COVID-19
អន្តរជាតិ
លោក ត្រាំ ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នៅតែអនុវត្តដដែល រូបភាព Xinhua
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ជដំណាក់កាលទីមួយជាមួយចិន នៅតែបន្តអនុវត្តដដែល។ លោក ត្រាំ អះអាងបែបនេះបន្ទាប់ពីទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន Peter Navarro ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកស្រង់សម្ដីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានចប់ហើយ គឺចាប់តាំងពីចិនបញ្ជូនអ្នកជំងឺ COVID-19 មកអាមេរិក។ ប៉ុន្តែទីប្រឹក្សារូបនេះបកស្រាយថា សារព័ត៌មានអាមេរិកស្រង់សម្ដីលោកខុស។
កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន និងអាមេរិកដំណាក់កាល១ ត្រូវបានចុះហត្ថលេខា តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មកម្លេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកតំណាងចរចាពាណិជ្ជកម្មចិន-អាមេរិក លោក Liu He។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិន យល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិក ក្នុងទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំ។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បានចប់។ បើតាមការពន្យល់របស់មន្ត្រីពាណិជ្ជកម្មរូបនេះ ស្ថានភាពបានផ្លាស់ប្តូរ នៅពេលអាមេរិក បានដឹងឮពីការរាតត្បាតនៃ COVID-19 នៅអាមេរិក ដែលកើតឡើងបន្ទាប់ពីអ្នកតំណាងចិន បានចាកចេញពីអាមេរិក នៅពេលចប់ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់មួយកាលពីខែមករា។
ក្នុងកិច្ចសម្ភាសដដែលនេះ លោក Navarro បានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានចប់តាំងពីចិន បានបញ្ជូនអ្នកជំងឺ COVID-19 ជាច្រើនពាន់នាក់មកអាមេរិក ដើម្បីរាតត្បាត COVID-19 មកម្លេះ ពោលគឺក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីអាមេរិកមាន COVID-19 ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ផ្ទុយពីការលើកឡើងរបស់ទីប្រឹក្សាសេតវិមាន លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនៅតែមានជីវិតនៅឡើយ។ លោក ត្រាំ បានសរសេរនៅបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ចសម្ភាសរបស់ លោក Navarro បានអះអាងយ៉ាងដូច្នេះថា៖ « កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាមេរិក គ្មានខូចខាតអ្វីឡើយ។ សង្ឃឹមថា ពួកគេ (ចិន) នឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ»។
យ៉ាងណាក្ដី លោក Peter បានចេញសេចក្តីថ្លែងការណ៍បកស្រាយថា កិច្ចព្រមព្រៀងនៅតែបន្តដដែលទេ។ ប៉ុន្តែការលើកឡើងរបស់លោកពាក់ព័ន្ធកិច្ចព្រមព្រៀងបានបញ្ចប់នោះ គឺត្រូវបានគេដងស្រង់មកខុសពីអ្វីដែលលោកចង់សំដៅដល់។ ប៉ុន្តែលោកបានបញ្ជាក់ថា ចិនគ្មានអ្វីទាំងអស់ ដើម្បីធ្វើតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាមេរិក ក៏ខ្វះទំនុកចិត្តលើបក្សកុម្មុយនិស្តចិនផងដែរ បន្ទាប់ពីទីក្រុងប៉េកាំង បានកុហកពីដើមកំណើតនៃ COVID-19 និងបង្កឲ្យមានការរីកសាយភាយនៅលើពិភពលោក។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងអាមេរិក និងចិន មានភាពល្អក់កករយ៉ាងខ្លាំង។ បញ្ហាចម្រូងចម្រាសរបស់ប្រទេសទាំងពីរមានដូចជា បញ្ហាដើមកំណើត COVID-19 ការគ្រប់គ្រង COVID-19 របស់ចិនមិនបានល្អ និងបញ្ហាច្បាប់សន្តិសុខជាតិហុងកុងជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com