COVID-19
រថយន្ត
អន្តរជាតិ
ទោះ​ស្ថាន​ភាពប្រសើរ តែ​ទីផ្សារ​យានយន្ត​នៅ​អឺរ៉ុប​បន្ត​ធ្លាក់ចុះ ៥២.៣​ភាគរយ​នៅ​ខែឧសភា​
22, Jun 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រងគ្រោះ​ដោយសារ COVID-19 ទីផ្សារ​យានយន្ត​អឺរ៉ុប បន្ត​ធ្លាក់ចុះ​៥២.៣​ភាគរយ​ទៀត​នៅ​ខែឧសភា ឆ្នាំ​២០២០ នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ថាន​ភាពមិន​ធ្ងន់ធ្ងរ​ដូច​កាលពី​ខែមេសា​នោះឡើយ ដោយសារ​តែមាន​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ចង្វាក់​ផលិតកម្ម​យានយន្ត​នៅ​បណ្តា​ប្រទេស​មួយចំនួន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​

 
​ការចុះបញ្ជី​រថយន្ត​ថ្មី បាន​ធ្លាក់ចុះ ៥៥.១​ភាគរយ​នៅ​ខែមីនា ក្នុង​សហភាព​អឺរ៉ុប ហើយ​បន្ត​ធ្លាក់​ដល់​ទៅ​៧៦.៣​ភាគរយ​នៅ​ខែមេសា ព្រោះតែ​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ដោយ​ហាមប្រាម​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។​
 
​នៅ​បារាំង បើតាម​របាយការណ៍រ​បស់​សមាគម​សហគ្រាស​យានយន្ត​អឺរ៉ុប (ACEA) ក្រុមហ៊ុន Renault រួមជាមួយ Dacia, Lada និង Alpine នោះ មានការ​លក់​ចេញ​ធ្លាក់ចុះ ៥២.៥​ភាគរយ ក្រុមហ៊ុន PSA (Peugeot, Citroen, Opel/Vauxhall, DS) ធ្លាក់​៥៦.៤​ភាគរយ​។​
 
​របាយការណ៍​ជារួម​បង្ហាញថា រថយន្ត​ថ្មី​តែ​ជាង​៥៨​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ បាន​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​ក្នុង​តំបន់​អឺរ៉ុប ខណៈ​នៅ​ខែឧសភា ដដែល​កាលពី​ឆ្នាំ​២០១៩ មាន​ដល់​ទៅ​ជាង​១.២​លាន​គ្រឿង​។ ទីផ្សារ​ធំៗ ដែល​បាន​ធ្លាក់ចុះ​រួមមាន អេ​ស្ប៉ា​ញ (-៧២.៧​ភាគរយ​), បារាំង (-៥០.៣​ភាគរយ​) និង​អាល្លឺម៉ង់ (-៤៩.៥​ភាគរយ​)​។​
 
​តាម AFP ក្រុមហ៊ុន Jaguar Land Rover បានប្រកាស​ពី​ការកាត់បន្ថយ​បុគ្គលិក​បណ្តោះអាសន្ន ចំនួន​ជាង​១​ពាន់​នាក់​នៅ​អង់គ្លេស រីឯ Renault លុបចោល​ការងារ​១៥០០០​កន្លែង​នៅលើ​ពិភពលោក ក្នុងនោះ​មាន​៤៦០០​នៅ​បារាំង​។​
 
​ទោះបីជា​ទីផ្សារ​នៅ​អឺរ៉ុប​ទាំងមូល​មានការ​ធ្លាក់ចុះ​៥២.៣​ភាគរយ​នៅ​ខែឧសភា ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​យានយន្ត​រំពឹងថា ស្ថានភាព​នឹង​វិល​ទៅរក​វិជ្ជមាន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយ​ការបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​៕
 

Tag:
 រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com