COVID-19
អន្តរជាតិ
COVID-19៖ ការឆ្លង​នៅ​អាស៊ីអាគ្នេយ៍​មាន​ជាង ១៣​ម៉ឺន​នាក់ ខណៈ​ឥណ្ឌូណេស៊ី​ឈរ​លេខ​១
22, Jun 2020 , 10:19 pm        
រូបភាព
រូបភាព៖ Anadolu Agency
រូបភាព៖ Anadolu Agency
​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រទេស​សរុប​ចំនួន ១១​ប្រទេស ត្រូវបាន​គេ​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19​សរុប​ជាង ១៣​ម៉ឺន​ករណី​។ ឥណ្ឌូណេស៊ី មាន​ករណី COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់ ខណៈ​ប្រទេស​ទី​ពីរ គឺ​សិង្ហ​បុរី និង​ទី​៣ គឺ​ហ្វីលីពីន​។ នេះ​បើតាម​វេ​ប​សាយ Worldometer គិត​ត្រឹម​រសៀល​ថ្ងៃទី​២២ ខែមិថុនា​។


​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ប្រទេស​ចំនួន​១១ មាន​ករណី​COVID-19 សរុប​១៣១០៣១​ករណី ខណៈ​អ្នក​ស្លាប់មាន​ជិត ៤​ពាន់​នាក់​។ ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ទាំងអស់ មាន​ប្រទេស​តែ ៣​ប៉ុណ្ណោះ ដែលមាន​ករណី​ឆ្លង លើស ១​ម៉ឺន​ករណី មាន​ឥណ្ឌូណេស៊ី សិង្ហ​បុរី និង​ហ្វីលីពីន​។ 
 
​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​១ នៃ​តារាង​ប្រទេស​មាន COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​រហូតដល់​ទៅ ៤៥៨៩១​ករណី​ឯណោះ អ្នកស្លាប់​មាន​ចំនួន ២៤៦៥​នាក់​។ តួលេខ​អ្នកស្លាប់​នេះ ក៏​ច្រើនជាងគេ​នៅក្នុង​តំបន់​ផងដែរ​។ អ្នកជា​សះស្បើយ​នៅ​ឥណ្ឌូណេស៊ី​មាន​ចំនួន ១៨៤៩៤​នាក់​។​
 
​ចំណែក​សិង្ហ​បុរី ឈរ​នៅ​លំដាប់​ទី​២ មាន​ករណី​ឆ្លង​ចំនួន ៤២៧៨៥​ករណី អ្នកស្លាប់ ២៦​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៤៩៤២​នាក់​។ បើ​ក្រឡេក​មក​មើល​ប្រទេស​ដែន​កោះ​ហ្វីលីពីន​វិញ ឈរ​នៅ​លំដាប់​ទី​៣ មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៣០០៥២​ករណី អ្នកស្លាប់ ១១៦៩​នាក់ និង​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨៩៣​នាក់​។ 
 
​ជា​ប្រទេសជិតខាង និង​ឈរ​នៅ​លំដាប់​បន្ទាប់ពី​ហ្វីលីពីន  ម៉ាឡេស៊ី​មាន​ករណី​ឆ្លង COVID-19 ក្រោម ១​ម៉ឺន​ករណី និង​ភាគច្រើន​អ្នក​ឆ្លង គឺ​មកពី​វិហារ​សាសនា​។ ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​សរុប​ចំនួន ៨៥៧២​ករណី អ្នកស្លាប់​មាន​ចំនួន ១២១​នាក់ និង​អ្នកជា​សះស្បើយ ៨១៥៦​នាក់​។ សម្រាប់​ប្រទេស​ថៃ ដែល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន​២៨​ថ្ងៃ ឈរ​នៅ​លំដាប់​ទី​៥ មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប ៣១៥១​ករណី អ្នកស្លាប់​ចំនួន ៥៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣០២២​នាក់​។​
 
​វៀតណាម គឺជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​៦ មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៤៩​ករណី និង​គ្មាន​ករណី​ស្លាប់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៣២៧​នាក់​។ ប្រទេស​បន្ទាប់​គឺ​មី​យ៉ាន់​ម៉ា ឈរ​នៅ​លំដាប់​ទី​៧ មាន​ករណី​ឆ្លង COVID-19 ២៩០​ករណី អ្នកស្លាប់​មាន​ចំនួន ៦​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២០០​នាក់​។ 
 
​ឈរ​នៅ​លំដាប់​ទី​៨ គឺ​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ព្រុយ​ណេ មាន​ករណី​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៤១​ករណី អ្នកស្លាប់​មាន​ចំនួន ៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៣៨​នាក់​។ 
 
​ចំណែក​ប្រទេស​ទី​៩ កម្ពុជា ដែល​ភាគច្រើន​មាន​ករណី​ឆ្លង​មកពី​បរទេស មាន​ករណី COVID-19 សរុប​ចំនួន ១២៩​ករណី មិនមាន​ករណី​ស្លាប់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១២៧​នាក់​។ ចំណែក​ទី​ម័​រ​ខាងកើត​វិញ ដែល​ឈរ​នៅ​លំដាប់​ទី​១០ នៃ​តារាង COVID-19 ក្នុង​តំបន់​មាន​ករណី COVID-19 សរុប​២៤​ករណី មិនមាន​ករណី​ស្លាប់ និង​មាន​អ្នកជំងឺ​ជាសះស្បើយ​ទាំងអស់​។ ប្រទេស​ចុងក្រោយ ឈរ​នៅ​លំដាប់​ទី​១១ គឺ​ឡាវ ដែល​បានប្រកាស​អស់អ្នក​ជំងឺ COVID-19 នាពេល​កន្លងមក មាន​ករណី COVID-19 សរុប​១៩​ករណី មិនមាន​ករណី​ស្លាប់​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​២២ ខែមិថុនា ពិភពលោក​មាន​ឆ្លង​COVID-19 ចំនួន​ជាង ៩​លាន​ករណី អ្នកស្លាប់​មាន​ចំនួន​ជាង ៤៧​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤,៨៤​លាន​នាក់​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com