ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​១,៩​ភាគរយ ដែល​មិន​ធ្លាប់មាន​ជាង​២០​ឆ្នាំ​មកនេះ​
22, Jun 2020 , 11:19 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បដិសេធ​ឡើយ​ថា ដែលថា សេដ្ឋកិច្ចកម្ពុជា រង​ការប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ តែ​ថា ការប៉ះពាល់​សេដ្ឋកិច្ច​នេះ មិនមែន​តែ​កម្ពុជា​នោះទេ គឺ​ប្រទេស​ជាច្រើន​លើ​ពិភពលោក ក៏​ប៉ះពាល់​ដែរ​។



សម្រាប់​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​កម្ពុជា វាយតម្លៃថា កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​១,៩​ភាគរយ​។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ថ្លែង​ក្នុងឱកាស​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ឃុំ​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​។ សម្តេច ចាត់ទុក​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​នេះ ថា «​មិន​ធ្លាប់​កើត​មាននៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​»​។ 
 





​ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ពី​ការវាយតម្លៃ​របស់ភាគី​ពាក់ព័ន្ធ​នានា ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង ធនាគារពិភពលោក (WB)  ជាដើម ថា សេដ្ឋកិច្ចកម្ពុជា អាច​ធ្លាក់ចុះ​ពីរ​ង្វ​ល់​១,៥​ភាគរយ ទៅ ២,៩​ភាគរយ ក្នុង​ឆ្នាំ​២០២០​។ 
 
​បើតាម​សម្តី​របស់​មេដឹកនាំ​កម្ពុជា កំណើនសេដ្ឋកិច្ច​កម្ពុជា ធ្លាក់ចុះ​តិចជាងគេ បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន ដូចជា សិង្ហ​បុរី បានប្រកាស​ទុកជាមុន​ថា កំណើនសេដ្ឋកិច្ច​ខ្លួន អាច​នឹង​ធ្លាក់ចុះ​៧​ភាគរយ ខណៈ​ប្រទេស​ខ្លះទៀត ប្រកាសថា អាច​នឹង​ធ្លាក់ចុះ​ដល់​ទៅ​១០​ភាគរយ​។​
 
​ទោះ​សេដ្ឋកិច្ចកម្ពុជា ត្រូវ​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ហើយ​ចំណូល​រដ្ឋ ធ្លាក់ចុះ​ក្តី តែ​សម្តេច ហ៊ុន សែន ប្រាប់​ទៅ​អ្នកប្រឆាំង​និង​វិភាគ​ថា រដ្ឋាភិបាល​កម្ពុជា នៅតែមាន​លទ្ធភាព​បើក​បៀវត្ស​ជូន​មន្ត្រីរាជការ​ដដែល​។ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​ដូច្នេះ​ថា​៖«​កូ​វីដ​-១៩ មិនអាច​សម្លាប់​រដ្ឋាភិបាល ហ៊ុន សែន បានទេ​»​។  
 
​ប្រមុខ​រដ្ឋាភិបាល បន្ថែមថា សាច់ប្រាក់​ជាង​៣,៥​ពាន់​លាន​ដុល្លារ ដែល​សន្សំទុក​ដោះស្រាយ​លើ​បញ្ហា​កូ​វីដ​-១៩ មិនទាន់​ប៉ះពាល់​នៅឡើយ​ទេ​។ ប្រមុខ​រដ្ឋាភិបាល និយាយថា រដ្ឋាភិបាល នៅមាន​ថវិកា​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ទៀត ដែលជា​ទុន​អន្តរជាតិ​។ 
 
​មុន​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា (GDP ) កើនឡើង​ដល់​៧,៥​ភាគរយ​។ បើ​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា ធ្លាក់ចុះ​១,៩​ភាគរយ ដូច​ការ​ព្យាករ​របស់​រដ្ឋាភិបាល​មែន កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​នៅសល់​៥,៦​ភាគរយ តែបើ​ធ្លាក់​ដល់​ទៅ​២,៩​ភាគរយ ដូច​ការ​ព្យាករ​របស់​ស្ថាប័ន​ជំនាញ ដូច​ធនាគារពិភពលោក ជាដើម កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​នៅសល់​ត្រឹម​៤,៦​ភាគរយ​។​
 
​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២០ ធនាគារពិភពលោក ចេញ​របាយការណ៍​ព្យាករ​ថា ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អាច​នឹងធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កើនឡើង​ពី ៣ ទៅ ១១​ភាគរយ​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​ភាពក្រីក្រ​កម្ពុជា ស្ថិតក្នុង​រង្វង់​ប្រមាណ​១២​ភាគរយ​។ 
 
​ធនាគារពិភពលោក មើលឃើញថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​បង្ក​ការប៉ះទង្គិច​យ៉ាងដំណំ​ទៅលើ​វិស័យ​សំខាន់ៗ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​នាំចេញ និង និង វិស័យ​សំណង់ ជាដើម ដែល​តំណាង​ឲ្យ​ជាង​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​ប្រមាណ​៤០​ភាគរយ នៃ​ការងារ​សរុប ក្នុងប្រទេស​កម្ពុជា​។
  
​ដោយសារ​មូលហេតុ​នេះ ក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងទុក​ថា «​នឹងមាន​ល្បឿន​យឺត​បំផុត​មិនដែល​ធ្លាប់​ជួបប្រទះ​តាំងពី​ឆ្នាំ​១៩៩៤​មក​» ដោយ​វា​នឹង​ថមថយ​មកដល់​រវាង ១​ភាគយ ដល់ ២,៩ ភាគរយ​។ នេះ​ជាការ​ទាញ​សេចក្តីសន្និដ្ឋាន​របស់​ធ​នាគារ​ពិភពលោក​។   
 
​ធនាគារពិភពលោក បន្តថា ការប៉ះពាល់​វិស័យ​ទាំងនេះ ធ្វើ​ឲ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោចណាស់ «​ជាង​១,៧​លាន​នាក់​» ស្ថិតក្នុង​ហានិភ័យ​។​

ពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​វិធានការ​ជាច្រើន ជាមួយនឹង​ការត្រៀម​ថវិកា​ពី​៨​រយ​លាន​ដុល្លារ ទៅដល់​ជាង​៣​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​នានា​៕ 

Tag:
 COVID-19
  ហ៊ុន សែន​
  សេដ្ឋកិច្ច​ធ្លាក់ចុះ
© រក្សាសិទ្ធិដោយ thmeythmey.com