ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំបន់ដីសើម ខេត្តស្ទឹងត្រែង មាន​កោះ​ជាង​៥០ ដែល​អ្នកទេសចរ​មិនគួរ​រំលង​
21, Jun 2020 , 11:19 pm        
រូបភាព
​ស្ទឹងត្រែង​៖ តំបន់ដីសើម (Wetland) ឬ​រ៉ា​ម​សារ (Ramsar) ជា​តំបន់​មាន​សារៈសំខាន់ សម្រាប់ មនុស្ស សត្វ រុក្ខជាតិ ជាពិសេស​សម្រាប់​ធនធាន​ជលផល និង​ជីវៈចម្រុះ​។ តំបន់ដីសើម ត្រូវបាន​ចុះ ហត្ថលេខា បង្កើត «​អនុសញ្ញា​ដី​សើម អន្តរជាតិ​» ឆ្នាំ​១៩៧១ នៅ​ប្រទេស​អ៊ីរ៉ង់​។ ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​តំបន់​រ៉ា​ម​សារ​នេះ តាំងពី​ឆ្នាំ​១៩៩៩​។ កម្ពុជា មាន​តំបន់ដីសើម ៤​កន្លែង ផ្ទៃក្រឡា​សរុប ៧៥.៩៤២ ហិកតា ដែល​ស្ថិតនៅ ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ៣​ផ្សេងគ្នា គឺ​តំបន់​បឹង​ទន្លេសាប តំបន់​ទន្លេមេគង្គ និង​តំបន់ឆ្នេរ​។

​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​វីដេអូ​ខាងក្រោម​៖ 
​តំបន់​រ៉ា​ម​សារ ក្នុង​ខេត្តស្ទឹងត្រែង ជាទី​តំបន់​សត្តា​នុព​ល​ទេសចរណ៍ធម្មជាតិ​ដែល​បាន​បង្កើត ប្រាក់ចំណូល ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​។ ភ្ញៀវទេសចរ អាច​ជិះទូក ងូតទឹក​ទន្លេមេគង្គ​ដ៏ ត្រជាក់​កាយា ក្រោម ម្លប់ ឈើ​ធំៗ រាប់សិប​ពាន់​ដើម​អមដោយ​ឆ្នេរ​ខ្សាច់​សក្បុះ ដែលជា​តំបន់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូលចិត្ត មកលេង​កម្សាន្ត លំហែកាយ​នា​រដូវ​ទឹក​ស្រក​។ 
«​តំបន់​រ៉ា​ម​សារ​នៅ​ស្ទឹងត្រែង មាន​ឆ្នេរ​ខ្សាច់ ស្អាត ហើយ​មាន​កោះ​ជាង​៥០ ដែល​ភ្ញៀវទេសចរ​អាច​ជិះទូក មើល​សត្វ​ស្លាប មើល​ព្រៃ​លិច​ទឹក និង​ងូតទឹក លេង​កម្សាន្ត​។ នៅទីនេះ ដើមឈើ​មាន​ឬ​សវែងៗ ហើយ​ភ្ញៀវទេសចរ ភាគច្រើន​មកដល់​ទីនេះ មិន​ចង់​ត្រឡប់​ទៅវិញ​ទេ​»​។  នេះ​ជាការ​អះអាង​របស់លោក ឈួន ឆន នាយករង​តំបន់​រ៉ា​ម​សារ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ដោយបាន​បន្ថែមថា តំបន់​រ៉ា​ម​សារ នៃ​ខេត្តស្ទឹងត្រែង សម្បូរ​ទៅដោយ មច្ឆជាតិ ១៣០​ប្រភេទ និង​សម្បូរ​មេ​ពូជ​ត្រី​ពង ។ តំបន់​រ៉ា​ម​សារ ជាទី​ជម្រក​របស់​ត្រី​ទឹកសាប ប្រភេទ​សត្វ​ល្មូ​ន និង​បក្សី​ជាង ៩៧​ប្រភេទ ដូចជា ត្រដក់ ត្រ​យ៉ង​ចង្កំ​កស រំពេរ​ទន្លេ និង​សត្វ​ជិត​ផុត​ពូជ ជាច្រើន​ប្រភេទ​ទៀត​។​
  
លោក សេក ម៉ៅ មេឃុំអូរស្វាយ

​នាយករង​តំបន់​រ៉ា​ម​សារ​រូបនេះ  បញ្ជាក់ថា ភ្ញៀវទេសចរ​អន្តរជាតិ​ភាគច្រើន ដែល​បាន​មកលេង​កម្សាន្ត នៅ​តំបន់​រ៉ា​ម​សា​ក្នុង​ខេត្តស្ទឹងត្រែង ចូលចិត្ត​ជិះទូក​មើល​ព្រៃ​លិច​ទឹក ដែលមាន​ឬ​ស​ឈើ​វែងៗ  ព្រមទាំង​ថតរូប សត្វ​ស្លាប​ដែល​ជិត ផុស​ពូជ និង​ជា​ប្រភេទ​សត្វ​កម្រ​ជាច្រើន​។ លោក​បន្ថែមថា ភ្ញៀវទេសចរ​ទាំងនោះ​ចូលចិត្ត បោះតង់​លើ​ឆ្នេរ​ខ្សាច់ ដែល​រៀបចំ​ដោយ​សហគមន៍​អេកូ​ទេសចរណ៍ ក្នុង​ខេត្តស្ទឹងត្រែង​។ 
 
​លោក សេក ម៉ៅ មេឃុំ​អូរ​ស្វាយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​តំបន់​រ៉ា​ម​សារ តាម​ដង​ទន្លេ មេគង្គ ដែល​ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​ទាំងអស់​៣​ឃុំ និង​១​សង្កាត់ ក្នុង​ខេត្តស្ទឹងត្រែង​។ ដោយឡែក នៅក្នុង​ឃុំ​អូ​ស្វាយ មាន​ភូមិ ចំនួន​១០ ដែល​ស្ថិតក្នុង​តំបន់​រ៉ា​ម​សារ និង​មាន​ប្រជាពលរដ្ឋ​ជាង ១,៦៧០ គ្រួសារ និង​ពលរដ្ឋ​ដែល​រស់ នៅតាម ដង​ទន្លេមេគង្គ កំពុង​ទទួលផល​ពី​តំបន់​រ៉ា​ម​សារ តាមរយៈ​ភ្ញៀវទេសចរ ដែល​ប្រើប្រាស់​សេវាកម្ម របស់​សហគមន៍​»​។ 
 
​ផលប្រយោជន៍​របស់​ព​ល​រដ្ឋ ពី​សហគមន៍​អេកូ​ទេសចរណ៍ នៃ​តំបន់​រ៉ា​ម​សារ​
 
​ទន្លេមេគង្គ​ជា​ទន្លេ​ដ៏​សំខាន់​មួយ ក្នុង​តំបន់​អាស៊ី ដែល​សម្បូរ​ទៅដោយ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​។ ទន្លេមេគង្គ គឺជា​ទន្លេ​ដែល​វែង​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ហូរ​កាត់​ចម្ងាយ​ប្រមាណ ជិត ៤,៨០០ គីឡូម៉ែត្រ​ចាប់ពី​ភ្នំ​ទី​បេ​ក្នុងប្រទេស​ចិន​រហូតដល់​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដោយ​នាំ​មកជា មួយ​នូវ​ធនធានធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់​ទ្រទ្រង់​ជីវិត​សត្វ និង​មនុស្ស​រាប់សិប​លាន​នាក់​។​
  
លោក ឈួន ឆន នាយករងតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង 

​មេឃុំ​អូរ​ស្វាយ លោក សេក ម៉ៅ អះអាង​ដូច្នេះ​ថា​៖ «​មន្ទីរ​បរិស្ថាន​ខេត្ត សហគមន៍ និង​អាជ្ញាធរ ខេត្តស្ទឹងត្រែង កំពុង​ខិតខំ​បន្ថែម ដើម្បី​ការពារ​តំបន់​រ៉ា​ម​សារ​។ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ទទួលបាន ផលប្រយោជន៍ យ៉ាងច្រើន​ពី​កំណើន​ភ្ញៀវទេសចរ ដែល​បាន​ទៅ​ទស្សនា​តំបន់​រ៉ា​ម​សារ ដោយសារ ភ្ញៀវ​ភាគច្រើន​បាន​នៅ ផ្ទះ​ស្នាក់​របស់​សហគមន៍​អេកូ​ទេសចរណ៍ និង​ប្រើប្រាស់​សេវាកម្ម​ជាច្រើន​របស់ សហគមន៍​»​។ 
 
 ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​បាន​ប្រមូលផ្តុំ​គ្នា​ចងក្រង​ជា​សហគមន៍​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់ខ្លួន ដើម្បី​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ខណៈដែល​ទាញ​ផលប្រយោជន៍ ពី​វិស័យ​ទេសចរណ៍ធម្មជាតិ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​។ សមាជិក​សហគមន៍​តំបន់​ទេសចរណ៍ធម្មជាតិ រៀបចំ​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​ដូចជា បង្កើត​ផ្ទះ​ស្នាក់​សហគមន៍ រៀបចំ​ម្ហូបអាហារ បង្កើត​កម្មវិធី ទស្សនា​កម្សាន្ត​ក្នុង​តំបន់​ធម្មជាតិ និង​កម្មវិធី​វប្បធម៌​នានា​ប្រចាំ​សហគមន៍​។​
 
​លោក ស៊ីម សុភា ប្រធាន​សេវាកម្ម​ទូក​ទេសចរណ៍​នៅ​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ បាន​ប្រាប់ សារព័ត៌មាន​ថ្មីៗ​២៥​ថា​៖ «​ទើបតែ​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែលមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​»​។ លោក បន្ថែមថា សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ដែល​ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង បាន​បង្កើតឡើង​ជិត​១០​ឆ្នាំ​មកហើយ ដោយមាន​សមាជិក​៣៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​១៧​នាក់ នាក់ ដែល​ទទួលបាន​ចំណូល​ប្រសើរ​ជាង​មុន បន្ទាប់ពី​សហគមន៍​នេះ​បាន​បង្កើតឡើង មកដល់​បច្ចុប្បន្ន​។ 
  
លោក ស៊ីម សុភា ប្រធានសេវាកម្មទូកទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ 

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ឆ្នាំ​២០១៩ សហគមន៍​អេកូ​ទេសចរណ៍ ខេត្តស្ទឹងត្រែង មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៣៣៨.៦៥៣​។ ជាមួយគ្នានេះ អង្គការ NTFP-EP កម្ពុជា បាន​ឲ្យ​ដឹងថា សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ហាន ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥៣៥ នាក់ ហើយ​រក​ប្រាក់ចំណូល​ប្រចាំឆ្នាំ​បាន ២.៤៥៩ ដុល្លា​អាមេរិក ខណៈដែល សហគមន៍​ទេសចរណ៍​បុរី​អូរ​ស្វាយ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៦៧៨ នាក់ និង​រកប្រាក់​ចំណូល​ប្រចាំ ឆ្នាំ​ដល់​សហគមន៍ បាន​ចំនួន ៨.៣៤០ ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៩៕
 
 
 
 

Tag:
 បរិស្ថាន​
  តំបន់ដីសើម​
  តំបន់​រ៉ា​ម​សា​
  ស្ទឹងត្រែង សហគមន៍​អេកូ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com