«​ប្រាសាទ​យាយ​ព័ន្ធ​» និមិត្តសញ្ញា​ចម្បង​នៃ​ខេត្តកំពង់ធំ​
ជាតិ
សង្គមជាតិ
«​ប្រាសាទ​យាយ​ព័ន្ធ​» និមិត្តសញ្ញា​ចម្បង​នៃ​ខេត្តកំពង់ធំ​
21, Jun 2020 , 5:19 pm        
រូបភាព
  ប្រាសាទយាយព័ន្ធ ឬប្រាសាទនាគព័ន្ធ  នៅក្នុងតំបន់ប្រសាទសំបូរព្រៃគុក។​
ប្រាសាទយាយព័ន្ធ ឬប្រាសាទនាគព័ន្ធ នៅក្នុងតំបន់ប្រសាទសំបូរព្រៃគុក។​
 សាងសង់ឡើង​ដោយ​ព្រះបាទ​ឦសាន​វរ្ម័នទី​១ នា​ដើម​សតវត្ស​ទី​៧ ប្រាសាទ​យាយ​ព័ន្ធ ឬ​នាគព័ន្ធ នៅ​រមណី​ដ្ឋា​ន​ប្រាសាទ​សំបូរ​គ្រៃ​គុក ត្រូវបាន​ក្រសួងមហាផ្ទៃ ជ្រើសរើស​ធ្វើជា​និមិត្តសញ្ញា​ចម្បង​តំណាង​ឲ្យ​ខេត្តកំពង់ធំ​។​

 
​តាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ រូប​ប្រាសាទ​យាយ​ព័ន្ធ តំណាង​ឲ្យ​ភាពរុងរឿង​នៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​សតវត្ស​ទី​៧ ដែលមាន​នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក នា​ទឹកដី​ខេត្តកំពង់ធំ និង​តំណាង​ឲ្យ​ជំនឿ​របស់​ខ្មែរ​បុរាណ​ក្នុង​ការគោរព​ព្រហ្មញ្ញសាសនា​។ និមិត្តសញ្ញា​នេះ ត្រូវ​ប្រើប្រាស់​ជា​ផ្លូវការ​លើ​ឯកសារ​ស្នា​មម្រាប់​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​ក្រៅពី​រូប​ប្រាសាទ​យាយ​ព័ន្ធ មាន​រូប​បដិមា​តោ រូប​ដំរី​ជាន់ខ្លា កួរស្រូវ និង​ដើមឈើ​។​
 
​ប្រាសាទនាគព័ន្ធ ឬ​យាយ​ព័ន្ធ ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​អូរ​គ្រូ​កែ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ តាម​ឯកសារ​រដ្ឋបាលខេត្ត ប្រាសាទនាគព័ន្ធ ឬ​ប្រាសាទ​យាយ​ព័ន្ធ ជា​សំណង់​តួ​ប៉ម​កណ្តាល​នៃ​ក្រុម​ប្រាសាទ​ខាងត្បូង នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​អមដោយ​តួ​ប៉ម​បន្ទាប់បន្សំ​ចំនួន​៧​ទៀត​។  សំណង់​នេះ ត្រូវបាន​កសាងឡើង​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​សិវៈ​។​
  
ក្រុមប្រាសាទតោ ​ស្ថិតចំកណ្តាលនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ‬ 

​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ បាន​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​លោក សេង មឿ​ន នាយក​ផ្នែក​នគរបាល​ទេសចរណ៍​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ដោយ​លោក​បាន​បញ្ជាក់ថា ប្រាសាទ​យាយ​ព័ន្ធ មាន​កម្ពស់​២៥​ម៉ែត្រ និង​ជា​ប្រាសាទ​ដែល​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រាសាទ​២៩៣​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​។​
 
​លោក បាន​បន្តថា ប្រាសាទ​យាយ​ព​ន្ធ័​នេះ គឺជា​ក្រុម​ប្រាសាទ​ខាងត្បូង​នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ចំ​កណ្តាល​ហ៊ុំ​ព​ន្ធ័​ដោយ​ប្រាសាទ​ជាច្រើន និង​មាន​កំពែង​ពីរ​ជាន់ ដែល​កំពែង​ខាងក្នុង​មាន តោ​បុ​រៈ ចូល​ទាំង​បួន​ទិស​។ 
  
ប្រាសាទយាយព័ន្ធ ជាក្រុមប្រាសាទដែលស្ថិតនៅភាគត្បូងនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ‬ 

​បើតាម​លោក សេង មឿ​ន ប្រាសាទ​យាយ​ព័ន្ធ​នេះ មាន​រាង​ចតុកោណកែង ស្ថាបនា​ឡើង​ពី​ឥដ្ឋ ដោយ​នៅលើ​ខឿន​មាន​ក្រាល​ដោយ​ថ្មភក់ ដែល​បាន​សាងសង់ឡើង​នៅក្នុង​រជ្ជកាល​ព្រះបាទ​ឦសាន​វ​រ័​ន្ម​ទី​១ ចន្លោះ​ឆ្នាំ​៦១៦-៦៣៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ជា​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា នា​សម័យ​ចេ​ឡាន​ចុង​សតវត្សរ៍​ទី​៦ និង​ដើម​សតវត្សរ៍​ទី​៧​។  លោក​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖« បន្ទាប់ពី​ប្រាសាទ​សំបូរ ប្រាសាទ​យាយ​ព័ន្ធ​នេះ គឺជា​ប្រាសាទ​ដែល​ចំណាស់​ជាងគេ​ផងដែរ​»​។ 
 
​នៅក្នុង​តំបន់​ប្រាសាទសំបូរព្រៃគុក ដែលមាន​ផ្ទៃដី​៣,០០០​ហិកតា ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៨ កក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​ខូវ សាធារណរដ្ឋ​ប៉ូឡូញ​៕ 
 

លោក សេង មឿន កំពុងរៀបចំពីប្រវតិ្តតំបន់ប្រសាទសំបូរព្រៃគុកទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២០។ ‬




Tag:
 ប្រាសាទសំបូរព្រៃគុក​
  ប្រាសាទ​យាយ​ព័ន្ធ​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com