នកស្រី រតនា ក៏ត្រូវ​បង់ប្រាក់​នៅ​ធនាគារ​ជិត​១០០​ដុល្លារ និង​បន្ទប់​ជួល​៣៥​ដុល្លារ​ក្នុង​មួយខែ​ថែមទៀត​។ អ្នកស្រី​តែង​ដក​ប្រាក់​ពី​ប្ដី សន្សំទុក​បង់​ធនាគារ និង​បង់ថ្លៃ​បន្ទប់​ជួល ប៉ុន្តែ​ការបង់​នោះ គឺ​មិន​ទៀងទាត់​តាម​ការកំណត់​ឡើយ ដោយសារ​ការខ្វះខាត​។ កូនស្រី​អាយុ​១២​ឆ្នាំ​របស់​អ្នកស្រី រតនា ក៏បាន​ជួយ​សម្រួល​បន្ទុក​មួយផ្នែក​ដែរ គឺ​ទៅ​ជួយ​លក់​ប្រហិត​អ្នក​នៅ​ផ្សារ​តាខ្មៅ ដោយ​អាច​ទទួលបាន​ប្រាក់​ពី​៥​ពាន់ ទៅ​៨​ពាន់​រៀល​ក្នុង​មួយថ្ងៃ​។​
 
​អ្នកស្រី រតនា អង្គុយ​បញ្ចុក​បាយ​ឲ្យ​កូនតូច​បណ្ដើរ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បណ្ដើរ​ពី​ទុក​លំបាក​របស់ខ្លួន​ថា​៖ «​ពេលខ្លះ​ខ្ញុំ​ទៅសុំ​ការងារ​គេ​ធ្វើ​នៅ​ហាង​លក់​សាច់​អាំង​ឬ​ស៊ុប គេ​មិន​ឲ្យ​ធ្វើ​ទេ ព្រោះ​បុគ្គលិក​ចាស់​គេ​មាន​ច្រើន​ហើយ ក៏​នៅតែ​មុខ​ក្រាស់​ជួយ​គេ​ធ្វើការ ទោះបី​ម្ចាស់​ហាង​គេ​មិន​ឲ្យ​ប្រាក់​ក៏ដោយ​នៅតែ​ជួយ រត់​តុ ចាប់​ទឹកកក ក្រែង​ភ្ញៀវ​ខ្លះ​ឲ្យ​លុយ​ចាយ​តិចតួច​សល់​ពី​លុយ​អាប់​។ ខ្ញុំ​ក៏​ចង់​ធ្វើ​ការងារ​រោងចក្រ​ដូច​គេ​ដែរ មាន​បណ្ណ ប​.​ស​.​ស ហើយ​បានការ​ជួយឧបត្ថម្ភ​ទៀត​ពេល​មាន​បញ្ហា តែ​ខ្ញុំ​មិនចេះ​ដេរ​»​។ 
 
​រីឯ​អ្នកស្រី ហាក់ ហេង ដែលជា​អ្នកធ្វើការ​ផ្នែក​សេវាកម្ម​កម្សាន្ត​នៅ KTV ក្រុង​តាខ្មៅ ជា​អ្នកធ្វើការ​ជាមួយ អ្នក ស្រី រតនា បាន​និយាយ​ដោយ​សម្តី​មួយៗ​ថា ខ្លួន​ជំពាក់​ថ្លៃ​បន្ទប់​ជួល​ម្ចាស់ផ្ទះ​១​ខែ​ហើយ ក្រោយ​កន្លែង​ការងារ​បិទ​មក​។ កម្មករ​សេវាកម្ម​កម្សាន្ត​រូបនេះ និយាយ​បន្ត​ទាំង​សំឡេង​តិចៗ ហើយ​ឱន​មុខ​ចុះ​ថា​៖«​រាល់ថ្ងៃ​គ្មានអ្វី​ធ្វើ​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​ជិះ​កង់​ទៅ​បក​ខ្ទឹម​នៅ​ច្បារអំពៅ​បាន​៨​ពាន់​ទៅ​១​ម៉ឺន​រៀល ហើយ​គ្មាន​ខ្ទឹម​បក​រាល់ថ្ងៃ​ទេ ២​ទៅ​៣​ថ្ងៃ​ទើប​មាន​ម្ដង​។ បើ​គ្មាន​ខ្ទឹម​បក ខ្ញុំ​ដើរ​បោក​ខោអាវ​ឲ្យ​គេ​ដែរ​ហ្នឹង​។​ថ្ងៃ​ខ្លះ​ខ្ញុំ​និង​កូន​ដេក​ដាច់បាយ ទាល់តែ​អ្នក​នៅ​ជិតខាង​បន្ទប់​មកពី​ធ្វើការ​វិញ ឲ្យ​អង្ករ​ឬ​ម្ហូប​ខ្លះ​បាន​មាន​ហូប​»​។ 
 
​ជា​អ្នកធ្វើការ​នៅ KTV ម្ដុំ​ច្បារអំពៅ​ម្នាក់​ដែរ អ្នកស្រី តែម ស្រី​ម៉ិច កំពុង​ប្រក​បរបរ​ដើរ​កោសខ្យល់ បោក​ខោអាវ និង​លាងចាន​ឱ្យ​គេ ជំនួស​ការងារ​ចាស់ ដែល​ត្រូវបាន​ផ្អាក​។ របរ​ទាំងនេះ វា​មិនមាន​ស្ថិរភាព​សម្រាប់​អ្នកស្រី ម៉ិច នោះឡើយ ខណៈ​អ្នកស្រី ជាប់បំណុល​ធនាគារ​ផង​។ «​ដើរ​បោក​ខោអាវ​តាម​ផ្ទះ​គេ ជួន​មាន ជួន​អត់ បានតែ​៥​ពាន់​រៀន​ទៅ​១​ម៉ឺន​រៀន​ទេ​...​និយាយ​ទៅ​រាល់ថ្ងៃ​ឲ្យ​តែមាន​ការងារ ខ្ញុំ​ធ្វើ​ទាំងអស់​ឲ្យ​តែ​បាន​លុយ​»​។  នេះ​ជាការ​រៀបរាប់​របស​អ្នកស្រី ម៉ិច​។ 
 
​រៀងរាល់ខែ អ្នកស្រី ម៉ិច ត្រូវ​បង់​ធនាគារ​ជិត​២០០​ដុល្លារ បង់ថ្លៃ​បន្ទប់​ជួល​៧០​ដុល្លារ និង​ត្រូវ​ផ្ញើ​ទៅ​ឲ្យ​ម្ដាយ​នៅ​ខេត្តក្រចេះ​មួយផ្នែក​ទៀត ដែល​កំពុង​រស់នៅ​ជាមួយ​កូនស្រី​ទាំង​២​នាក់​របស់ខ្លួន​។ ដោយសារ​តម្រូវ​ការចំណាយ​ច្រើន ធ្វើ​ឲ្យ​អ្នកស្រី ម៉ិច ក៏បង្ខំចិត្ត​ខ្ចីប្រាក់​ឯកជន​បន្ថែមទៀត​។ 
 
​អ្នកស្រី អ៊ូ ទេពផល្លី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា បាន​បញ្ជាក់ថា កម្មករ​សេវាកម្ម​កម្សាន្ត ភាគច្រើន​មិនទាន់មាន​ការងារ​ច្បាស់លាស់​នៅឡើយ ក្រោយ​បាត់បង់​ការងារ​។ អ្នកស្រី ទេព​ផល្លី​ន លើកឡើងថា ចំណូល​ដែល​កម្មករ​សេវា​កម្សាន្ត​ទទួលបាន​សព្វថ្ងៃ គឺ​បាន​ពី​កា​របក​ខ្ទឹម លាងចាន បោក​ខោអាវ កោសខ្យល់ និង​រើស​អេតចាយ​ជាដើម​។ 
 
​ដោយសារ​ភាពខ្វះខាត​នេះ ទើប​ក្រុមការងារ​សេវាកម្ម​កម្សាន្ត​ប្រមាណ​៣០​នាក់ កាលពី​ថ្ងៃទី​១០ មិថុនា បានដា​ក់ញា​តិ្ត​ទាមទារ​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ឧបត្ថម្ភ​ប្រាក់​៤០​ដុល្លារ សម្រាប់ពួកគេ​ អាចមានលទ្ធភាព​ទិញ​ម្ហូបអាហារ​បរិភោគ ។ ក្រៅពីនេះ ពួកគេ​ស្នើ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគ​មន៍​លើ​ការបញ្ចុះតម្លៃ​ផ្ទះជួល ទឹក ភ្លើង​ផងដែរ​។​
​បើតាម​លិខិត​ឆ្លើយតប​របស់​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ លោក អ៊ិត សំហេង ទៅ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា កាលពី​ថ្ងៃទី​១៥ មិថុនា បានលើកឡើង​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ក្នុង​ការជួយ​ដល់​ពលរដ្ឋ​ក្រីក្រ តាម​កម្មវិធី​ជំនួយ​សង្គម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ កម្មវិធី​ជំនួយ​សង្គម​នេះ មាន​កញ្ចប់​ជំនួយ «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​» ដែលមាន​ទំហំ​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​បង្កើត​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច តាម​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​តូចៗ​នៅតាម​មូលដ្ឋាន​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​កំពុង​គិតគូរ​កម្មវិធី​ជំនួយ​សង្គម​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​
 
អ្នកស្រី អ៊ូ ទេព​ផល្លី​ន មើលឃើញថា ក្រសួង​ការងារ​ហាក់​គ្មាន​ដំណោះស្រាយ​ឡើយ ដោយ​ឆ្លើយតប​ខុសពី​ការស្នើសុំ ពោលគឺ​ឲ្យ​កម្មករ​សេវា​កម្សាន្ត​ស្វែងរក​ការងារ​ថ្មី​ធ្វើ តាមរយៈ​ទីភ្នាកងារ​ជាតិ​មុខរបរ និង​ការងារ​ទៅវិញ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​អ្នកស្រី ទេព​ផល្លី​ន បន្ថែមថា​៖ «​កម្មករ​សេវាកម្ម​កម្សាន្ត​ភាគច្រើន​គ្មាន​ចំណេះដឹង​និង​ជំនាញ​ច្រើន​ទេ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​រក​ការងារ​ថ្មី​។ លើសពីនេះ វិស័យ​ការងារ​នៅ​កម្ពុជា​ចង្អៀត ទើប​ធ្វើ​ពួកគាត់​ស្ថិតក្នុង​ស្ថានភាព​លំបាក​»​។ 
 
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជារូបនេះ អះអាងថា កម្មករ​សេវាកម្ម​កម្សាន្ត នឹង​បន្ត​ទាមទារ​ទៅ​ក្រសួង​ពាក់ព័ន្ធ​បន្តទៀត ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សម​ស្រម​ណាមួយ តាម​ការស្នើសុំ​របស់​ពួកគេ​៕ 
 
 

 

Tag:
 កម្មករ​
  សេវាកម្ម​កម្សាន្ត​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com