ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​លក់ដូរ​នៅ​ទីសាធារណៈ
22, Jun 2020 , 2:54 pm        
រូបភាព
អ្នកលក់ដូរតាមដងផ្លូវនៅខេត្តព្រះសីហនុ (រូបពីគណនីហ្វេសប៊ុករបស់លោក សុខឡេង អភិបាលក្រុងព្រះសីហនុ)
អ្នកលក់ដូរតាមដងផ្លូវនៅខេត្តព្រះសីហនុ (រូបពីគណនីហ្វេសប៊ុករបស់លោក សុខឡេង អភិបាលក្រុងព្រះសីហនុ)
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ហាម​ពលរដ្ឋ​លក់ដូរ​នៅ​ទីតាំង​សាធារណៈ តាម​ចិញ្ចើម​ដងផ្លូវ និង​ឆ្នេរ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​និង​សោ​ភណ្ឌភាព​ក្រុង​។ មេ​សហជីព​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មិន​គាំទ្រ​ចំណាត់ការ​នេះឡើយ ព្រោះ​វា​ផ្តល់​ភាពអយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ​។



​អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជ្ញាធរ​នឹង​ចុះ​ដកហូត​សម្ភារ​របស់​ពលរដ្ឋ​ណា ដែល​លក់ដូរ​នៅ​ទីសាធារណៈ យកមក​រក្សាទុក​ពី ១ ទៅ​២​សប្ដាហ៍ ទើប​ប្រគល់ឱ្យ​វិញ​។ ប៉ុន្តែ​បើ​ពលរដ្ឋ​នៅ​មិន​រាងចាល ដោយ​បន្ត​លក់​ទៀត​នោះ អាជ្ញាធរ​នឹង​រឹបអូស​យក ហើយ​មិន​ប្រគល់​ឲ្យ​វិញ​ឡើយ​។ បើតាម​លោក អ៊ី សុខ​ឡេង អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រឹបអូស​នេះ ចាប់ពី​ថ្ងៃទី​២២ មិថុនា​ទៅ ។ 
 
​លោក អ៊ី សុខ​ឡេង ថ្លែង​ដូច្នេះ​ថា​៖ «​ដី​ចិញ្ចើមផ្លូវ​មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ទេ កាលណា​បើ​លក់​អ៊ីចឹងទៅ គឺ​គាត់​ស្នាក់​ហ្នឹង ហើយ​បើ​គាត់​ស្នាក់នៅ​មួយ​គ្រួសារ​ហើយ អាទិត្យ​ក្រោយ​គាត់​នឹង​ស្នាក់នៅ​៥​គ្រួសារ​ទៀត មួយ​(​អាទិត្យ​)​ក្រោយ​ទៀត​(​មាន​)២០​គ្រួសារ នៅ​អនាធិបតេយ្យ​ក្រុង​យើង វា​នឹង​បាត់បង់​សោ​ភណ្ឌ​ភាព​។ ហើយ​ថ្ងៃក្រោយ​គេ​ត្រូវ​ពង្រីក​ផ្លូវ ឬ​ចិញ្ចើមផ្លូវ​សម្រាប់​ថ្មើរជើង​វា​ធ្វើ​អត់​កើត វា​នឹង​ប៉ះពាល់​ដល់​ពួកគាត់​»​។​
 
​បើតាម​លោក សុខ​ឡេង ការដាក់​លក់ទំនិញ​ច​ល័ត តាមរយៈ​យានជំនិះ វា​បង្ក​ឱ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ព្រះសីហនុ​។ ការលក់ដូរ​ចល័ត​នេះ គឺ​លោក សុខ​ឡេង ចង់​សំដៅ​ទៅលើ​របរ​តូចតាច ដូចជា លក់​មី និង​លត់​ឆា​, បបរ ,​នំ​បញ្ចុក ,​កាហ្វេ និង​ភេសជ្ជៈ និង​ការលក់​សម្លៀកបំពាក់​តា​មរ​ទះ​ដោយ​កៀប​ជាមួយ​ម៉ូតូ ឬ​យានជំនិះ​ផ្សេងៗ​ជាដើម​។​
 
​នៅពេល​សួរថា តើ​អាជ្ញាធរ​អាចមាន​ដំណោះស្រាយ ដោយ​រៀបចំ​ទីតាំង​ណាមួយ​សម្រាប់​ឱ្យ​អ្នក​ប្រកប​របរ​អាជីវកម្ម​ទាំងនោះ​លក់ដូរ​ទេ​? អភិបាលក្រុង​ព្រះសីហនុ បាន​ឆ្លើយតប​ក្នុងន័យនេះ​ថា អាជ្ញាធរ​គ្មាន​គម្រោង​រៀបចំ​ទីតាំង​ណា​ឱ្យ​ពួកគេ​លក់ដូរ​ទេ​។​
 
«​ខ្ញុំ​មិនមែន​ឱ្យ​ពួកគាត់​ឈប់​លក់​ឯណា របរ​គាត់​លក់​អី គឺ​លក់​ទៅ​។ ខ្ញុំ​មិនមែន​បិទ​សិទ្ធិ​មិន​ឲ្យ​គាត់​លក់​ណា ឬ​បញ្ឈប់​គាត់​ឯណា គាត់​ចង់​អី​លក់​ទៅ លក់​ដូច​ពីមុន​លក់​ទៅ ប៉ុន្តែ​ខ្ញុំ​អត់​អនុញ្ញាត​ឲ្យ​ពួកគាត់​លក់​លើ​ដងផ្លូវ និង​ដី​សាធារណៈ​…​។ ហើយ​បើ​ថា ឱ្យតែ​អ្នក​ប្រកប​របរ​អាជីវកម្ម​ចល័ត តាមរ​ទះ​ចល័ត ទីតាំង​ចល័ត យើង​ត្រូវ​រក​ទីតាំង​ឱ្យ​គាត់ ចុះ​ចាំបាច់​គេ​បង្កើត​ផ្សារ​ធ្វើ​អ្វី​។ ហើយ​បើ​ឱ្យតែ​អ្នក​អត់​(​កន្លែង​)​អ៊ីចឹង យើង​រក​ទីតាំង​ឱ្យ ចាំបាច់​គេ​បង្កើត​ផ្សារ ទីតាំង​ជួល មានផ្ទះ​ជួល មាន​ដី​ជួល​ធ្វើ​អី​»​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលក្រុង​ព្រះសីហនុ​។​
 
​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មិន​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឡើយ​។ លោក វន់ ពៅ ចាត់ទុក​វិធានការ​នេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​កាន់តែ​លំបាក នៅក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ ។​
 
​លោក វន់ ពៅ ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​គាំទ្រ​ចំណាត់​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​ទាល់តែសោះ រឿង​បញ្ហា​នេះ ខ្ញុំ​គិតថា យល់​ល្អ​អាជ្ញាធរ​គួរតែរៀបចំ​ទីតាំង​កន្លែង​ស​ម្យ​រ​ឲ្យ​ពួកគាត់​លក់ដូរ វា​ល្អ​ជាង ងាយស្រួល​ជាង ហើយ​វា​ជា​ដំណោះស្រាយ​វិជ្ជមាន​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​លក់ដូរ​មាន​របៀបរៀបរយ​ទៅ​...​ស​ង្ឈឹ​ម​ថា​អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ពិចារណា​ឡើយ​វិញ ធ្វើ​អ៊ីចឹង​(​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​យក​ទីសាធារណៈ​)​ដូច​សម្លាប់​គាត់​(​អ្នកលក់ដូរ​)​ទាំង​រស់​អ៊ីចឹង​»​។ 
 
​អ្នកវិភាគ​នយោបាយ និង​សង្គម លោក អ៊ូ វីរៈ យល់ឃើញថា អាជ្ញាធរ​ត្រូវ​ជួយ​ផ្នែក​ណាមួយ ដល់​អ្នកក្រីក្រ​ដែល​គ្មាន​ទីតាំង​លក់ដូរ​ច្បាស់លាស់ នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ជាពិសេស​ការអនុវត្ត​វិធាន​ការឱ្យ​ស្មើភាព​គ្នា​រវាង​អ្នកមាន និង​ក្រ​។​
 
«​អ្នកក្រ​លក់ដូរ​អត់​បាន ថា​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ ស្ទះចរាចរណ៍ ដល់ពេល​កូនអ្នកមាន​លុយ​បិទផ្លូវ​ចត​ឡាន ឬ​សង់​រោងការ បាន​វា​ធ្វើ​ប៉ះ​អារម្មណ៍​...​ដូច​ឆ្នេរ​នៅ​កំពង់សោម ឆ្នេរ​សុខា គឺ​គ្រប់គ្រង​ដោយ​អ្នកមាន​លុយ​យក​ធ្វើ​សណ្ឋាគារ​បាន យើង​អត់​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ដល់ពេល​អ្នកក្រ​ទៅធ្វើ​អត់​បាន វា​អត់​ត្រូវ​។ ច្បាប់​បញ្ជាក់ថា​ឆ្នេរ​ជា​របស់​រដ្ឋ ដល់ពេល​អ្នកមាន​ទៅធ្វើ​អត់​អី ដល់ពេល​អ្នកក្រ​ទៅធ្វើ​ប៉ះពាល់​សណ្ដាប់ធ្នាប់ ផលប្រយោជន​ជាតិ វា​ជា​បញ្ហា គឺ​អនុវត្ត​គោលនយោបាយ​អត់​ស្មើគ្នា ធ្វើឱ្យ​មនុស្ស​ឈឺចិត្ត​ច្រើន​»​។ នេះ​ជាការ​បញ្ជាក​របស់លោក អ៊ូ វីរៈ​។​
 
​បើតាម​លោក អ៊ូ វីរៈ អាជ្ញាធរ​គួរតែរៀបចំ​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ ក្នុងការ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​នេះ​។ ត្រង់ចំណុច​នេះ​លោក អ៊ូ វីរៈ បាន​បញ្ជាក់ថា អាជ្ញាធរ​ត្រូវ​កំណត់ពេល​វេលា​ឱ្យ​ពលរដ្ឋ​លក់ដូរ ចាប់ពី​ម៉ោង​៦ ឬ​ម៉ោង​៧​ល្ងាច​ឡើងទៅ ព្រោះ​ពេលវេលា​នេះ វា​មិនសូវ​ធ្វើឱ្យ​ស្ទះចរាចរណ៍ និង​សណ្ដាប់ធ្នាប់ ប្រសើរ​ជាង​ការហាម​ដាច់​ណាត់ មិនឱ្យ​ពួកគេ​លក់​លើផ្លូវ​សាធារណៈ​៕

Tag:
 ព្រះសីហនុ​
  លក់ដូរ​ចល័ត​
© រក្សាសិទ្ធិដោយ thmeythmey.com