ពីនេះ ពីនោះ
សុខភាព
ឃ្លាន​ខ្លាំង​ខុសប្លែក​ពេល​មក​រដូវ​? កុំ​រំលង​អត្ថបទ​នេះ​
23, Jun 2020 , 6:59 am        
រូបភាព
​នារី​ភាគច្រើន​តែង​ជួបប្រទះ​អាកា​រៈ​ឃ្លាន​អាហារ​ផ្អែម ឬ​ប្រៃ​ខ្លាំង​ខុសធម្មតា​កំឡុងពេល​មក​រដូវ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​បញ្ហា​នេះ ៖

 
១. ទទួលទាន​ខ្លាញ់​សុខភាព​ល្អ​
 
 
​ការរួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​សុខភាព​ល្អ​ដូចជា​ផ្លែ​បឺ​រ ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ យ៉ា​អួរ​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​លែង​ឃ្លាង​អាហារ​ផ្អែមៗ ឬ​ប្រៃ​ទៀត​។​
 
២. ចៀសវាង​អាហារ​ធ្វើឡើង​ពី​កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់​
 
​នៅពេល​អ្នក​ទទួលទាន​អាហារ​ធ្វើឡើង​ពី​កាបូ​អ៊ី​ដ្រា​ត​កែច្នៃ​ចម្រាញ់​រួមមាន​នំ​ស្រួយ នំ​ឃុ​ក​គី ភី​ហ្សា​ជាដើម​នោះ​កាបូ​អ៊ី​ដ្រា​ត​ច្រាញ់​នឹងត្រូវ​បញ្ចេញ​ទៅក្នុង​លំហូរ​ឈាម​យ៉ាង​លឿន ហើយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​កើនឡើង​ខ្ពស់​ធ្វើឱ្យ​អ្នក​ឆាប់​ឃ្លាន​អាហារ​ខុសធម្មតា​។​
 
៣. កម្រិត​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​
 
​អ្នក​មិនគួរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើនពេក​ទេ ក៏​ព្រោះ​អ្នក​កាន់តែ​ទទួលទាន​ប៉ុណ្ណា​អ្នក​កាន់តែ​ឃ្លាន​ផ្អែមៗ​ខ្លាំង​ឡើង​ប៉ុន​នោះ​។​
 
៤. រួមបញ្ចូល​ជាតិ​ស​សៃ​កាន់តែច្រើន​ក្នុង​របប​អាហារ​
 
​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពន្យឺត​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​លំហូរ​ឈាម​ទប់​សង្កត់​អារម្មណ៍​ឃ្លាន​ខ្លាំង​កំឡុងពេល​មក​រដូវ​នោះ គឺ​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​។​
 
៥. ទទួលទាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​
 
​រួមមាន​សាច់​ទ្រូង​មាន់ ផ្នែក​ពណ៌​ស​នៃ​ស៊ុត ត្រី សណ្ដែក គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ជាដើម​គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដូច្នេះ​អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​បានយូរ​។​
 
៦. ទទួលទាន​អាហារ​សម្បួរ​ជាតិ​កាល់ស្យូម​
 
​កម្រិត​នៃ​ជាតិ​កាល់ស្យូម​ចុះ​ទាប​កំឡុងពេល​មក​រដូវ​បណ្ដាលឱ្យ​ចំណង់​អាហារ​របស់​ស្ត្រី​មួយចំនួន​កើនឡើង​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​។​
 
៧. រក្សា​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​
 
​កុំ​ភ្លេច​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ប្រសិនបើ​អ្នក​ចង់​ទប់ស្កាត់​អាកា​រៈ​ឃ្លាន​អាហារ​ផ្អែម​និង​ប្រៃ​ខ្លាំង​។ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​នាំឱ្យ​ក្រពះ​ឆ្អែត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ដែល​បង្កបញ្ហា​អតុល្យភាព​អ័រម៉ូន​ផងដែរ​។​ជា​លទ្ធផល​អ្នក​អាច​ចៀសផុត​បញ្ហា​ឃ្លាន​ខ្លាំង​ខុស​ប្រក្រតី​។​
 
៨. បន្លែ​បៃតង​
 
​ការទទួល​ទាន​បន្លែ​បៃតង​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​កំឡុងពេល​មក​រដូវ គឺ​ជាតិ​ដែក​។ បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​ផងដែរ​។ លើសពីនេះទៅទៀត​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​ដែល​អាច​សម្រាល​អាកា​រៈ​ចុក​រមួល​ក្នុង​ពោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com