COVID-19
ជាតិ
ចិន ថា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន មានភាពល្អប្រសើរ
× ភ្នំពេញ៖ ចិន ថា កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងចិន និងកម្ពុជា មានភាពល្អប្រសើរ ក្នុងរយៈពេល១ឆ្នាំនេះ។ ការវាយតម្លៃលើកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ មិថុនា។
លោក Wang Wentain បានវាយតម្លៃថា ក្នុងរយៈពេលមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ពិតជាទទួលបាននូវលទ្ធផលល្អប្រសើរ ទោះបីកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។ បើតាមលោក Wang Wentain ការសម្រេចបានលទ្ធផលល្អប្រសើរនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះថា៖« កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ លើវិស័យថែរក្សាសន្តិសុខទៅអនាគត»។
កម្ពុជា នឹងបន្តជំរុញឱ្យកងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរួមគ្នា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីស្ថិតនៅក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្តី។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
សម្ដេច ស ខេង អះអាងថា កិច្ចសហប្រតិបត្តិការ តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរ នឹងធ្វើឱ្យទំនាក់ទំនងទ្វេរភាគីកាន់តែរឹងមាំថែមទៀត ទាំងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃផ្ទាល់»។
តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆរបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងភ្នាល់អនឡាញ បទល្មើសសង្គមងងឹត និងការចាប់ជំរិតទារប្រាក់ជាដើម។ មុនពេលផ្ទុះករណីកូវីដ-១៩ នៅកម្ពុជានោះ អាជ្ញាធរក៏បានឃាត់ជនសង្ស័យជនជាតិជាង៦០០នាក់ និងបញ្ជូនចេញពីកម្ពុជា ជាង៤០០នាក់ដែរ កាលពីខែមករា ដើមឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អាជ្ញាធរ បានចាប់បញ្ជូនជនជាតិចិនខុសច្បាប់ ជាង១០០០នាក់ចេញពីកម្ពុជាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com