COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
លោក លី សៀនឡុង ស្នើឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បានស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យរំលាយសភា ។ រូបថត AFP
× លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បានស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី។
ក្នុងសុន្ទរកផ្សាយផ្ទាល់តាមទូរទស្សន៍ លោក លី បានលើកឡើងថា ការបោះឆ្នោតពេលនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលថ្មី នូវអាណត្តិ៥ឆ្នាំថ្មី ដែលផ្តោតលើរបៀបវារៈជាតិ និងការសម្រេចចិត្តដ៏លំបាកផ្សេងៗនាកាលៈទេសៈកូវីដ-១៩នេះ។
នៅមុនការរៀបចំនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត លោក លី បានមានប្រសាសន៍ថា លោកនឹងធានាឲ្យបាននូវបញ្ហាពីរ គឺអ្នកបោះឆ្នោតអាចបោះឆ្នោតដោយសុវត្ថិភាព និងគណបក្សនយោបាយអាចធ្វើយុទ្ធនាការដោយប្រសិទ្ធភាព។
ក្រោយការស្នើរបស់លោក លី លោកស្រី Halimah ក៏បានប្រកាសរំលាយសភាភ្លាម និងកំណត់ថ្ងៃទី៣០ ខែមិថុនា ជាថ្ងៃប្រកាសបេក្ខជនចូលរួមការបោះឆ្នោត។
ការបោះឆ្នោតនឹងធ្វើនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ក្រោយការប្រកាសបេក្ខជន បក្សនយោបាយទាំងអស់ នឹងចាប់ផ្ដើមយុទ្ធនាការរកសំឡេងឆ្នោត។ ថ្ងៃទី៩ ខែកក្កដា ជាថ្ងៃស ដែលមិនអនុញ្ញាតឲ្យមានសកម្មភាពនយោបាយអ្វីឡើយ។
គិតត្រឹមថ្ងៃទី២៣ ខែមិថុនា នេះ សិង្ហបុរី មានករណីឆ្លង COVID-19 ជាង៤២០០០ករណី ស្លាប់២៦នាក់ និងសះស្បើយជាង៣៥០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com