COVID-19
ជាតិ
សម្ដេច ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន នឹង​ប្រជុំ​ពាក់ព័ន្ធ​បញ្ហា​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​វីដេអូ​
24, Jun 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន នឹង​បើកប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ​«​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​» តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៦ មិថុនា​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។​


​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្នាក់ដឹកនាំ​អាស៊ាន​ផ្ដោតលើ​ការយកចិត្តទុកដាក់​ដោះស្រាយ​ជំងឺ​កូ​វីដ​-១៩ ដែល​រាតត្បាត​ជា​សាកល និង​ការស្ដារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​បញ្ចប់​ជំងឺ​នេះ រួមទាំង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ និង​សហគមន៍​ពិភពលោក​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ប្រជុំ​៤​ប្រធានបទ រួមមាន​៖ សម័យប្រជុំ​ពិសេស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ស្តីពី​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល , កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​សភា​អន្តរ​អាស៊ាន​, កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​យុវជន​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​ក្រុមប្រឹក្សា​យោបល់​ធុរកិច្ច​អាស៊ាន​។​
 
​ដោយឡែក​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក៏​នឹងមាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន​លើក​ទី​២១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៦ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​២៤ មិថុនា​ដែរ​៕

Tag:
 អាស៊ាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com