ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះថ្មី ដែលចំណាយទឹកប្រាក់១,៥០០លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ប្រភពរូប៖ ទីភ្នាក់ងារសាព័ត៌មានកម្ពុជា(AKP)
× ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងនៅខេត្តកណ្តាល នឹងដាក់ឱ្យដំណើរការនៅ ក្នុងឆ្នាំ២០២៣ ដែលមានលទ្ធភាពយ៉ាងហោចណាស់ទទួលអ្នកដំណើរបានចំនួន១៣លាននាក់ក្នុងមួយឆ្នាំៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានតម្លៃវិនិយោគ១,៥០០លានដុល្លារ នេះ សម្រេចបាន៣០ភាគរយ។ នេះបើតាមលោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) ។
ថ្លែងក្នុងពិធីអមដំណើរសម្តេច ហ៊ុន សែន ចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២មិថុនា លោក ពុង ឃាវសែ បានបញ្ជាក់ថា អាកាសយានដា្ឋនអន្តរជាតិភ្នំពេញថ្មី នឹងទទួលបានអ្នកដំណើរ១៣លាននាក់ ក្នុងមួយឆ្នាំនោះ គឺស្ថិតនៅក្នុងដំណាក់កាលពីទីមួយ។
ដោយឡែក ដំណាក់ទីពីរនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នឹងដាក់ដំណើរនៅឆ្នាំ២០៣០ ដែលមានលទ្ធភាពទទួលអ្នកដំណើរបាន៣០លាននាក់ក្នុងមួយឆ្នាំ និងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំៗ នៅពេលដែលក្រុមហ៊ុនដំណើរការក្នុងដំណាក់កាលទី៣នៅឆ្នាំ២០៥០។ នេះបើតាមលោក ពុង ឃាវសែ។
សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ កំពុងសាងសង់ឡើងលើផ្ទៃដីទំហំជាង២,៦០០ហិចតា ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងខេត្តតាកែវ ក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារ។ ក្នុងនោះ មានភាគហ៊ុន១០ភាគរយ របស់រដ្ឋាភិបាលកម្ពុជា ចំណែកឯភាគហ៊ុន៩០ទៀត គឺរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) ដែលសហការជាមួយក្រុមហ៊ុនចិន។ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះឡើង រដ្ឋាភិបាលនិងក្រុមហ៊ុនOCIC ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment» ហើយ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង នៅក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកាន់ប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៨៕
Tag:
អាកាសយានដ្ឋានថ្មី
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com