COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
អឺរ៉ុប ប្រាប់​ចិន​ឲ្យ​បោះបង់​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង បើ​មិន​ចង់​ជួប​ការលំបាក​
23, Jun 2020 , 10:05 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភី និងមេដឹកនាំសហភាពអឺរ៉ុបនាជំនួបតាមអនឡាញនៅថ្ងៃទី២២ ខែមិថុនា។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភី និងមេដឹកនាំសហភាពអឺរ៉ុបនាជំនួបតាមអនឡាញនៅថ្ងៃទី២២ ខែមិថុនា។ រូបភាព Xinhua
​ប្រមុខ​សហភាព​អឺរ៉ុប លោកស្រី Ursula von der Leyen នៅ​ថ្ងៃទី​២២ ខែមិថុនា បាន​ព្រមាន​ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង មានតែ​បង្ក​ផលវិបាក​ដល់ទី​ក្រុង​ប៉េកាំង​តែប៉ុណ្ណោះ​។ ស្រប​ជាមួយនឹង​ពាក្យ​ព្រមាន ប្រមុខ​សហភាព​អឺរ៉ុប​រូបនេះ ក៏បាន​ទទូច​ឲ្យ​ចិន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​អឺរ៉ុប​ឲ្យ​បាន​ឆាប់​ផងដែរ​។

 
​មេដឹកនាំ​សហភាព​អឺរ៉ុប និង​ចិន បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ដោយ​ជជែក​លើ​បញ្ហា​ជាច្រើន​។ ប្រធានបទ​ហុងកុង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏​ជា​របៀបវារៈ​នៃ​ជំនួប​រវាង​លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ។  
 
​លើ​បញ្ហា​ហុងកុង អំឡុង​ប្រជុំ​តាម​វី​ឌី​អូត​ភ្ជាប់​នេះ មេដឹកនាំ​អឺរ៉ុប​បានស្នើ​ឲ្យ​គិតគូរ​ឡើងវិញ​ពី​គម្រោង​ច្បាប់​សន្តិសុខ​ជាតិ​។ លោកស្រី Ursula បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍ ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ បាន​បញ្ចុះបញ្ចូល​ឲ្យ​ចិន​ទម្លាក់​ច្បាប់​នេះ​ចោល ព្រោះ​ប្រសិន​ច្បាប់​នេះ​ចូល​ជា​ធរមាន វា​នឹង​បង្ក​ផល​អវិជ្ជមាន​យ៉ាងខ្លាំង​។ នេះ​បើ​ការផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​ថ្លែង​នៅក្នុង​ជំនួប​អឺរ៉ុប​-​ចិន​នេះ​ដដែល ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ បាន​ពន្យល់ថា សហភាព​អឺរ៉ុប ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ប្រទេស​ឧស្សាហកម្ម​នាំមុខ​ទាំង​៧ (G7) ទាក់ទង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​។ អឺរ៉ុប​មាន​ជំហរ​យ៉ាងច្បាស់ ចំពោះ​ការដឹកនាំ​របស់​ចិន ហើយ​អឺរ៉ុប ក៏បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស G7 ពិចារណា ជាថ្មី​ផងដែរ​លើ​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​។ បើតាម​លោកស្រី Ursula ប្រទេស G7 មាន​វិធានការ​ឆ្លើយតប​ទៅ​ចិន ខុសពី​អឺរ៉ុប​។ ហេតុនេះហើយ អឺរ៉ុប​ទទូច​ឲ្យ​ចិន​ទម្លាក់ចោល​ច្បាប់​សន្តិសុខ​ជាតិ​។  
 
​បន្ទាប់ពី​ព្រមាន​ចិន​រួច អឺរ៉ុប ជំរុញ​ឲ្យ​ចិន​ព​ន្លឿ​ង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ចិន​-​អឺរ៉ុប​។ បើតាម​ការអះអាង​រប​ស់លោក​ស្រី Ursula ពាណិជ្ជកម្ម និង​ការវិនិយោគ​អឺរ៉ុប គឺមាន​អតុល្យភាព​ជាមួយ​ចិន​។ ក្នុងន័យនេះ អឺរ៉ុប​ត្រូវការ​ការប្តេជ្ញា​របស់​ចិន នៅក្នុង​កិច្ចចរចា​ទ្វេភាគី ដើម្បី​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ចិន និង​អឺរ៉ុប​។ 
 
​ក្រៅពី​និយាយ​ពី​បញ្ហា​ហុងកុង និង​ពាណិជ្ជកម្ម ភាគី​ចិន និង​អឺរ៉ុប ក៏បាន​និយាយ​គ្នា​ពី​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ បញ្ហា​COVID-19 ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​បិទ​ប្រទេស និង​បញ្ហា​ផ្សេងទៀត​។ 
​សូម​បញ្ជាក់ដែរថា កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​ចិន និង​មេដឹកនាំ​ក្រុម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​គ្រោង​ធ្វើ​នៅ​អាល្លឺម៉ង​ក្នុង​ខែកញ្ញា​ខាងមុខនេះ ត្រូវបាន​លើក​ពេល​ទៅ​ប្រជុំ​នៅ​ថ្ងៃក្រោយ​ហើយ ដោយសារតែ​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com