ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ផ្ទុយ​ពី​ការគិត​ទុក​! លោក គុយ សេង​លី ប្រមូល​អស់ពី​ខ្លួន​ចំណាយ​លើ​ការដាំ​ទុរេន​
22, Jun 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ លោក គុយ សេង​លី ត្រូវបាន​គេ​ដឹងថា ជា​កសិករ​ដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​កំពុង​ប្រមូល​ផលដំណាំ​ទុរេន​។ លោក សេង​លី មាន​ទុរេន​ជិត​២០០​ដើម ដែល​លោក​ដាំ​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ខុសពី​ការគិត ដែលថា​ទុរេន​ស្រួល​ដាំ​ដូច​ដំណាំ​ដទៃ លោក សេង​លី បាន​លង់ខ្លួន​និង​អស់​ដើមទុន​ជាច្រើន​ក្នុងការ​វិនិយោគ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​។​

​និយាយ​ដោយ​មិន​លាក់លៀម ម្ចាស់​ចម្ការ​ទុរេន​ក្នុងស្រុក​បន្ទាយស្រី លោក សេង​លី ប្រាប់ថា លោក​ចំណាយលុយ​ស្ទើរ​អស់ពី​ខ្លួន​ដើម្បី​ដាំ​ដុះ​ទុរេន​១៧០​ដើម នា​រយៈពេល​៣​ឆ្នាំ​ដំបូង​។ លោក​បន្តថា ដោយមាន​ចិត្ត​ស្រឡាញ់​ចង់បាន​ចម្ការ​ទុរេន​ពេល​ខ្លួនឯង​ចាស់​ទៅ លោក​ក៏​សម្រេច​ដាំ​វា​ដោយ​មិនបាន​សិក្សា​អ្វី​ទាំងអស់ ដោយ​យល់ថា ទុរេន​ងាយស្រួល​ដាំ​ដូច​ប្រភេទ​ស្វាយកែវ​រមៀត និង​ស្វាយចន្ទីរ​ជាដើម​។ ពេល​ដាំ​ឆ្នាំ​ដំបូង កសិករ​វ័យ​៥០​ឆ្នាំ​រូបនេះ​បាន​ជួប​បញ្ហា​ភ្លាមៗ គឺ​មេរោគ​ធ្វើទុក្ខ​លើ​ដើម​ទុរេន​។ 
 
​ដោយសារ​ស្ដាយ​ដើមទុន​ដែល​ខំ​វិនិយោគ លោក សេង​លី មិន​បោះបង់​ចម្ការ​ទុរេន​នៅពេល​នោះទេ លោក​បាន​ស្វះស្វែង​សិក្សា​ពី​បច្ចេកទេស​ដាំ​ឡើងវិញ និង​ចុងក្រោយ​លោក​អាច​ស្រោចស្រង់​ចម្ការ​ទុរេន​បាន​វិញ​។​
 
​និយាយ​ក្នុង​ចម្ការ​ទុរេន​ដែល​កំពុង​ប្រមូល​ផល និង​មាន​មនុស្សម្នា​ច្រើន​ចាប់អារម្មណ៍​ខ្លះមក​សួរនាំ និង​ថតរូប​ក្នុង​ចម្ការ​ដែល​ស្ថិតនៅ​ភូមិ​ចំបក់​៣​ដើម ក្បែរ​ជើងភ្នំ​គូលែន លោក សេង​លី ប្រាប់ថា ការដាំ​ទុរេន​មានការ​លំបាក​ខ្លាំង ទាមទារ​ការថែទាំ​ដិតដល់ ហើយ​សម្រាប់​ម្ចាស់​ចម្ការ​ថ្មីថ្មោង​ដូច​រូបលោក គឺ​ត្រូវ​ការចំណាយ​ច្រើន​រាប់ទាំង​ការទិញ​ដី បច្ចេកទេស​ដាំ​ដុះ សម្ភារ​បច្ចេកទេស​ផ្សេងៗ​។ លោក​បន្ថែមថា សម្រាប់​កសិករ​ដែលមាន​ដី និង​ឧបករណ៍​កសិកម្ម​ស្រាប់ អាច​ចំណាយ​តិចតួច តែ​ក៏​មិនអាច​ជៀស​ការចំណាយ​ផ្សេងៗ​បានឡើយ​ចាប់ពី​ពេល​ដាំ និង​រហូត​ទុរេន​បាន​ផល​ហើយ​ក៏ដោយ​។ 
 
​ចំពោះ​ការប្រមូល​ផល​ឆ្នាំ​ដំបូង​នេះ លោក សេង​លី ប៉ាន់​ស្មានថា ច​ម្លា​រលោក​អាច​ទទួលផល​ប្រហែល​មួយ​តោន ក្នុងនោះ​លោក​ក៏​ត្រៀម​ពង្រីក​ការដាំ​បន្ថែម​សរុប​ជិត​មួយ​ម៉ឺន​កូន​ទៀត ដើម្បី​បង្គ្រប់​ផ្ទៃដី​សរុប​ជាង​២​ហិកតា​នេះ​។  
 
​ក្រោយ​បាន​បទពិសោធន៍​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទាក់ទង​នឹង​ការដាំដុះ​ទុរេន​ក្នុងស្រុក​បន្ទាយស្រី​នេះ​រួចមក លោក សេង​លី ត្រៀម​ចែករំលែក​បច្ចេកទេស​ដាំ​ដល់​កសិករ​ដែលមាន​បំណង​សាកល្បង​ដាំ​ទុរេន​ដូច​លោក​ដែរ​។ កសិករ​រូបនេះ​មិន​ចង់ឱ្យ​កសិករ​ផ្សេងទៀត ជួប​បញ្ហា​ដែល​លោក​ធ្លាប់​ជួប​ទេ ហើយ​ត្រៀម​ចែករំលែក​វិធីសាស្ដ្រ​នានា ដើម្បី​ដាំ​ទុរេន​ឱ្យបាន​ជោគជ័យ​៕
 
 

 

 

Tag:
 ទុរេន​
  កសិកម្ម​
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com