ជាតិ
៦​ខែ​មកនេះ យ៉ាងហោច​សត្វ​ទន្សោង​១០​ក្បាល​បាន​ងាប់ ព្រោះ​ជាប់អន្ទាក់ និង​ការ​បរបាញ់​
22, Jun 2020 , 5:20 pm        
រូបភាព
សត្វ​ទន្សោង​២​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​
សត្វ​ទន្សោង​២​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​
ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​សត្វ​ទន្សោង​១០​ក្បាល​បាន​ងាប់​ដោយសារ​ការជាប់​អន្ទាក់ និង​ការ​បរបាញ់ គិត​ចាប់ពី​ដើម ឆ្នាំ​២០២០​មក​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ សត្វ​ទន្សោង​ទាំង​១០​ក្បាល​នោះ មាន​៦​ក្បាល​ងាប់​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​, ៣​ក្បាល​ងាប់​នៅ​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​លំផាត់ និង​១​ក្បាល​ទៀត​ងាប់​នៅក្នុង​ខេត្តកំពង់ស្ពឺ​។

 
​កាលពី​ថ្ងៃទី​២០ មិថុនា គេ​បាន​ប្រទះឃើញ​សាកសព​ស្អុយរលួយ របស់​សត្វ​ទន្សោង​ឈ្មោល ១​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​ជាស​ត្វ​ទន្សោង​ទី​៦ ដែល​បាន​ងាប់ នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​នេះ ក្នុងនោះ​ទន្សោង​ញី​៣​ក្បាល ឈ្មោល​៣​ក្បាល​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​បណ្តាញ​តេ​លេ​ក្រាម​(Telagram)​។​
 
​តាម​លោក ភក្ត្រា តាំងពី​ដើមឆ្នាំ​២០២០​មក យ៉ាងហោចណាស់​មាន​សត្វ​ទន្សោង​១០​ក្បាល​ហើយ ដែល​បាន​ងាប់​ដោយសារ​ជាប់​ទ​ន្ទា​ក់ និង​ការ​បរបាញ់​។ ក្រៅពី​ទន្សោង​៦​ក្បាល​នេះ កន្លងមក គេ​បាន​ប្រទះឃើញ​សត្វ​ទន្សោង ៣​ក្បាល​ទៀត​ងាប់ នៅក្នុង​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ខេត្តមណ្ឌលគិរី និង​១​ក្បាល​ទៀត ងាប់​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ 
 
​ជុំវិញ​បាត់បង់​ជីវិត​សត្វ​កម្រ​ជា​បន្តបន្ទាប់​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ទទួលស្គាល់ថា ការ​លួច​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ នៅតែ​បន្ត​កើតមាន ហើយ​ការដាក់​អន្ទាក់ គឺជា​ឃាតក​លាក់​មុខ ដែល​បាន​បន្ត​សម្លាប់​សត្វព្រៃ ជា​រៀងរាល់ថ្ងៃ​។​
 
​លោក នេត្រ ភក្ត្រា អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ នា​ដំណើរ​ទស្សនកិច្ច និង​ស្វែងយល់​ការ ងារ​អភិរក្ស​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ឆែប នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​កន្លងទៅ​។  
 
​លោក នេត្រ ភក្ត្រា បន្ត​ដូច្នេះ​៖«​ការ​បរបាញ់​សត្វ​[​ព្រៃ នៅតែ​កើតមាន ហើយ​អ្វីដែល​យើង​ធ្វើ​គឺ​ការពង្រឹង​ការអនុវត្ត​ច្បាប់​។ មានការ​តែ​ពង្រឹង​ច្បាប់​មួយ​ទេ នឹង​ផ្តល់នូវ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​យើង​បានធ្វើ​ការអប់រំ  យើង​បានធ្វើ​ការណែនាំ បាន​ចំនួន​ហើយ​។ អ៊ីចឹង ដំណើរ​ដែល​យើង​ត្រូវការ​អនុវត្ត​បន្តទៀត ដើម្បី​ប្រសិទ្ធភាព គឺ​ការអនុវត្ត​ច្បាប់​។ ដូច្នេះ ជនខិលខូច ឬ​អ្នកប្រព្រឹត្ត​ខុស ទៅ​បរបាញ់​សត្វ ទៅ​សម្លាប់សត្វ ទៅ​ដាក់​អន្ទាក់​សត្វ ឬ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​... សូមកុំ​និយាយថា ខ្ញុំ​អត់​បានដឹង​ច្បាប់ ហើយ​សូមកុំ​និយាយថា ប្រភេទ​សត្វព្រៃ​ទាំងអស់​ហ្នឹង ខ្ញុំ​អត់​ដឹងថា​សត្វព្រៃ​ទាំងអស់​ហ្នឹង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវ​អភិរក្ស​ទេ​»​។​
 


 ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កំពុងផ្ដល់​បទ​សម្ភាស​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី ១០ មិថុនា ឆ្នាំ​២០២០

​តាម​លោក នេត្រ ភក្ត្រា ជន​ដែល​សម្លាប់ បរបាញ់ ដាក់​អន្ទាក់ ជួញដូរ​សត្វព្រៃ ឬ​ប្រព្រឹត្តិ​សកម្មភាព​ផ្សេងៗ​ខុសច្បាប់​លើ​សត្វព្រៃ ក្រៅពី​ត្រូវ​ព្រមាន​ពី​អាជ្ញាធរ​ហើយ ក៏ត្រូវ​រង​ការពិន័យ​ចន្លោះ​ពី​១០​ម៉ឺន ទៅ​១​លាន​រៀល​ដែរ​។ លើសពីនេះ ជនល្មើស នឹង​ជាប់ពន្ធនាគារ ពី​១​ខែ ដល់​១​ឆ្នាំ ឬ​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ អាស្រ័យ​លើ​ទំហំ​ល្មើស​ដែលមាន​នៅក្នុង​ច្បាប់ ស្តីពី​ការការពារ​តំបន់​ធម្មជាតិ​។ លោក នេត្រ ភក្ត្រា បាន​អះអាង​បន្ថែម​ដូច្នេះ​៖«​នេះ​ជា​វិធានការ​ម៉ឹងម៉ាត់ ដែល​យើង​ត្រូវអនុវត្ត ដើម្បី​ប្រសិទ្ធភាព ក្នុងការ​អភិរក្ស ឱ្យបាន​គង់វង្ស​នៅ​សត្វព្រៃ​របស់​យើង​»​។​
 
​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០ (​ខែមករា​ដល់​ខែមេសា​) មន្ត្រី​ឧទ្យាន​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​នានា បាន​ដោះ​អន្ទាក់​បាន​ជាង​១​ម៉ឺន​អន្ទាក់​ពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង កាំភ្លើង​កែច្នៃ និង​ស្នា​តេះ ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ​ជាង ៣០០ ដើម​ត្រូវបាន​ដកហូត​។ ដោយឡែក កាល​ឆ្នាំ​២០១៩ មាន​អន្ទាក់​ជាង​២​ម៉ឺន ត្រូវបាន​មន្ត្រី​ឧទ្យាន​រក្ស និង​ប្រជា​សហគមន៍ ដោះ​ចេញពី​តំបន់ការពារធម្មជាតិ ដើម្បី​ការពារ​សត្វព្រៃ​ដែល​កំពុង​រស់នៅ​។ 
 
​យោងតាម​របាយការណ៍​សិក្សា​របាយ​ប្រជាជន​សត្វ​ទន្សោង កម្ពុ​ជាមាន​សត្វ​ទន្សោង ចន្លោះ​ពី ២,៧០០ ទៅ ៥,៧០០​ក្បាល​។ ចំនួន​នេះ​បានធ្វើឱ្យ​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា មាន​ចន្លោះ​ពី ៥,៩០០ ទៅ ១១,០០០ ក្បាល​តែប៉ុណ្ណោះ​។ 
 
​លោក នេត្រ ភក្ត្រា បាន​និយាយ «​ទន្សោង​»​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​មោទកភាព​ដែល​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស​ដោយនិយាយ​ថា​ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ ការបរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​បរ​និង​ចាប់​សត្វព្រៃ​៕ 
 

Tag:
 សត្វព្រៃ​
  ទន្សោង​
  ឧ​ត្ត​រ​មានជ័យ​
  មណ្ឌលគិរី​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com