កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស ដាក់​គោលដៅ​ដណ្តើមយក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
24, Jun 2020 , 8:29 am        
រូបភាព
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង (រូបក្នុងរង្វង់)និងសកម្មភាពប្រកួតរបស់កីឡាករសូហ្វតិន្នីស
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង (រូបក្នុងរង្វង់)និងសកម្មភាពប្រកួតរបស់កីឡាករសូហ្វតិន្នីស
ដោយ:
​អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​លោក ជា ប៊ុនហេង បានដាក់​គោលដៅ​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឺ​ត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។ ដ្បិត​លោក​សង្កេតឃើញថា វិស័យ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​បច្ចុប្បន្ន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​វៀតណាម​ដាក់​កីឡា​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១​។​

 
​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ហាក់​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដឹកនាំ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឈានទៅរក​ភាពជោគជ័យ​នៅលើ​ឆាក​អន្តរជាតិ​។ លោក​ជឿជាក់ថា ក្រុម​កីឡាករ​សូ​ហ្វ​តិ​ន្នី​សនឹង​អាច​ឈានទៅ​ដណ្តើមយក​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ជា​ជំហាន​ដំបូង លោក នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​វៀតណាម ដើម្បី​ដាក់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២១ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។ ព្រោះ​លោក​យល់ថា ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២១ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុងការ​ធ្វើតេស្ត​សមត្ថភាព​កីឡាករ ក៏ដូចជា​ស្វែងរក​ចំណុចខ្សោយ​របស់​ពួកគេ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០២៣​។ 
 
«​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នៅ​វៀតណាម​យើង​កំពុង Lobby(​បញ្ចុះបញ្ចូល​)​ឲ្យ​ដាក់​កីឡា​សូ​ហ្វ​តិ​ន្នី​ស យើង​កុំ​រង់ចាំ​ដល់​ឆ្នាំ​២០២៣ វា​នៅ​ឆ្ងាយ​ណាស់​។ ស៊ី​ហ្គេម​ឆ្នាំ​២០២១ បើ​មាន​(​សូ​ហ្វ​តិ​ន្នី​ស​)​យើង​អាច​ដណ្តើមយក​មេដាយ​បាន ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ដណ្តើម​មេដាយមាស​ឲ្យ​បាន [​អា​នឹង​បាន​វា​ពូកែ​]»​។ លោក ជា ប៊ុនហេង បានបង្ហាញ​ក្តី​រំពឹង​បែបនេះ​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០២០ កាលពីពេល​កន្លងទៅ​ថ្មីៗ​។ 
 
​ការ​ហ៊ាន​ដាក់​គោលដៅ​ខ្ពស់​បែបនេះ ធ្វើឡើង​ក្រោយ​អនុប្រធាន​ទី​១​សហព័ន្ធ​រូបនេះ សង្កេតឃើញ​ពី​ការវិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​របស់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការ​ឈ្នះ​មេដាយ​ជា​បន្តបន្ទាប់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​និង​យុវជន​ថ្នាល​ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក អាស៊ី និង​អាស៊ាន វា​ក៏​ជា​កត្តា​មួយ​ក្នុង​ការជួយ​ជំរុញ​ឲ្យ​លោក​ហ៊ាន​ដាក់​ក្តី​រំពឹង​បែបនេះ​ផងដែរ​។ 
 
​លោក​បាន​បន្ថែមថា​៖«​យើង​អាច​វាយតម្លៃ​បាន​ថា គិត​មកទល់ពេលនេះ​វិស័យ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ពិតជា​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​កន្លងមក​យើង​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពីរ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​(​ឆ្នាំ​២០១៩)​។ និយាយ​រួម រាល់​ព្រឹត្តិការណ៍​ប្រកួត ដែល​ក្រុម​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​ចូលរួម តែងតែ​ទទួលបាន​លទ្ធផល​ជា​មេដាយ​»​។ 
 
​ទន្ទឹម​នឹងដាក់​ក្តី​រំពឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់​ខិតខំ​ព្យាយាម​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ដ្បិត​លោក​យល់ថា ភាពជោគជ័យ ឬ​គោលដៅ​មួយ​អាច​សម្រេច​ទៅបាន វា​អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ ក្រោម​ការជួយ​ជំរុញ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​។ 
 
​សូ​ហ្វ​តិ​ន្នី​ស​ជា​កីឡា​មួយ​ប្រភេទ​ក្នុងចំណោម​១៧​ប្រភេទ ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ចាត់ថ្នាក់​ជា​ប្រភេទ​កីឡា​សក្តានុពល​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជូន​ជាតិ​មាតុភូមិ​៕   
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com